រយៈពេល៨ថ្ងៃ សមត្ថកិច្ច បញ្ជូនក្រុមក្មេងទំនើងជាង៤០នាក់ ទៅពន្ធនាគារ
  • ថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
រយៈពេល៨ថ្ងៃ សមត្ថកិច្ច បញ្ជូនក្រុមក្មេងទំនើងជាង៤០នាក់ ទៅពន្ធនាគារ
ក្រុមក្មេងទំនើង ដែលសមត្ថកិច្ចឃាត់ខ្លួនបាននាពេលកន្លងមក។ រូបពី GCNP

ភ្នំពេញ៖ កម្លាំងមានសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តបង្រ្កាបក្រុមក្មេងទំនើងជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនពួកគេជាង៤០នាក់ទៀតទៅពន្ធនាគារ។ ១០ករណី ដែលបង្ក្រាបនេះ គឺគិតចាប់ពីថ្ងៃទី១ ដល់៨មិថុនា។ នេះបើយោងតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដែលបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទីមិថុនា តាមប្រព័ន្ធតេឡេក្រាម។ 

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងជាង៤០នាក់នេះ ធ្វើឡើងនៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង កោះកុង និងខេត្តតាកែវ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានចំៗទៅកាន់ក្រុមក្មេងទំនើងឱ្យកែប្រែឥរិយាបថ បើមិនចង់ទទួលនូវការអនុវត្តច្បាប់ និងគោលការណ៍ផ្សេងៗពីកម្លាំងមានសមត្ថកិច្ច។ លោក ទូច សុឃៈ សង្កាត់ធ្ងន់ទៅក្រុមក្មេងទំនើងបែបនេះ៖ «បើមិនកែ(ឥរិយាបថ) មានតែគុក បើចង់សុខ គឺធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ»។ 

តាមរយៈលទ្ធផលនៃការបង្ក្រាបក្មេងទំនើងខាងលើ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានវាយម្លៃថាបញ្ហាក្មេងទំនើង នៅតែជាកិច្ចការអាទិភាពមួយ ដែលកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយឱ្យបានសកម្ម ប្រកបដោយប្រសិទ្ធភាព និងម៉ឺងម៉ាត់បំផុត។

ជាមួយគ្នាដែរ លោក ទូច សុឃៈ ពន្យល់បន្ថែមពីបញ្ហាក្មេងទំនើង មិនអាចដាក់បន្ទុកតែលើកម្លាំងមានសមត្ថកិច្ចទាំងស្រុងឡើយ គឺអាណាព្យាបាលត្រូវយកចិត្តទុកដាក់អប់រំ កូនល្អឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងការដើរលេងជាក្រុម ជាបក្សជាពួកនៅពេលយប់។

អ្នកនាំពាក្យអះអាងដែរថា កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ នឹងបន្តបង្ក្រាបក្មេងទំនើង បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងឈានដល់ការឃុំក្នុងពន្ធនាគារ ដោយគ្មានការលើកលែង។ ការអនុវត្តនេះ ធ្វើឡើងតាម ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី