ឡាវទទួលភ្ញៀវអន្តរជាតិជាង ១,២លាននាក់ នៅត្រីមាសទី១ ឆ្នាំនេះ
  • ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
ឡាវទទួលភ្ញៀវអន្តរជាតិជាង ១,២លាននាក់ នៅត្រីមាសទី១ ឆ្នាំនេះ
ទេសចរបរទេសកម្សាន្តនៅសួន Patuxay រដ្ឋធានាវៀងចន្ទន៍ ។ រូបភាព ៖ Xinhua

ឡាវទទួលភ្ញៀវទេសចរអន្តរជាតិបានជាង ១,២ លាននាក់ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។ ចំនួននេះកើនឡើង ២៨ភាគរយបើធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២៤  ដែលមានភ្ញៀវប្រមាណ ១,១ លាននាក់។

TTN-Free-Banner-In-Article-PC

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលស្តីពី«ការមកដល់របស់ភ្ញៀវទេសចរប្រចំាខែ» ឡាវទទួលទេសចរបរទេស ១,២លាននាក់ នៅត្រីមាសទី១។ ទន្ទឹមនេះ ទេសចរក្នុងស្រុកបានកើនឡើង ៤.៨ភាគរយ ដោយមានអ្នកធ្វើដំណើរជាង ៧៧៤ ០០០នាក់ ចាប់ពីខែមករា ដល់មីនា ឆ្នាំ២០២៥។

ថៃជាប្រភពទេសចរអន្តរជាតិធំជាងគេ ដោយមានភ្ញៀវ ៣៦៤ ៤៧៤នាក់ កើនឡើង ៥ភាគរយ។ ចិនឈរលេខ២ ជាមួយភ្ញៀវចំនួន ៣៣០ ៥៣១នាក់ កើនឡើង ៣៦ភាគរយ ខណៈវៀតណាមមានភ្ញៀវ ២៨១ ៩១១នាក់ កើនឡើង ៧ភាគរយ។ 

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ឡាវទទួលភ្ញៀវអន្តរជាតិ ១ ១៣១ ៩០២ នាក់។ ថៃ វៀតណាម ចិន កូរ៉េខាងត្បូង និងអាម៉េរិកជាប្រភពកំពូលទាំង៥។ 

ឡាវជាប្រទេសជំរុញទេសចរណ៍អេកូ ដើម្បីទាក់ទាញភ្ញៀវដែលចូលចិត្តធម្មជាតិ និងការផ្សងព្រេង។ តំបន់ទេសចរមួយចំនួនដូចជា វ៉ាងវៀង (Vang Vieng) និងខេត្តចំប៉ាសាក់ (Champasak) ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដូចជា ការឡើងភ្នំ ជិះទូកកាយ៉ាក់ និងស្នាក់នៅក្នុងភូមិសហគមន៍។

ទន្ទឹមនេះ រដ្ឋាភិបាលឡាវក៏លើកទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន ដើម្បីធានាថាទេសចរណ៍មិនប៉ះពាល់ដល់បរិស្ថាន និងអត្តសញ្ញាណវប្បធម៌។ ឧទាហរណ៍ ទីក្រុងលួងព្រះបាង (Luang Prabang) ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO ត្រូវបានគ្រប់គ្រងដើម្បីរក្សាប្រាសាទបុរាណ និងពិធីសាសនាក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ។

នៅក្នុងយុទ្ធនាការ «Visit Laos Year 2024» ឡាវបានទាក់ទាញភ្ញៀវទេសចរជាង ៤,១ លាននាក់៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង