អនាគតបេក្ខជនប្រធានាធិបតីកូឡុំប៊ី ត្រូវខ្មាន់កាំភ្លើងបាញ់ ២គ្រាប់ ចំក្បាល
  • ថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
អនាគតបេក្ខជនប្រធានាធិបតីកូឡុំប៊ី ត្រូវខ្មាន់កាំភ្លើងបាញ់ ២គ្រាប់ ចំក្បាល
លោក មីរ៉ែល អ៊ុយរីប សមាជិកព្រឹទ្ធសភាពីគណបក្សស្តាំនិយម ត្រូវខ្មាន់កាំភ្លើងបាញ់ ២គ្រាប់ ចំក្បាល។ © RAUL ARBOLEDA / AFP

នៅកូឡុំប៊ី អនាគតបេក្ខជនប្រធានាធិបតីមកពីគណបក្សស្តាំនិយម ត្រូវខ្មាន់កាំភ្លើង​បាញ់​ចំនួន​៣គ្រាប់ ក្នុងនោះ ២គ្រាប់ ចំក្បាល ដែលបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយកើត​ហេតុ​ភ្លាមៗ សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់។ ក្រសួងមហាផ្ទៃកូឡុំប៊ី​បានចាត់ទុក​ហេតុ​ការណ៍​បាញ់ប្រហារនេះ ជាអំពើភេរវកម្ម។ សហរដ្ឋអាមេរិក​ក៏បានប្រតិកម្មរិះគន់ចំពោះអ្នក​នយោបាយឆ្វេងនិយមនៅកូឡុំប៊ី។

TTN-Free-Banner-In-Article-PC

នៅកូឡុំប៊ី លោក មីរ៉ែល អ៊ុយរីប (Miguel Uribe) ជាសមាជិកព្រឹទ្ធសភាពីគណបក្សស្តាំនិយម និង ជាអនាគតបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោត នៅខែឧសភា ឆ្នាំ២០២៦ ត្រូវខ្មាន់កាំភ្លើងបាញ់ ២គ្រាប់ ចំក្បាល និង ១គ្រាប់ទៀតចំជង្គង់ ដែលបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍បាញ់ប្រហារនេះ កើតឡើង នៅថ្ងៃសៅរ៍ ទី៧ មិថុនា អំឡុងពេល​អ្នកនយោបាយដ៏លេចធ្លោរូបនេះ កំពុងតែ​ថ្លែងសុន្ទរកថា ក្នុងយុទ្ធនាការជួបជុំអ្នកគាំទ្រ នៅខាងលិចទីក្រុង Bogota។

ក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមបង្ហាញថាអ្នកនយោបាយវ័យ ៣៩ឆ្នាំ រូបនេះ ត្រូវរថយន្ត​សង្គ្រោះបន្ទាន់ ដឹកទៅ​ព្យាបាល​នៅ​គ្លីនិកមួយកន្លែង ទីក្រុង Bogota។ លោកចៅហ្វាយក្រុង Bogota បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានវះកាត់ លោក មីរ៉ែល អ៊ុយរីប និងយកគ្រាប់កាំភ្លើងចេញរួចរាល់ហើយ។ ក៏ប៉ុន្តែ សមាជិកព្រឹទ្ធសភារូបនេះ មិនទាន់បានដឹងខ្លួននៅឡើយទេ។ 

ចំណែឯភិរយារបស់លោកបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ស្វាមី​លោកស្រីកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរប៊ិះរស់ប៊ិះស្លាប់។

ក្រោយពីកើតហេតុភ្លាមៗ អង្គរក្សរបស់លោក មីរ៉ែល អ៊ុយរីប បានចាប់​ឃាត់ខ្លួនជនដៃដល់ និង បានបញ្ជូនខ្លួនឲ្យសមត្ថកិច្ចនៅមូលដ្ឋាន។ ខ្មាន់កាំភ្លើង ជាអនី​តិជន បានបាញ់ប្រហារសមាជិកព្រឹទ្ធសភា នៅម៉ោង ៥និង៣០នាទីល្ងាច ម៉ោងនៅកូឡុំប៊ី។ ក្រៅពីលោក មីរ៉ែល អ៊ុយរីប ក៏មាន​មនុស្សពីរនាក់ផ្សេងទៀត ប្រុសម្នាក់និងស្រ្តីម្នាក់ ​រងរបួសដែរ។ នគរបាលបានរកឃើញកាំភ្លើងខ្លីមួយដើម នៅនឹងកន្លែងកើតហេតុ។ នេះបើតាមការបញ្ជាក់របស់អគ្គស្នងការគរបាលកូឡុំប៊ី។ 

 ក្រសួងការពារជាតិបានលើកឡើងថា គេមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ ហើយកងកម្លាំងសន្តិសុខជាតិកំពុងដុតដៃដុតជើងស៊ើបអង្កេតរឿងនេះ។

រីឯ ក្រសួងមហាផ្ទៃកូឡុំប៊ីបានចាត់ទុកហេតុការណ៍បាញ់ប្រហារនេះ ជាអំពើភេរវកម្ម និង បានប្រកាសនៅលើបណ្តាញសង្គម X ថា អាជ្ញាធរនឹងជូនរង្វាន់ប្រមាណ ៣ពាន់លាន Peso ស្មើនឹងប្រមាណ ៦៤ម៉ឺនអឺរ៉ូ ដល់អ្នកផ្តល់ព័ត៌មានឈានទៅចាប់ខ្លួនមេក្លោងដែលបានបញ្ជាបាញ់លោក មីរ៉ែល អ៊ុយរីប។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Gustavo Petro ប្រធានាធិបតីកូឡុំប៊ីមកពីគណបក្សឆ្វេងនិយម បានថ្កោលទោសអំពើហិង្សានេះ មិនត្រឹមតែជាការវាយប្រហារលើសមាជិកព្រឹទ្ធសភាប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ សេរីភាពក្នុងការបញ្ចេញមតិ និង ការអនុវត្តនយោបាយស្របច្បាប់ នៅក្នុងប្រទេសកូឡុំប៊ីដែរ។

ចំណែកឯ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ (Marco Rubio) បានថ្កោលទោសក្រុមឆ្វេងនិយមកូឡុំប៊ី។ ប្រមុខការបរទេសអាមេរិក បានបន្តទៀតថា នេះគឺជាការគំរាមកំហែងដោយផ្ទាល់ចំពោះ​លទ្ធិប្រជាធិបតេយ្យ។ 

ការបំផុសគំនិតឲ្យមានអំពើហិង្សាដ៏ឃោរឃៅនេះ កើតចេញពីវោហារសាស្ត្រ​នយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលកូឡុំប៊ី ដែល​មកពីគណបក្សឆ្វេងនិយម។ លោក ម៉ារកូ រូប៊ីយ៉ូ ក៏បានអំពាវនាវដល់ប្រធានាធិបតីកូឡុំប៊ី​ ឲ្យបន្ថយការសាបព្រោះ​ពាក្យ​សម្តី​បែប​បញ្ឆេះកំហឹង និង ព្យាយាម​ការពារសុវត្ថិភាព​មន្ត្រីសាធារណៈកូឡុំប៊ី។

ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិនិងថ្នាក់ដឹកនាំបរទេសមួយ​ចំនួន​ ក៏បានបញ្ចេញសារ​ថ្កោលទោសចំពោះហេតុការណ៍បាញ់ប្រហារលើអ្នកនយោបាយកូឡុំប៊ីនេះដែរ៕


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

Other