កម្ពុជា ទទួលបានគម្រោងវិនិយោគ៥៩ទៀតដែលមានតម្លៃ​ជាង៨០០លានដុល្លារ​ ក្នុងខែឧសភា
  • ថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
កម្ពុជា ទទួលបានគម្រោងវិនិយោគ៥៩ទៀតដែលមានតម្លៃ​ជាង៨០០លានដុល្លារ​ ក្នុងខែឧសភា
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​។ រូបថត៖ CDC

ភ្នំពេញ៖ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន៥៩គម្រោងទៀត ដែលមានទុន៨១៦លានដុល្លារអាម៉េរិក សម្រាប់ខែឧសភា ឆ្នាំ២០២៥​។ គម្រោងទាំងនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ដែលអាចបង្កើតការងារឱ្យពលរដ្ឋបានជាង៤,៤ម៉ឺនកន្លែង។​

TTN-Free-Banner-In-Article-PC


សេចក្តីប្រកាសព័ត៌មានរបស់CDC ចេញផ្សាយជាសាធារណៈនាថ្ងៃទី១០ ខែមិថុនា បានបញ្ជាក់ថា ការចុះបញ្ជីគម្រោងវិនិយោគនេះ មានការកើនឡើង៣៤គម្រោង ស្មើនឹង១៣៦ភាគរយ​ ខណៈទុនវិនិយោគមានកំណើន៥៧០លានដុល្លារ ស្មើនឹង២៣១ភាគរយ ធៀបនឹងខែដូចគ្នា កាលពីឆ្នាំ២០២៤។ បើតាម CDC គម្រោងវិនិយោគទាំង៥៩ដែលបានអនុម័តនៅក្នុងខែឧសភានោះ គឺមាន៣៨គម្រោងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និង២១គម្រោងទៀត ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។ 

គម្រោងវិនិយោគដែលលេចធ្លោជាងគេមានគម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី​។ គម្រោងនេះ មានទុនវិនិយោគ២០៧លានដុល្លារ ដែលអាចបង្កើតការងារឱ្យពលរដ្ឋបាន១៤៤កន្លែង។ ក្រៅពីនេះ មានគម្រោងពង្រីកផលិតកម្មផលិតសំបករថយន្ត​ នៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង។ គម្រោងពង្រីកនេះ មានទុនវិនិយោគបន្ថែម ២៤៤លានដុល្លារ។

គម្រោងបង្កើតរោងចក្រផលិតសារធាតុគីមីសម្រាប់វិស័យឧស្សាហកម្ម តម្លៃ២០លានដុល្លារ។ គម្រោងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស​ ហ័រស៊ាំង អ៊ិនធឺណេសិនណាល ខេត្តស្វាយរៀង​ អាចបង្កើតការងារបាន៤៦១កន្លែង។ 

ចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២៥​ CDC បានអនុម័តគម្រោងវិនិយោគបាន២៩០គម្រោង កើន ១៣៧គម្រោង ស្មើនឹង៩០ភាគរយ។ បើតាម CDC គម្រោងទាំងនេះមានទុនវិនិយោគ ៤,២ពាន់លានដុល្លារ កើន៥២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។ ប្រភពវិនិយោគ​មានមកពីប្រទេសចិន,​ វិនិយោគក្នុងប្រទេស, សិង្ហបុរី , កោះ Samoa និងមកពីប្រទេសកូរ៉េខាងត្បូងជាដើម៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ