- ថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១២:០៩ នាទី យប់

ភ្នំពេញ៖ ទណ្ឌិតចំនួន១៩២នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ក្នុងខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។ ការផ្ទេរទណ្ឌិតនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៧មិថុនា។ នេះបើយោងតាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានពន្ធនាគារ។

លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់បន្ថែមប្រាប់ សារព័ត៌មានឌីជីថលថ្មីៗថា បច្ចុប្បន្ន នៅពន្ធនាគារខេត្តកណ្ដាល មានអ្នកជាប់ឃុំប្រមាណ ៤ ០០០នាក់ ខណៈអ្នកជាប់ឃុំនៅមណ្ឌលកែប្រែទី៤ មានប្រមាណ ២ ០០០នាក់ប៉ុណ្ណោះ។
លោក សុណាឌីន ក៏បានបញ្ជាក់បន្ថែម ពីមូលហេតុនៃការផ្ទេរទណ្ឌិតដែរ គឺ៖ «ដោះស្រាយនូវស្ថានភាពកំណើនជនជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាល និងគិតគូរអំពីការអនុវត្តកម្មវិធីអប់រំកែប្រែស្ដារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈចំពោះទណ្ឌិតនៅក្នុងមណ្ឌលអប់រំកែប្រែ»។
ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ មានយន្តការដែលប្រើប្រាស់ដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារមួយចំនួន។ យន្តការនេះ គឺអនុវត្តការផ្ទេរទណ្ឌិតដែលចប់នីតិវិធីតុលាការ ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលមានលទ្ធភាពផ្ទុក។ ជាមួយគ្នាដែរ អគ្គនាយកដ្ឋានពន្ធនាគារ បានខិតខំពង្រីកផ្ទៃក្រឡាឃុំ ក្នុងអង្គភាពពន្ធនាគារ ដែលមានលទ្ធភាពពង្រីក។ នេះបើតាមអ្នកនាំពាក្យ អគ្គនាយកដ្ឋានពន្ធនាគារ ហើយលោក ក៏បង្ហាញពីយន្តការ ដែលមានការគាំទ្រពីក្រសួងពាក់ព័ន្ធរួមមាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែរ។
ក្រសួងសង្គមកិច្ច មានមណ្ឌលស្តារយុវនីតិសម្បទា ជាមណ្ឌលគ្រប់គ្រងជនជាប់ឃុំជាអនីតិជន ដោយផ្អែកតាមច្បាប់យុត្តិធម៌អនីតិជន។ កន្លងមកអគ្គនាយកដ្ឋានពន្ធនាគារ បានគោរពស្នើសុំគោលការណ៍ដើម្បីផ្ទេរជនជាប់ឃុំអនីតិជន ដែលជាទណ្ឌិតមួយចំនួនឱ្យមណ្ឌលធ្វើការគ្រប់គ្រងដែរ។
ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារមានយន្តការជាមួយក្រសួងយុត្តិធម៌។ យន្តការនេះ គឺជំរុញការអនុវត្តគោលនយោបាយបន្ធូរបន្ថយទោស ការដោះលែងដោយមានលក្ខខណ្ឌ ហើយថ្មីៗនេះក៏មានការសិក្សាជំរុញរៀបចំឱ្យមានការអនុវត្តយន្តការទោសការងារសហគមន៍ ជំនួសឱ្យការដាក់ទោសពន្ធនាគារ ចំពោះបទល្មើសតិចជាង ៣ឆ្នាំ។ យ៉ាងណាក្ដី កិច្ចការនេះ លោក សុណាឌីនបញ្ជាក់ថា កំពុងស្ថិតនៅដំណាក់កាលនៃការរៀបចំនៅឡើយ៕
អ្នកសរសេរអត្ថបទ
