អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចង់ឱ្យរដ្ឋកែប្រែព្រលានយន្តហោះពោធិ៍ចិនតុងជា​សួន​កម្សាន្ត
  • ថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចង់ឱ្យរដ្ឋកែប្រែព្រលានយន្តហោះពោធិ៍ចិនតុងជា​សួន​កម្សាន្ត
អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខាងមុខព្រលានយន្តហោះពោធិ៍ចិនតុង។ រូបដោយ ឡាយ សុភាវតី

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នឹងចាប់ផ្តើមប្រតិបត្តិការហោះហើរ​ជា​ផ្លូវការ ​នៅ​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២៥​។ ព្រលានយន្តហោះថ្មី ចាប់ដំណើរការ​ក៏ជាថ្ងៃ អវសាន​ នៃ​ប្រតិ​បត្តិ​ការ​​ហោះហើរ របស់​ព្រលានយន្តហោះពោធិ៍ចិនតុង ដែលមានសកម្ម​ភាព​​​យ៉ាង​សកម្ម​ជិត៧​ទសវត្សមកនេះដែរ។ ការបិទដំណើរការព្រលានយន្តហោះពោធិ៍ចិនតុង ជាក្ដី​កង្វល់​របស់ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខាងមុខនោះ ហើយពួកគេចង់ឱ្យរាជ​រដ្ឋាភិបាល ​ប្រែ​ក្លាយ​ទីតាំងនេះ ជាសួនកម្សាន្ត ដើម្បីទាក់ទាញភ្ញៀវបន្ត ហើយពួកគេអាចបន្តរបររកស៊ីបានទៀត។

TTN-Free-Banner-In-Article-PC

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បារម្ភពីចំណូលធ្លាក់ នៅពេលព្រលានយន្តហោះ ពោធិ៍ចិនតុងបិទដំណើរការ 

ជាអ្នកលក់កាហ្វេ បាយឆា សាច់គោអាំង ពងទាកូន នៅខាងមុនព្រលានយន្តហោះពោធិ៍​ចិន​តុង អ្នកស្រី ហឿន ឡុន បារម្ភខ្លាចរបរលក់ដូររបស់ខ្លួន លក់មិនដាច់​នៅពេលព្រលាន​យន្តហោះ​​បិទដំណើរការ។ ប៉ុន្តែអ្វីដែលអ្នកស្រី អាចធ្វើបាននៅពេលនេះ គឺបន្តដល់ដូច​ដើម រង់ចាំមើលស្ថានភាពនាពេលខាងមុខ ហើយក្នុងករណីគ្មានភ្ញៀវ ឬលក់អាហារពុំដាច់ នឹងផ្លាស់ប្ដូរទីតាំងទៅកន្លែងថ្មី ឬអាចទៅលក់នៅតំបន់អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ​ថ្មី។ 

អង្គុយក្រោយឆ័ត្រ ក្បែរម៉ូតូកង់បី ដែលពោរពេញដោយអីវ៉ាន់ ស្រី្តវ័យ៤៧ឆ្នាំរូបនេះ បាន ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «កំពុងតែលក់ដាច់! ខ្លាចតែពេលគេបិទទៅ យើងអត់​មាន​អ្នកទិញ ស្ងាត់ភ្ញៀវ។ ខ្ញុំធ្លាក់ទឹកចិត្ត តែចេះតែបន្តលក់ទៀត ក្រែងលក់យូរទៅមានអ្នក​ស្គាល់​ច្រើន វាលែងជាបញ្ហាចោទ»។ 

អ្នកស្រី ហឿន ឡុន អ្នកលក់បាយឆា នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង។ រូបដោយ ឡាយ សុភាវតី 

ទើបតែលក់បានជាង៤ខែប៉ុណ្ណោះ តែអ្នកស្រី ឡុន មានអ្នកគាំទ្រ ហើយចូលទិញគួរសម ដោយក្នុងមួយថ្ងៃ អាចរកចំណូលជាង ៤០ ម៉ឺនរៀល។ រាល់ថ្ងៃ អាជីវកររូបនេះ ចាប់ផ្ដើម​លក់ពីម៉ោង ៧ ព្រឹក រហូតដល់ ១១ យប់ ដែលភាគច្រើន អតិថិជន ស្ត្រីរូបនេះ គឺជាបើកបរ​រថយន្ត អ្នកបើកម៉ូតូកង់បី និងយុវជនដើរលេងពេលរសៀល និងពេលយប់ជាដើម។ 

ចំណែក លោក ស្រ៊ី សេរី អ្នកដឹកភ្ញៀវនៅខាងមុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង បានទុកទីតាំងនេះ ដូចជាផ្ទះទីពីរទៅហើយ ខណៈលោកប្រករបរដឹកភ្ញៀវអស់ជាង១៤ឆ្នាំ។ បន្ទាប់ពីទទួលដំណឹងព័ត៌មានថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវផ្អាក​ដំណើរ​ការ នាពេលឆាប់ៗ​ បុរសវ័យ៤៦ឆ្នាំរូបរូបនេះ សោកស្ដាយជាមួយកន្លែង ដែលមាន​អនុវស្សាវរីយជាច្រើន និងខ្លាចចំណូលធ្លាក់។ 

អង្គុយក្បែររថយន្ត បុរសពាក់អាវស ដៃខ្លីបានលើកឡើង បែបនេះ៖ «ខ្លាចចំណូលធ្លាក់ចុះ អត់​មានលុយបង់ធនាគារធំជាងគេ។ ខាងអ្នកបើកបរបារម្ភខ្លាំងជាងគេ គឺបង់​ធនាគារទីមួយ​តែ​ម្ដង ព្រោះបងប្អូនខ្លះយកលុយធនាគារ ដើម្បីទិញរថយន្តសម្រាប់ប្រកបមុខរបរ ហើយ តែ​គេ​ផ្លាស់ប្ដូរទីតាំងទៅ ដឹងតែធ្លាក់ចំណូលហើយ»។ 

បុរសសម្បុរ​ស្រអែមរូបនេះ អះអាងថា ភ្ញៀវដែលខ្លួនដឹក ប្រមាណ ៩០ ភាគរយ ពឹងផ្អែក​លើ​ភ្ញៀវចេ​ញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ហើយ ១០ ភាគរយទៀត គឺភ្ញៀវតាមផ្ទះសំណាក់ និងសណ្ឋាគារ។ លោក សេរី កត់សម្គាល់ឃើញ ទីតាំងព្រលាន​យន្តហោះថ្មី​ ពុំទាន់មានផ្ទះសំណាក់ សណ្ឋាគារ និងមនុស្សច្រើនអ៊ូអរឡើយ។ ទន្ទឹមនឹង​នេះ ក៏មិនមាន​កន្លែង​សម្រាប់អ្នករត់ម៉ូតូកង់បី រថយន្តឈ្នួល ចតឡើយ។ ហេតុនេះ លោក ស្នើ​សុំយ៉ាងដូច្នេះ៖«សុំមានតែឱ្យបងៗសមត្ថកិច្ចទាំងអស់ បើកចិត្តឱ្យទូលាយ ឱ្យរត់តាក់ស៊ី​មាន​កន្លែង ឬចែកកន្លែងឱ្យដូចនៅកន្លែងចាស់ មានកន្លែងចត កុំដេញ! យើងខ្លាចតែគេមិន​ឱ្យយើងចូលចត ឬចូលចំណតគេមានដែរ តែត្រូវបង់ថ្លៃខ្ពស់ពេក»។ 

រីឯ លោក ហឿន តុន អ្នករត់កង់បី នៅខាងព្រលានយន្តហោះពោធិ៍ចិនតុង ក៏បារម្ភពី ការ​បាត់បង់ភ្ញៀវដែរ នៅពេលព្រលានយន្តហោះនេះបិទដំណើរការ ខណៈទីតាំងព្រលានយន្ត​ហោះថ្មី នៅឆ្ងាយពីកន្លែងស្នាក់នៅរបស់ខ្លួន។ បុរសវ័យ៤១ឆ្នាំរូបនេះ បានឱ្យដឹងថា៖ «បើ​កន្លែង​នេះបិទហើយស្ងាត់ភ្ញៀវ ទៅរកភ្ញៀវដឹកនៅកន្លែងថ្មី​។ តែខ្ញុំមិនទៅព្រលានថ្មីទេ ព្រោះវា​ឆ្ងាយ​ពីកន្លែងស្នាក់នៅ»។ 

លោក ហឿន តុន អ្នករត់កង់បី នៅខាងព្រលានយន្តហោះពោធិ៍ចិនតុង។ រូបដោយ ឡាយ សុភាវតី

អនុស្សាវរីយព្រលានយន្តហោះពោធិ៍ចិនតុង 

អ្នកដឹកភ្ញៀវនៅខាងមុខព្រលានយន្តហោះពោធិ៍ចិនតុងអស់១៤ឆ្នាំ លោក ស្រ៊ី សេរី មាន​អនុស្សាវរីយច្រើន ព្រោះទាំងព្រឹក ថ្ងៃ ល្ងាច យប់ ឬពេលមួយសប្ដាហ៍ លោកនៅខាងមុខ​ព្រលានយន្តហោះសឹងគ្រប់ពេល លើកលែងតែពេលដឹកភ្ញៀវទៅតាមខេត្តប៉ុណ្ណោះ។

លោក សេរី អះអាងថា មនុស្សម្នានៅតំបន់នោះ ស្គាល់គាត់ច្បាស់។ បុរសវ័យ៤៦ឆ្នាំរូបនេះ លើក​ឡើងពីអនុស្សាវរីយបែបនេះ៖ «យប់ឡើងពេលដឹកភ្ញៀវមកពីខេត្តវិញ មកដល់កន្លែង​នេះ ដូចផ្ទះអ៊ីចឹង! ចតឡានហើយក៏សម្រាកក្នុងឡាន អត់មានបងប្អូនណាមកបង្ក​រឿងដាក់​យើងទេ មានសុវត្ថិភាពស្រួល»។ 

លោក ស្រ៊ី សេរី អ្នកដឹកភ្ញៀវនៅខាងមុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ រូបដោយ ឡាយ សុភាវតី 

លោក សេរី បន្តនិយាយទាំងទឹកមុខញញឹមថា៖ «មានមិត្តភ័ក្តិច្រើន គាត់ស្គាល់ខ្ញុំនៅហ្នឹង ស៊្រី សេរី គាត់មកឃើញស្រែកហៅលេងសើចសប្បាយ។ គាត់ដឹងថា តំបន់នេះ មក​ពេល​យប់ ពេលថ្ងៃ គាត់ឃើញខ្ញុំ ក៏សប្បាយចិត្ត មនុស្សធ្លាប់ស្គាល់គ្នា គឺអ៊ីចឹង»។ ហេតុនេះ លោក​​អំពាវនាវ រួមគ្នា ធ្វើយ៉ាងណាឱ្យ ទាក់ទាញទេសចរចូលស្រុកឱ្យបានច្រើន ដើម្បី​បង្កើនចំណូលសេដ្ឋកិច្ច។ 

 រីឯ អ្នកស្រី ហឿន ឡុន ទើបតែលក់ដូរនៅខាងមុខព្រលានយន្តហោះពោធិ៍ចិនតុង បាន​ជាង៣ខែ ក៏អ្នកស្រី នៅមានចងចាំល្អជាមួយអតិថិជន និងទីតាំងនេះដែរ។ ជាក់ស្ដែង​អ្នកស្រី បានពោលថា៖ «កន្លែងយើងធ្លាប់លក់ ចេះតែនឹកឃើញសព្វគ្រប់ ពិសេសឃើញ យន្តហោះ ហោះឡើង!»។ ជាមួយគ្នាដែរ អ្នកស្រី ចង់ឃើញទីតាំងអាកាសយានដ្ឋាន​ចាស់​នេះ ក្លាយទៅជាមជ្ឈមណ្ឌលកម្សាន្ត ដែលអាចទាក់ទាញភ្ញៀវបន្ត ដើម្បីឱ្យអ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធអាចដំណើរការមុខរបរបន្តដូចគ្នា។ 

ចំណែក លោក ហឿន តុន ដែលតែងតែអង្គុយបរិភោគអាហារតាមដងផ្លូវ ក៏ចាត់ទុកជា​អនុស្សាវរីយមួយដ៏ល្អដែរ។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យមានរៀបចំទីតាំងនេះ ទៅជាកន្លែង​ទេសចរណ៍កមន្សាន្ត ដើម្បីទាក់ទាញភ្ញៀវទាំងក្នុងនិងក្រៅស្រុក ឱ្យបានកាន់តែច្រើនជាង។ ការធ្វើ​បែបនេះ លោកយល់ថា ជាការជួយបង្កើន ចំណូលអ្នករត់កង់បី និងអ្នកលក់ដូរផង​ដែរ៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឡាយ សុភាវតី