Asean U-19៖ ប៉ះថៃនៅជំនួបចុងក្រោយ កម្ពុជា សង្ឃឹមតិចតួចទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
  • ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
Asean U-19៖ ប៉ះថៃនៅជំនួបចុងក្រោយ កម្ពុជា សង្ឃឹមតិចតួចទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា អាយុក្រោម ១៩ឆ្នាំ រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា


ដោយ៖ គឹម មករា () កីឡាជាតិ

ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម ១៩ឆ្នាំ ត្រូវប្រកួតជាមួយថៃ នៅជំនួបចុងក្រោយពូល B នៃពានរង្វាន់ Asean U-19 Girls’ Championship នៅថ្ងៃទី១៣ មិថុនា នៅកីឡដ្ឋាន Dat Duc ប្រទេសវៀតណាម វេលាម៉ោង ៣ រសៀល។ ក្រុមកម្ពុជា ត្រូវការឈ្នះថៃដាច់ខាត ដើម្បីមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លទ្ធផលឈ្នះ គឺពិបាកខ្លាំងសម្រាប់កម្ពុជា ព្រោះតែក្រុមកីឡាការិនីថៃ មានកម្រិតខ្លាំងជាង។ នេះបើយោងទៅលើ ២ប្រកួតកន្លងមក ក្រុមថៃបានយកឈ្នះ លើក្រុមកីឡាការិនីឥណ្ឌូណេស៊ី និងក្រុមកីឡាការិនីម៉ាឡេស៊ី។

២ប្រកួតកន្លងមក ក្នុងពូល B កម្ពុជា ចាញ់ម៉ាឡេស៊ី លទ្ធផល៤-០ និងស្មើជាមួយឥណ្ឌូណេស៊ី លទ្ធផល១-១។ លទ្ធផលស្មើជាមួយឥណ្ឌូណេស៊ី គឺជាលើដំបូងសម្រាប់ក្រុមនារីកម្ពុជា U-19 ក្នុងព្រឹត្តិការណ៍នេះ ដែលកន្លងមកកម្ពុជា មិនធ្លាប់ឈ្នះ ឬស្មើឡើយ។

ថៃគឺជាក្រុមការពារដំណែងជើងឯក នៃពានរង្វាន់ Asean U-19 Girls’ Championship 2023 ដោយបានឈ្នះក្រុមវៀតណាម លទ្ធផល២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកព្រឹត្តិការណ៍ក្នុងឆ្នាំ២០២៥នេះ ក្នុងពូល B ក្រុមថៃ បានកក់កៅអីរួចជាសម្រេច ដោយមាន ៦ពិន្ទុដាច់គេ។

ប្រកួតចុងក្រោយវគ្គចែកពូល កម្ពុជា ត្រូវជួបជាមួយថៃ ស្របពេលម៉ាឡេស៊ី ប៉ះឥណ្ឌូណេស៊ី។ កម្ពុជា ត្រូវការឈ្នះថៃ ដាច់ខាតដើម្បីអាចមានឱកាសទៅវគ្គបន្ដ។ ជួបគ្នាលើកដំបូងក្នុងពានរង្វាន់ Asean U-19 Girls’ Championship 2022 ក្រុមកម្ពុជា ចាញ់ថៃ លទ្ធផល៤-០។

ក្នុងពូល B ថៃ ឈរចំណាត់ថ្នាក់លេខ១ មាន ៦ពិន្ទុ តាមពីក្រោយដោយម៉ាឡេស៊ី មាន៣ពិន្ទុ ចំណាត់ ថ្នាក់លេខ២។ រីឯចំណាត់ថ្នាក់លេខ៣ កម្ពុជា មាន១ពិន្ទុ ស្មើគ្នាជាមួយឥណ្ឌូណេស៊ី លេខ៤ នៅបាតតារាង។

រីឯពូល A វៀតណាម ឈរចំណាត់ថ្នាក់លេខ១ មានពិន្ទុ ខណៈ ២ក្រុមផ្សេងទៀត មីយ៉ាន់ម៉ា លេខ២ និង ឡាវ លេខ៣ មាន៣ពិន្ទុស្មើគ្នា។ ក្រុមទីម័រខាងកើត នៅចំណាត់ថ្នាក់លេខ៤ មិនមានពិន្ទុ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា