ជាង៥ពាន់នាក់ ចូលរួមរត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១៣
  • ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
ជាង៥ពាន់នាក់ ចូលរួមរត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១៣
ទិវារត់ ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២ ឆ្នាំ២០២៤

គណៈកម្មាធិការម៉ារ៉ាតុងភ្នំពេញ បានបែងចែកជ័យលាភីតាមប្រភេទអាយុ សម្រាប់អ្នករត់លើវិញ្ញាសា ២១គីឡូម៉ែត្រ ជាលើកដំបូង ក្នុងទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១៣។ ទិវារត់ប្រណាំងនេះ នឹងត្រូវធ្វើនៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ ដោយទីតាំងចាប់ផ្ដើម និងបញ្ចប់ទីនៅមុខសួនច្បារវត្ដបុទុម។ ទិវារត់ជាលើកទី១៣នេះ មានអត្ដពលិកជាតិ និងអន្ដរជាតិ ចុះឈ្មោះចូលរួមរត់ ជាង៥ពាន់នាក់ លើសឆ្នាំមុន។

TTN-Free-Banner-In-Article-PC

ទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១៣ មានអ្នកចូលរួមរត់ជាង ៥ពាន់នាក់។ ក្នុងចំណោមនោះ អត្ដពលិកកម្ពុជា មានចំនួនច្រើនជាងគេ តាមពីក្រោយដោយអ្នករត់ជនជាតិចិន ជប៉ុន និងបារាំង។ នេះ បើយោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

នេះ ជាលើកដំបូង ដែលគណៈកម្មាធិការម៉ារ៉ាតុងភ្នំពេញ បានបែងចែករង្វាន់ជ័យលាភីតាមប្រភេទអាយុ សម្រាប់វិញ្ញាសា ២១គីឡូម៉ែត្រ ក្នុងនោះមាន៖ អាយុ៣៥ ដល់ ៤៥, អាយុ៤៦ ដល់ ៥៥  និងអាយុចាប់ពី ៥៦ឆ្នាំឡើង។ ក្រៅពីនេះ​ គណៈកម្មាធិការរៀបចំនេះ ក៏មានរៀបចំវិញ្ញាសារត់ផ្សេងទៀតផងដែរ ប៉ុន្ដែមិនបែងចែកអាយុឡើយ ដូចជាវិញ្ញាសារត់ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រ សម្រាប់កុមារ។ នេះ បើយោងតាមការផ្សាយរបស់ហ្វេសប៊ុក Cambodia Amazing Events កាលពីរសៀលថ្ងៃទី១១ មិថុនា។

ទិវារត់ប្រណាំងនេះ ជារៀងរាល់ឆ្នាំ ត្រូវបានធ្វើនៅមុខព្រះបរមរាជវាំង។ ដោយឡែក ព្រឹត្តិការណ៍ជាលើកទី១៣នេះ នឹងត្រូវធ្វើនៅមុខសួនច្បារវត្តបុទុម។ តាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ការប្ដូរទីតាំងនេះ គឺដោយសារទុកទីតាំងមុខព្រះបរមរាជវាំង សម្រាប់រៀបចំព្រឹត្តិការណ៍ជាតិធំៗ។

ទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១២ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៤ មានអ្នកចូលរួម ៤១១០នាក់។ ចំណែក ព្រឹត្តិការណ៍ជាលើកទី១៣ ទិវារត់ប្រណាំងនេះ​ មានអ្នកចូលរួម កើនឡើងជិត ១ពាន់នាក់៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

គឹម មករា