- ថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

ទូកដឹកជំនួយមនុស្សធម៌មួយ បានធ្វើដំណើរតាមសមុទ្រជាច្រើនថ្ងៃ និងបានទៅជិតដល់ឆ្នេរតំបន់ហ្កាហ្សាហើយ តែត្រូវទាហានជើងទឹកអ៊ីស្រាអែល ហាមឃាត់ជាដាច់ខាត មិនឲ្យទូកនោះចុះចតនៅគោលដៅឡើយ និងបង្ខំឲ្យត្រឡប់ទៅកន្លែងដើមវិញ។ មានប្រវែង១៨ម៉ែត្រ ទូកមនុស្សធម៌នេះក៏មានសកម្មជនបរិស្ថាន កញ្ញា Greta Thunberg និងតំណាងរាស្ត្រអឺរ៉ុប រួមដំណើរផង។
ទូកដឹកជំនួយមនុស្សធម៌ ទៅឲ្យពលរដ្ឋហ្កាហ្សា ឈ្មោះថា Madleen បានចេញដំណើរពីកោះ Sicile របស់អ៊ីតាលី កាលពីចុងខែមេសា និងបានធ្វើដំណើរដល់ឆកសមុទ្រអេហ្ស៊ីប នៅថ្ងៃអាទិត្យ ទី៨មិថុនា។ ក្រៅពីដឹកជំនួយមនុស្សធម៌ ទូកនេះក៏មានបុគ្គលសំខាន់ៗនិងល្បីឈ្មោះរួមដំណើរផង តួយ៉ាង សកម្មជនការពារបរិស្ថានអាកាសធាតុ នាង Greta Thunberg ជនជាតិស៊ុយអែត និងមានអ្នកតំណាងរាស្ត្រសភាអឺរ៉ុបសញ្ជាតិបារាំងឈ្មោះ Rima Hassan ព្រមទាំងក្រុមជនជាតិផ្សេងៗទៀត ដូចជា អាល្លឺម៉ង់ ប្រេស៊ីល តួកគី អេស្ប៉ាញ និងហូឡង់ ក៏បានរួមដំណើរដែរ។
អ្នកតំណាងរាស្ត្រអឺរ៉ុប សញ្ជាតិបារាំង Rima Hassan បាននាំយកលិខិតចំហមួយដែលក្រុមសមាជិកសភាអឺរ៉ុប ជាង ២០០ នាក់ បានចុះហត្ថលេខា ដើម្បីស្នើសុំឲ្យអ៊ីស្រាអែល បើកផ្លូវច្រកផ្លូវសមុទ្រ យល់ព្រមឲ្យទូក Madleen អាចចូលចុះចត និងបែងចែកជំនួយមនុស្សធម៌ នៅតំបន់ហ្កាហ្សា។ ក៏ប៉ុន្តែ ខ្លឹមសារសំបុត្រនេះ ទំនងត្រូវរលាយដូចអំបិលត្រូវទឹក ដ្បិតថា ពេលទូក Madleen កាន់តែចូលកៀកក្បែរឆ្នេរតំបន់ហ្កាហ្សា តែទាហានអ៊ីស្រាអែលបានត្រៀមកម្លាំងរារាំងទុកមុនជាស្រេច។ នៅថ្ងៃអាទិត្យ ទី៨មិថុនា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israël Katz ប្រកាសបញ្ជាក់ជាថ្មីថា បានចេញបទបញ្ជាទៅឆ្មាំសមុទ្រ និងយោធាជើងទឹកអ៊ីស្រាអែល ឲ្យបញ្ជៀសទូកដឹកជំនួយមនុស្សធម៌នោះ កុំឲ្យចូលចតឆ្នេរតំបន់ហ្កាហ្សា ជាដាច់ខាត។
និយាយទៅកាន់បណ្តាជនអ្នកជិះលើទូកនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israël Katz បានស្រដីថា លោកពោលត្រង់ៗនិងច្បាស់ៗតែម្តងចំពោះនាង Greta Thunberg ដែលស្អប់ខ្ពើមជនជាតិជ្វីហ្វ និងក្រុមបក្សពួកដែលសុទ្ធសឹងតែជាអ្នកនាំពាក្យឲ្យក្រុមប្រដាប់អាវុធហាម៉ាស ត្រូវស្តាប់ឲ្យច្បាស់ថា ត្រូវតែធ្វើដំណើរត្រឡប់ថយក្រោយវិញជាប្រញាប់ ព្រោះពួកអ្នកឯងគ្មានផ្លូវចូលហ្កាហ្សា បានសោះឡើយ។ នេះបើតាមសម្តីលោក Israël Katz ដោយបញ្ជាក់ថា ពួកគេនៅលើទូកនោះនឹងមិនអាចទម្លុះរនាំងហាមឃាត់របស់ទ័ពអ៊ីស្រាអែល បានទេ។
ដោយមិនខ្វល់ពីការត្រួតពិនិត្យអ៊ីវ៉ាន់របស់របរ ឬស្បៀងចំណីអាហារនៅលើទូកជាមុន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israël Katz បាននិយាយប៉ាន់ស្មានទុកជាមុនតែម្តង ថាការហាមឃាត់របស់អ៊ីស្រាអែលក្នុងការរារាំងទូកនេះ មានវត្ថុបំណងធំតែមួយគត់ គឺជៀសវាងកុំឲ្យពួកគេ ផ្តល់សព្វាវុធទៅក្រុមប្រដាប់អាវុធហាម៉ាស ជាអង្គការភេរវកម្ម ដែលចាប់ចំណាប់ខ្មាំងបង្ខាំងទុក និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ នេះជាសម្តីចោទប្រកាន់របស់លោករដ្ឋមន្ត្រី Israël Katz។
ផ្ទុយទៅវិញ ភ្នាក់ងារអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកកិច្ចការប៉ាឡេស្ទីន បានវាយតម្លៃខ្ពស់ ចំពោះកាយវិការដ៏សប្បុរសរបស់ក្រុមសកម្មជននានា និងអ្នកតំណាងរាស្ត្រអឺរ៉ុប ដែលខំប្រឹងជិះទូកឆ្លងសមុទ្រ ដឹកជំនួយមនុស្សធម៌ ទៅជួយពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ ក្រោយទ័ពអ៊ីស្រាអែលធ្វើប្រតិបត្តិការយោធាវាយប្រហារ និងសម្រុកបិទខ្ទប់តំបន់ហ្កាហ្សា ជាច្រើនខែមក នៅពេលនេះ ពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សា កំពុងខ្វះជំនួយស្បៀងអាហារជាខ្លាំង៕
ដោយ៖ ហេង ឧត្តម/ RFI ខេមរភាសា

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ