- ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៣:០៩ នាទី រសៀល

ព្រះវិហារ៖ «ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កូនខ្មែរទាំងអស់ ត្រូវចងចាំ ហើយផ្សារភ្ជាប់ទៅលើករណីភាពតានតឹងសារជាថ្មី ក្នុងក្របខណ្ឌបន្ទាត់ព្រំដែនកម្ពុជា-ថៃ»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកងទ័ពជួរមុខ នាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរំឭកពីហេតុការណ៍កាលពីឆ្នាំ២០០៨,ឆ្នាំ២០១១ និងពេលថ្មីៗនេះ។
បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ បន្តអូសបន្លាយមកដល់បច្ចុប្បន្ន និងបណ្ដាលឱ្យយុទ្ធជនកម្ពុជាម្នាក់បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះអាវុធកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ។ ជុំវិញហេតុការណ៍ដ៏អាក្រក់នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចាត់ទុកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃដែលមិនអាចបំភ្លេចបាននូវសកម្មភាំពប៉ុនប៉ងឈ្លានពានទឹកដីខ្មែរសារជាថ្មី។
ក្នុងពិធីសំណេះសំណាលជាមួយកងទ័ពជួរមុខ នាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១១ មិថុនា លោ ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា សកម្មភាពរបស់កងទ័ពថៃ បង្កមកលើកងទ័ពកម្ពុជា គឺជាវាយឆ្មក់ មានចេតនាក្នុងការបង្ករឿង ដែលឈានចូលមកទឹកដីកម្ពុជា។ ប្រធានសហភាពសហព័ន្ធកម្ពុជារូបនេះ ក៏រំលេចពីការឈរជើងរបស់កងទ័ពកម្ពុជា នាតំបន់មុំបី ជាពិសេសសាលារួមចិត្តតាំងពីយូរណាស់មកហើយ។

ថ្លែងចំពោះមុខកងទ័ពជួរមុខ លោក ហ៊ុន ម៉ានី ផ្ញើសារទៅកូនទាំងអស់ដូច្នេះ៖«ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កូនខ្មែរទាំងអស់ ត្រូវចងចាំ ហើយផ្សារភ្ជាប់ទៅលើករណីភាពតានតឹងសារជាថ្មី ក្នុងក្របខណ្ឌបន្ទាត់ព្រំដែនកម្ពុជា-ថៃ»។ ការកើតឡើងនូវភាពតានតឹងសារជាថ្មីនៅឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប បន្តចូលរួម និងគាំទ្រវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផ្ដល់កម្លាំងចិត្តដល់កងកម្លាំងនៅជួរមុខគ្រប់ពេលវេលា។
សូមបញ្ជាក់ថា ក្រោយកើតហេតុការណ៍ផ្ទុះអាវុធនៅតំបន់មុំបី រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំ ឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់រសើប ទាំង ៤ គឺតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីផងដែរ។ លើសពីនេះ នៅថ្ងៃទី១៤ មិថុនាខាងមុខ កម្ពុជា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ(JBC) ជាមួយថៃ នៅរាជធានីភ្នំពេញ៕

រូបភាពពីUYCF
រូបភាពពីUYCF
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ