ជើងសសរនៅរួតបាកានអង្គរវត្តចំនួន១០កំពុងជួសជុល អភិរក្សឡើងវិញ
  • ថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ជើងសសរនៅរួតបាកានអង្គរវត្តចំនួន១០កំពុងជួសជុល អភិរក្សឡើងវិញ
ការជួសជុលជើងសសរនៅរួតបាកានអង្គរវត្ត

សៀមរាប៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បាននិងកំពុងជួសជុលជើងសសរនៅជាន់រួតបាកានអង្គរវត្ត ដែលកំពុងមានហានិភ័យខ្ពស់។

TTN-Free-Banner-In-Article-PC

មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារដឹកនាំការជួសជុលជើងសសរនៅជាន់ រួតបាកាន លោក សយ សុភារិន្ទ បានឱ្យដឹងថា ជើងសសរនៅរួតបាកានអង្គរវត្ត​ដែលបាននិងកំពុងជួសជុលសរុបមានចំនួន១០ ដែលសុទ្ធសឹងមានហានិភ័យខ្ពស់។ លោកបន្ថែមថា សសរខ្លះមានការពុកផុយ ប្រហោងក្នុង និងប្រេះ ដែលជាចំណុចហានិភ័យខ្លាំង ដ្បិតសសរមានតួនាទីទល់ទ្រតួប្រាសាទទាំងមូល។ លោក សយ សុភារិន្ទ៖« បើសិនមិនទប់ស្កាត់​កត្តាពុកផុយទេ វាកាន់តែពុកផុយទៅៗ ពិសេសជើងក្រោមសសរ។ សសរខ្លះវាស៊ីមួយចំហៀង ឬ៣ចំហៀង»។ 

តាមការបកស្រាយរបស់លោក សយ សុភារិន្ទ មូលហេតុដែលបណ្ដាលឱ្យជើងសសរនៅរួតបាកាន ក៏ដូចជានៅជាន់ផ្សេងទៀតដូចជាព្រះពាន់ មានសភាពពុកផុយ និងខ្លះរបេះជាស្រទាប់ៗនោះ រួមមានកត្តាធម្មជាតិ អាយុកាលនៃថ្ម ណាមួយជាធម្មជាតិរបស់ថ្មភក់វាជាថ្មដែលកើតឡើងដោយសារ កាតចាក់បង្គរមានស្រទាប់ ដូច្នេះឆ្លងកាត់ពេលវេលារាប់សិបឆ្នាំ វាបានរបេះជាស្រទាប់ៗ។ កត្តាផ្សេងទៀត ដូចជា ទឹកភ្លៀងដែលនាំមកសារធាតុអំបិល និងអាស៊ីត។ លាមក និងទឹកនោមប្រចៀវ​រាប់សិបឆ្នាំ និងពុំមានការថែទាំដិតដល់នាពេលកន្លងមក ក៏ជាដើមហេតុនៃការធ្វើឱ្យថ្មពុកផុយបានដែរ។ 

សម្រាប់បញ្ហាសត្វប្រចៀវនៅប្រាសាទអង្គរវត្ត កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានរៀបចំសំណាញ់ ដាក់នៅតាមពិដានប្រាសាទនៅរាល់ចំណុចដែលសត្វនេះទុំច្រើន ក្នុងបំណងបណ្ដេញវាឱ្យទៅរស់នៅ កន្លែងផ្សេង។ ការងារនេះ បានទប់ស្កាត់មួយផ្នែកធំ ដេញហ្វូងសត្វប្រចៀវកុំឱ្យរស់នៅក្នុងប្រាសាទ ហើយក៏លែងមានលាមក និងទឹកនោម បង្កជាក្លិន ពិសេសនោះបង្កើតជាអាស៊ីត និងអំបិល ទៅរស៊ីរូងថ្មប្រាសាទ។ នេះបើតាមការលើកឡើងរបស់លោក សុភារិន្ទ។

ចំពោះការងារជួសជុល និងអភិរក្សជើងសសរនៅរួតបាកាននេះដែរ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានកាត់ និងបិទថ្មថ្មីមួយចំនួន។ សសរខ្លះទៀតគ្រាន់តែពង្រឹង ដូចជាបាញ់កាវបញ្ចូលក្នុងសាច់ថ្ម និងបិទបាយអរ បង្ការកុំឱ្យទឹកជ្រាបចូលនៅកន្លែងដែលមានស្នាមប្រេះ។ លោក សុភារិន្ទ ពន្យល់បន្ថែម៖« ការបិទថ្មថ្មីបន្ថែមកន្លែងដែលសឹងគឺសំខាន់មែនទែន ការពារកុំឱ្យទឹកវាជ្រាបទៅក្នុងគល់សសរតទៅទៀត មួយទៀតកាត់បន្ថយទម្ងន់ វាជួយទ្រទម្ងន់ពីលើមកដែរ»។ 

នេះជាដំណាក់កាលទី១ ដែលក្រុមការងាររបស់លោក សយ សុភារិន្ទ​បានជ្រើសរើស១០សសរ​នៅជាន់បាកាននេះសម្រាប់ជួសជុល។ គិតត្រឹមថ្ងៃទី២ មិថុនា ការងារជួសជុលសម្រេចបាន៩សសរ គិតជាទំហំការងារប្រហែល៨០ភាគរយ។ ការងារនេះបានចាប់ផ្តើមនៅខែកុម្ភៈ ដើមឆ្នាំ២០២៥។ 

ទោះបីមានហានិភ័យខ្ពស់ដូចៗគ្នាក៏ពិតមែន ប៉ុន្តែលោក សុភារិន្ទ ពន្យល់ថា សសរមួយទៅមួយ មានបែបបទក្នុងការជួសជុលផ្សេងៗគ្នា មិនអាចចេះតែជួសជុល ឬអភិរក្សនោះទេ។ លោក សុភារិន្ទ រៀបរាប់ដូច្នេះថា៖« ការជួសជុលសសរមួយៗវាមានលក្ខណៈខុសគ្នា សសរខ្លះយើងអត់​ត្រូវការបិទថ្មបន្ថែមទេ យើងត្រូវការការអភិរក្ស ជួសជុល និងសង្រ្គោះបន្ទាន់។ សសរខ្លះមានហានិភ័យ​មែនទែន វាស៊ីផ្តាច់ជ្រុងទាំងអស់ ដូចនៅជ្រុងនិរតី យើងអត់ហ៊ានកាត់ថ្មពុកផុយចេញ ដើម្បីបិទថ្មថ្មីទេ ប្រហែលសុំការពិភាក្សា និងក្រុមហានិភ័យមកជួយមើលដើម្បីផ្តល់មតិយោបល់​ព្រោះវាមាន​ហានិភ័យខ្ពស់»។

សូមបញ្ជាក់ថា រួតបាកានប្រាសាទអង្គរវត្តមានកម្ពស់ប្រមាណ ៦៥ម៉ែត្រ និងជាកន្លែងដ៏ទាក់ទាញ​សម្រាប់ទេសចរ។ ទេសចរតែងឡើងទៅលើប្រាង្គកណ្ដាលនេះដើម្បីទស្សនាទិដ្ឋភាពពីខាងលើមកក្រោម ដ៏ស្រស់ស្អាត។ ពលរដ្ឋ និងអ្នកទេសចរក៏តែងឡើងដើម្បីបូជាព្រះនៅជាន់នេះដែរ៕


អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី