- ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៤:៣៥ នាទី រសៀល

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃ លោក Phumtham Wechayachai នៅថ្ងៃទី៤ ខែមិថុនា បានបញ្ជាក់ពីគោលនយោបាយរបស់ថៃ មិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយទទួលយកយន្តការទ្វេភាគី ដែលមានស្រាប់ប៉ុណ្ណោះ ដូចជា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ជាដើម។
ក្រោយរដ្ឋាភិបាលថៃចេញសេចក្តីថ្លែងការណ៍លើការប៉ះទង្គិចប្រដាប់អាវុធនៅតំបន់ព្រំដែនជាមួយកម្ពុជា លោក លោក Phumtham Wechayachai បានបញ្ជាក់ជាថ្មីពីគោលនយោបាយរបស់ថៃ មិនទទួលស្គាល់តុលាការយុត្តិធម៌ ICJ។
«យើងត្រូវតែចៀសវាងការលេងទៅក្នុងល្បែងរបស់ពួកគេ (កម្ពុជា)»។ លោក Phumtham បានសង្កត់ធ្ងន់បែបនេះ។ បើតាមរដ្ឋមន្រ្តីការពារជាតិថៃ ថៃត្រូវតែដោះស្រាយម្តងមួយជំហានៗ បើបរាជ័យ ត្រូវរកមធ្យោបាយផ្សេង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
បើសិនគ្មានការប្រែប្រួលទេ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមិថុនា នៅរាជធានីភ្នំពេញ។
បន្ទាប់ពីបំពេញទស្សនកិច្ចនៅជប៉ុន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១ ខែមិថុនា បានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ យន្តការដោះស្រាយជម្លោះព្រំដែននៅតុលាការអន្តរជាតិបែបនេះ ត្រូវបានថ្នាក់ដឹកនាំកម្ពុជា និងប្រជាជនគាំទ្រយ៉ាងខ្លាំង។
សូមបញ្ជាក់ថា នៅក្នុងការប៉ះទង្គិចប្រដាប់អាវុធនៅថ្ងៃទី២៨ ខែឧសភា កងទ័ពថៃ បានបាញ់មកលើលេណដ្ឋានរបស់កម្ពុជាមុន។ កម្ពុជា បានថ្កោលទោស និងទាមទារឱ្យថៃស៊ើបអង្កេតលើករណីបាញ់ប្រហារនេះ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
