- ថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៩:០៩ នាទី យប់

សៀមរាប៖ Angkor Wildlife & Aquarium ជាទីតាំងទស្សនាសត្វធំជាងគេក្នុងខេត្តសៀមរាប។ ទីតាំងនេះ មានសត្វច្រើនប្រភេទ រួមទាំងត្រីទឹកសាប ត្រីទឹកប្រៃ សត្វព្រៃ និងសត្វល្មូនជាដើម។ លើសពីការទស្សនាសត្វ Angkor Wildlife & Aquarium ក៏ជាកន្លែងសិក្សាស្វែងយល់ពីសត្វ និងនាំភ្ញៀវទេសចរឱ្យស្គាល់ប្រភេទសត្វក្នុងស្រុកកាន់តែច្រើន។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
លោក កូរ ផល្លីស អ្នកសម្របសម្រួលទីផ្សារ និងការលក់នៃ Angkor Wildlife & Aquarium បានលើកឡើងថា នៅទីតាំងនេះភាគច្រើនជាសត្វក្នុងស្រុក ប្រភេទសត្វកម្រ ដែលកំពុងប្រឈមការផុតពូជ។ ចំណែកឯសត្វនាំចូលពីបរទេសមានចំនួនតិចបំផុត ដែលបានមកពីការជួយសង្រ្គោះ និងបន្តអភិរក្ស។
លោក កូរ ផល្លីស លើកឡើងដូច្នេះថា៖ «តិចមែនទែនសម្រាប់ប្រភេទសត្វដែលយើងនាំចូលពីក្រៅ ហើយសត្វនាំចូលហ្នឹង ជាក់ស្ដែងមិនមែនសត្វយើងនាំចូលផ្ទាល់ទេ គឺសត្វសង្រ្គោះបាន ដូចជាសត្វទោច បង្កួយបៃតង ឬបង្កួយយក្ស និងអណ្ដើកត្រចៀកក្រហម […]។ សត្វទាំងនេះចូលមកដែនជម្រកកម្ពុជាតាមរយៈ ការទិញដូរសត្វចិញ្ចឹម»។
បើតាមលោក ផល្លីស Angkor Wildlife & Aquarium បង្កើតឡើងមិនមែនសម្រាប់បម្រើវិស័យទេសចរណ៍ប៉ុណ្ណោះឡើយ ប៉ុន្តែក៏ជាទីតាំងសម្រាប់ឱ្យសិស្សចាប់អារម្មណ៍ចង់ស្វែងយល់ និងសិក្សាពីសត្វ និងនាំឱ្យភ្ញៀវទេសចរជាតិ-បរទេសស្គាល់ប្រភេទសត្វនៅកម្ពុជាកាន់តែច្រើន។
Angkor Wildlife & Aquarium មានទីតាំងស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប និងមានចម្ងាយជាង ២០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប។ ទីតាំងនេះ មានអាងពិព័រណ៍ត្រីទឹកសាប និងត្រីទឹកប្រៃ ឧទ្យានសត្វ និងផ្ទះល្មូនជាដើម៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
