- ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ២:៣២ នាទី រសៀល

ភ្នំពេញ៖ ចាប់ពីដើមខែមិថុនា មកពេលនេះ ក្រសួងព័ត៌មាន រកឃើញព័ត៌មាន ដែលផ្សាយ បែបបំពុលសង្គម ដែលប៉ះពាល់ដល់ស្មារតី និងទឹកចិត្តរបស់កងកម្លាំងឈរជើងនៅព្រំដែន ចំនួន ៥០ករណី។ នេះបើតាម លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន លើក ឡើងកាលពីថ្ងៃទី១១ ខែមិថុនា។

ក្រសួងព័ត៌មាន បានតាមដានជាប់ រាល់ការផ្សាព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចាប់តាំងពីថ្ងៃប៉ះទង្កិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ មកដល់ពេលនេះ ក្រសួងព័ត៌មានកត់សម្គាល់ឃើញ ការគ្រប់គ្រងព័ត៌មានការផ្សាយព័ត៌មានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ក្នុងប្រទេសប្រព្រឹត្តទៅដោយក្រមសីលធម៌ តាមនិយាមវិជ្ជាជីវៈសារព័ត៌មាន និងដោយមិនបង្ក ហានិភ័យដល់សន្តិសុខជាតិ។
យ៉ាងណាក្ដី លោក ទេព អស្នារិទ្ធ ក៏ឃើញមាន មានការផ្សាយដោយសារព័ត៌មានមួយចំនួនតូច ដែលនៅពុំទាន់អនុវត្តតួនាទីខ្លួនបានត្រឹមត្រូវនៅឡើយ។ លោកចាត់ទុកសកម្មភាពទាំងនោះ ជាការដើរខុសគន្លងនៃច្បាប់ ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា។
អ្នកនាំពាក្យក្រសួងព័ត៌មាន អះអាងបានរកឃើញ ព័ត៌មានក្លែងក្លាយជាង៩០ករណី ភាគច្រើនប្រភពចេញពីបណ្តាញសង្គម ដែលក្រសួងព័ត៌មានបានកត់ត្រាចាប់ពីដើមខែមិថុនា រហូតមកទល់ពេលនេះ។ លោក ទេព អស្នារិទ្ធ បន្តសង្កត់ធ្ងន់ថា៖ «មានប្រមាណ ៥០ករណី ជាការផ្សាយបែបញុះញង់ បំពុលសង្គម រាប់បញ្ចូលទាំងខ្លឹមសារបែបលេងសើច បំភ្លៃ ប្រមាថ ប៉ះពាល់ដល់ស្មារតី និងទឹកចិត្តរបស់កងកំលាំងសមត្ថកិច្ច ដែលកំពុងអនុវត្តការងារតាមបណ្តោយព្រំដែន»។
ទន្ទឹមនឹងនេះ លោក ទេព អស្នារិទ្ធ រកឃើញក្នុងចំណោមព័ត៌មានដែលផ្សាយខុសក្រមសីលធម៌វិជ្ជាជីវៈ និងបង្កឱ្យមានការភាន់ច្រឡំ ដោយសារយោងប្រភពពីក្រៅប្រទេស មិនផ្អែកតាមប្រភពផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា។
ជាវិធានការគ្រប់គ្រងស្ថានភាពលើព័ត៌មានរសើបនៃបញ្ហាព្រំដែន ក្រសួងព័ត៌មាន នឹងរៀបចំការតម្រង់ទិស លើក្រមសីលធម៌វិជ្ជាជីវៈ និងនិយាមប្រតិបត្តិសារព័ត៌មាន ដល់អង្គភាព និងសមាគមសារព័ត៌មាន ព្រមទាំងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមនៅកម្ពុជា ដើម្បី ធានាប្រសិទ្ធការផ្សាយព័ត៌មាន។ ក្រសួង ជំរុញដល់ការផ្សាយ របស់រដ្ឋ និងឯកជន ឱ្យទាន់ពេលវេលា នូវរាល់សេចក្តីថ្លែងការណ៍ សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នសមត្ថកិច្ច ក្នុងគោលបំណងធានាការទទួលព័ត៌មានពិត សុក្រិត សម្រាប់ពលរដ្ឋ៕
អ្នកសរសេរអត្ថបទ

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ