សម្ដេច​ហ៊ុន ម៉ាណែត អំពាវនាវឱ្យអន្តរជាតិផ្ដល់បច្ចេកទេស និងហិរញ្ញវត្ថុ ​ដើម្បីប្រឆាំងការបំពុលសមុទ្រ
  • ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៩ នាទី រសៀល
សម្ដេច​ហ៊ុន ម៉ាណែត អំពាវនាវឱ្យអន្តរជាតិផ្ដល់បច្ចេកទេស និងហិរញ្ញវត្ថុ ​ដើម្បីប្រឆាំងការបំពុលសមុទ្រ

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ផ្ដល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។ សំណើនេះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងនៅក្នុងសន្និសីទរបស់ អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ នាទីក្រុងនីស ប្រទេសបារាំង។

TTN-Free-Banner-In-Article-PC

សេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី១២ ខែមិថុនា ស្ដីពីលទ្ធផលនៃការចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រលើកទី៣ សម្ដេច​ ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរថា កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀងអនុសញ្ញាស្តីពីសម្បត្តិធម្មជាតិនៅក្រៅអធិបតេយ្យភាពជាតិ (BBNI) ដែលត្រូវបានអនុម័តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ 

ទន្ទឹមនេះ កម្ពុជាបន្តបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនថែមទៀត តាមរយៈចុះហត្ថលេខាលើកិច្ច ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រក្នុងឱកាសសន្និសីទសហប្រជាជាតិស្តីពីសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង កាលពីថ្ងៃទី ៩ ខែមិថុនា ថ្មីៗនេះ។ 

ក្នុងឱកាសនោះ សម្ដេច ហ៊ុន ក៏បានលើកឡើងពីការប្តេជ្ញាពង្រឹងសមត្ថភាពជាតិក្នុងការការពារសមុទ្រ តាមរយៈការពង្រីកតំបន់ការពារ ដែនសមុទ្រ ពង្រឹងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។ ចំពោះរឿងនេះ សម្ដេច បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ផ្តល់ជាជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាពសម្រាប់ត្រូវអភិរក្ស សមុទ្រ និងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាពនឹងរួមបញ្ចូលទាំងការធានានូវលទ្ធភាពទទួលបានវិទ្យុសារ ចំណេះដឹង បច្ចេកវិទ្យា និងការផ្តល់មូលនិធិ ជាពិសេសសម្រាប់ការស្រាវជ្រាវសមុទ្រ ការត្រួតពិនិត្យ និងការបង្កើត ការអនុវត្តគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាពផងដែរ។ 

សូមជម្រាបថា សន្និសីទរបស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ រៀបចំឡើងក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់ តួអង្គដើម្បីរក្សានិងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់១១ ខែមិថុនា នៅទីក្រុងនីស ប្រទេសបារាំង។ វត្តមាន សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងសន្និសីទ គឺតបតាមការអញ្ជើញរបស់លោក ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង(Emmanuel Macron)និង លោក អង់តូនីញ៉ូ ហ្គូតេរ៉េស(António Guterres)អគ្គលេខាធិការអង្គការសហប្រជាជាតិ៕ 

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា