២ប្រកួត នារីភ្នំពេញក្រោន រកបានគ្រាប់បាល់សរុប ៣០គ្រាប់
  • ថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៣៩ នាទី រសៀល
២ប្រកួត នារីភ្នំពេញក្រោន រកបានគ្រាប់បាល់សរុប ៣០គ្រាប់
ក្រុមភ្នំពេញក្រោន រូបពី Cambodian Women's League

គិតត្រឹមសប្ដាហ៍ទី២ នៃការប្រកួតពានរង្វាន់លីគនារីកម្ពុជា ឆ្នាំ២០២៥ ភ្នំពេញក្រោន ឈរ នៅលេខ១ បណ្ដោះអាសន្ន ដែលមានពិន្ទុ៦គ្រាប់ ស្មើគ្នាជាមួយ វិសាខា ដែលនៅចំណាត់ ថ្នាក់លេខ២។ ក្នុងសប្ដាហ៍ទី២នេះ ក្រុមនារីភ្នំពេញក្រោន លុតក្រុមសមាគមបាល់ទាត់ខេត្ត​កណ្ដាល លទ្ធផល ២៧-០ កាលពីថ្ងៃទី៧ មិថុនា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Smart RSN។

TTN-Free-Banner-In-Article-PC

នារីភ្នំពេញក្រោន ឈ្នះ ២ប្រកួតជាប់គ្នា។ ត្រឹមតែ២ប្រកួត ភ្នំពេញក្រោន រកបាន ៣០គ្រាប់ ខណៈសំណាញ់ទីក្រុមនេះ មិនទាន់មានគូប្រកួតទាត់បញ្ចូលឡើយ។ កាលពីថ្ងៃទី៧ មិថុ​នា ក្រុមនេះ បានយកឈ្នះ សមាគមបាល់ទាត់ខេត្តកណ្ដាល លទ្ធផល ២៧-០ នៅកីឡ​ដ្ឋាន Smart RSN។

ដោយឡែក ការប្រកួតបើករដូវកាល នាសប្ដាហ៍ទី១ កាលពីថ្ងៃទី៣១ ខែឧសភា ក្រុមនេះ បាន​​​​យកឈ្នះ ក្រុមនារីព្រះខ័នរាជស្វាយរៀង លទ្ធផល៣-០ នៅកីឡដ្ឋានខេត្តស្វាយរៀង។

នៅសប្ដាហ៍ទី២ នាថ្ងៃទី៧មិថុនា វិសាខា បានយកឈ្នះ ​សមាគមបាល់ទាត់មីស្ទើរលេង នៅ​មជ្ឈមណ្ឌលហ្វឹកហាត់វិសាខា។

កីឡាការិនីភ្នំពេញក្រោន ពាក់អាវក្រហម ប្រជែងបាល់ជាមួយសមាគមបាល់ទាត់ខេត្តកណ្ដាល

លុះចូលដល់ថ្ងៃទី៨ មិថុនា ណាហ្គាវើលដ៍ យកឈ្នះ​ក្លិបបាល់ទាត់សៀមរាប លទ្ធ​ផល​៤-០ នៅកីឡដ្ឋានណាហ្គាវើលដ៍ ខណៈព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើបឹងកេត លទ្ធ​ផល ២-២ នៅកីឡដ្ឋានខេត្តស្វាយរៀង។

 គិតត្រឹមសប្ដាហ៍ទី២នេះ ភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន មាន​៦​ពិន្ទុ ស្មើជាមួយវិសាខា នៅចំណាត់ថ្នាក់លេខ២។ រីឯចំណាត់ថ្នាក់លេខ៣ សមាគមបាល់​ទាត់​មីស្ទើរលេង មាន៣ពិន្ទុ តាមពីក្រោយដោយណាហ្គាវើលដ៍ មានពិន្ទុស្មើគ្នា នៅចំណាត់​ថ្នាក់លេខ៤។

 ចំណែកបឹងកេត ក្រុមនេះ មាន២ពិន្ទុ នៅចំណាត់ថ្នាក់លេខ៥។ ព្រះខ័នរាជស្វាយរៀង នៅ​ចំណាត់ថ្នាក់លេខ៦ និងក្លិបបាល់ទាត់សៀមរាប ចំណាត់ថ្នាក់លេខ៧ មាន១ពិន្ទុ ស្មើគ្នា។ សមាគមបាល់ទាត់ខេត្តកណ្ដាល នៅបាតតារាង ចំណាត់ថ្នាក់លេខ៨ មិនមានពិន្ទុ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ