- ថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៥ ខែមិថុនា បានព្រមានលុបកុងត្រារដ្ឋាភិបាល ជាមួយក្រុមហ៊ុនរបស់មហាសេដ្ឋី លោក Elon Musk។ ជាការឆ្លើយតប មហាសេដ្ឋីរូបនេះ បានអំពាវនាវឱ្យដកតំណែងលោក ត្រាំ ជាប្រធានាធិបតី។
ធ្លាប់តែមានទំនាក់ទំនងដ៏ល្អនៅពេលយុទ្ធនាការឃោសនាបោះឆ្នោត ពេលនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក កំពុងមានជម្លោះពាក្យសម្តីជាមួយមហាសេដ្ឋី លោក Elon Musk ដែលធ្លាប់ធ្វើជាទីភ្នាក់ងារប្រសិទ្ធភាពការងារ (Doge) របស់លោក ត្រាំ។ ជម្លោះរវាងលោក Elon និង លោក ត្រាំ កើតមានជុំវិញបំណុលជាតិ និងការចំណាយរបស់រដ្ឋាភិបាល។
«វិធីដ៏ងាយស្រួលបំផុតក្នុងការសន្យំកញ្ចប់ថវិការាប់ពាន់លានដុល្លារ គឺផ្តាច់ឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងកុងត្រា ទៅក្រុមហ៊ុនរបស់លោក Elon»។ ប្រធានាធិបតីអាម៉េរិក បានសរសេរបែបនេះ លើបណ្តាញសង្គម Truth Social នៅថ្ងៃទី៥ ខែមិថុនា។ជាការឆ្លើយតប លោក Elon បានអំពាវនាវឱ្យដកតំណែងលោក ត្រាំ ពីប្រធានាធិបតី។ ជាការពិត ការដកតំណែងលោក ត្រាំ មិនមែនជារឿងងាយស្រួលឡើយ ដ្បិតបក្សសាធារណរដ្ឋពេលនេះ បានគ្រប់គ្រងសភាទាំងពីរថ្នាក់។
បន្ទាប់ពីជម្លោះពាក្យសម្តីរវាងលោក ត្រាំ និងលោក Elon បង្ហាញជាសាធារណៈ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះចំនួន ១៤ភាគរយ។ នៅលើបណ្តាសង្គម X លោក Elon បានអះអាងថា ប្រសិនបើគ្មានរូបលោក ដែលបានចំណាយថវិកាអស់ ៣០០លានដុល្លារ លោក ត្រាំ នឹងមិនជាប់ឆ្នោតជាថ្មីឡើយ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
