- ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

ប៉ុន្មានខែថ្មីៗនេះ ទូរស័ព្ទ iPhone ស្ទើរតែទាំងអស់ ដែលបានដំឡើងនៅឥណ្ឌា ត្រូវបាននាំចេញទៅអាម៉េរិក។ ការយកពន្ធលើឥណ្ឌា មានត្រឹមតែ ១ភាគ៣ របស់ចិនតែប៉ុណ្ណោះ។
ទិន្នន័យគយអាម៉េរិកបង្ហាញថា ចាប់ពីខែមីនា ដល់ខែឧសភា ប្រហែល ៩៧ភាគរយនៃទូរស័ព្ទ iPhone ដែលដំឡើងដោយក្រុមហ៊ុន Foxconn នៅឥណ្ឌាត្រូវបាននាំចេញទៅអាម៉េរិក។ នេះគឺអត្រាខ្ពស់ជាងមធ្យមភាគ ៥០ភាគរយ កាលពីឆ្នាំមុន។ នេះជាសញ្ញាបង្ហាញថា Apple កំពុងព្យាយាមគេចពីពន្ធនាំចូលខ្ពស់ ដែលអាម៉េរិកដាក់លើទំនិញចិន។
ឥណ្ឌា ក៏ដូចជាដៃគូពាណិជ្ជកម្មជាច្រើនទៀតរបស់អាម៉េរិក បច្ចុប្បន្នប្រឈមអត្រាពន្ធបដិការ ១០ភាគរយ(លើកលែងតែចិន) លើការនាំចេញទៅកាន់អាម៉េរិក។ ឥណ្ឌាកំពុងចរចាដើម្បីចៀសវាង ការដំឡើងដល់ ២៦ភាគរយ បន្ទាប់ពីការពន្យាពេលពន្ធរយៈពេល ៩០ថ្ងៃ ដែលបញ្ចប់នៅដើមខែក្រោយ។
ទន្ទឹមនេះ ចិនកំពុងជាប់ពន្ធ ៣០ភាគរយលើផលិតផលទាំងអស់ ដែលលក់ឱ្យអាម៉េរិក។ រួមបញ្ចូលជាមួយពន្ធដែលដាក់ដោយអាណត្តិមុន របស់ប្រធានាធិបតី ដូណាល់ ត្រាំ ពន្ធខ្លះត្រូវបានគេយកខ្ពស់រហូតដល់ ៥៥ភាគរយ។ ជាមធ្យម Apple លក់ iPhone បានជាង ៦០ លានគ្រឿងនៅអាម៉េរិកក្នុងមួយឆ្នាំៗ ដែលក្នុងនោះប្រហែល ៨០ភាគរយត្រូវបានផលិតនៅចិន។
តម្លៃសរុបនៃទូរស័ព្ទ iPhone ដែល Foxconn បាននាំចេញពីឥណ្ឌាទៅកាន់អាម៉េរិក អំឡុងពេលពីខែមីនា ដល់ខែឧសភា មានចំនួន ៣,២ពាន់លានដុល្លារ។ សម្រាប់មួយខែឧសភា តួលេខនេះមានតម្លៃជិត ១ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតទីពីរមិនធ្លាប់មាន បន្ទាប់ពីកំណត់ត្រា ១,៣ពាន់លានដុល្លារដែលបានកត់ត្រានៅក្នុងខែមីនា។
កាលពីខែមីនា ក្រុមហ៊ុននេះបានជួលយន្តហោះដើម្បីដឹកជញ្ជូន iPhone 13, 14, 16 និង 16e ដែលមានតម្លៃប្រហែល ២ ពាន់លានដុល្លារទៅកាន់អាម៉េរិក។
Apple អាចនឹងតម្រង់ទិសការនាំចេញរបស់ខ្លួនពីឥណ្ឌាឡើងវិញ ដើម្បីបម្រើទីផ្សារអាម៉េរិកស្ទើរតែទាំងស្រុង។ កន្លងមក iPhones ដែលផលិតនៅទីនោះ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសមួយចំនួនដូចជា ហូឡង់ សាធារណរដ្ឋឆែក និងអង់គ្លេស។
ក្រុមហ៊ុន Apple ក៏បានបញ្ចុះបញ្ចូលអាជ្ញាធរអាកាសយានដ្ឋានក្នុងទីក្រុង Chennai ដែលជាមជ្ឈមណ្ឌលនាំចេញ iPhone ដ៏សំខាន់ ដើម្បីកាត់បន្ថយពេលវេលានៃការបោសសំអាតគយពី ៣០ម៉ោង មកត្រឹម ៦ ម៉ោង។ លោក Prachir Singh អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Counterpoint Research បញ្ជាក់ថា ៖« យើងរំពឹងថា iPhones ផលិតនៅឥណ្ឌានឹងមានចំនួន ២៥-៣០ភាគរយនៃការនាំចេញទូទាំងពិភពលោកនៅឆ្នាំនេះ ពោលគឺកើនឡើងពី ១៨ភាគរយក្នុងឆ្នាំ ២០២៤»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រា ម៉ូឌី បាននិងកំពុងជំរុញប្រទេសឱ្យក្លាយជាមជ្ឈមណ្ឌលផលិតស្មាតហ្វូន។ ទោះជាយ៉ាងណា ពន្ធនាំចូលខ្ពស់លើសមាសធាតុ ធៀបនឹងប្រទេសផ្សេងទៀតមានន័យថា តម្លៃនៃឧបករណ៍ផលិតនៅទីនេះនៅតែខ្ពស់ដដែល។
លើសពីនេះ ការជំរុញរបស់ Apple ក្នុងការបង្កើនផលិតកម្មនៅក្នុងប្រទេសឥណ្ឌា ត្រូវបានរិះគន់យ៉ាងចាស់ដៃពីលោក ត្រាំ កាលពីខែមុន។ លោក ត្រាំ បានប្រាប់នាយកប្រតិបត្តិ Tim Cook ថា ៖« យើងមិនចង់ឱ្យអ្នកផលិតនៅក្នុងប្រទេសឥណ្ឌាទេ។ ឥណ្ឌាអាចមើលថែខ្លួនឯងបាន ពួកគេកំពុងធ្វើបានយ៉ាងល្អ។ យើងចង់ឱ្យអ្នកផលិតនៅទីនេះ»៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
