ផលិតករភាពយន្តក្នុងស្រុក ប្ដេជ្ញាពង្រឹងគុណភាពភាពយន្តខ្មែរ ក្រោយរដ្ឋប្រកាសឈប់ចាក់បញ្ចាំងរឿងថៃ
  • ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:២៩ នាទី ល្ងាច
ផលិតករភាពយន្តក្នុងស្រុក ប្ដេជ្ញាពង្រឹងគុណភាពភាពយន្តខ្មែរ ក្រោយរដ្ឋប្រកាសឈប់ចាក់បញ្ចាំងរឿងថៃ

ភ្នំពេញ៖ រដ្ឋាភិបាល បានប្រកាសបញ្ឈប់ការចាក់បញ្ចាំងរឿងថៃនៅតាមទូរទស្សន៍ រោងកុន និងទីសាធារណៈនានា គិតចាប់ពីថ្ងៃទី១៣ ខែមិថុនានេះ។ ជុំវិញការប្រកាសរបស់រដ្ឋាភិបាលនេះ ផលិតករភាពយន្តខ្មែរមួយចំនួន យល់ថា ជារឿងដ៏ល្អមួយសម្រាប់វិស័យភាពយន្តក្នុងស្រុកទទួលបានការគាំទ្រ និងផ្ដល់លទ្ធភាពដល់ផលិតករខ្មែរពង្រឹងគុណភាពភាពយន្តឱ្យកាន់តែប្រសើរ។

TTN-Free-Banner-In-Article-PC

លោក ឆាយ បូរ៉ា ផលិតករភាពយន្តខ្មែរមួយរូប យល់ថា ការបញ្ឈប់ការចាក់បញ្ចាំងរឿងថៃនៅកម្ពុជា មិនមែនគ្រាន់តែផ្ដល់ឱកាសសម្រាប់ផលិតករភាពយន្តខ្មែរនោះឡើយ ប៉ុន្តែក៏កាត់បន្ថយឥទ្ធិពលវប្បធម៌របស់ថៃមកលើយុវជនខ្មែរផងដែរ។ សម្រាប់លោក ឆាយ បូរ៉ា មើលឃើញថា វិស័យភាពយន្តខ្មែរបានរីកចម្រើនល្អប្រសើរ បើធៀបនឹងពេលកន្លងទៅ។

«តាមធម្មតាផលិតកររបស់យើងបានប្រឹងប្រែងតាំងពីភាពយន្តថៃចូលមកស្រុកខ្មែរច្រើន ប៉ុន្តែអ្វីដែលយើងគិតទៅវិញនោះគឺ វាជាការដក ឬកាត់បន្ថយ បន្សាបឥទ្ធិពលនៃវប្បធម៌របស់ថៃមកលើយុវជនខ្មែរ តែសម្រាប់ផលិតករខ្មែរយើង នៅតែខិតខំដោយមិនគិតយកឈ្នះ ឬប្រកួតប្រជែងជាមួយភាពយន្តថៃទេ ទោះបីមានភាពយន្តថៃក៏យើងនៅតែប្រឹងប្រែងធ្វើ ដើម្បីវិស័យភាពយន្តជាតិយើង បើទោះជាគ្មានក៏យើងនៅតែប្រឹងប្រែង»។ នេះជាការលើកឡើងរបស់លោក ឆាយ បូរ៉ា។ យ៉ាងណាផលិតករភាពយន្តរូបនេះ គាំទ្ររដ្ឋាភិបាលបម្រាមភាពយន្តភាគ ឬរឿងដុំថៃនៅកម្ពុជា ដ្បិតកន្លងទៅ ភាពយន្តថៃហូរចូលមកកម្ពុជាច្រើនលើសលប់។

ផលិតករភាពយន្តខ្មែរមួយរូបទៀត លោក អ៊ិន វិចិត្រ ក៏មើលឃើញដូចគ្នាថា វិស័យភាពយន្តខ្មែរមានភាពរីកចម្រើនច្រើន បើប្រៀបធៀបនឹងពេលកន្លងទៅ។ តែទន្ទឹមនឹងមានបម្រាមការបញ្ចាំងរឿងភាគថៃនៅកម្ពុជារបស់រដ្ឋាភិបាល ក៏អាចនឹងជំរុញភាពយន្តខ្មែរឱ្យកាន់តែល្អប្រសើរមួយកម្រិតបន្ថែមទៀត។ លោក វិចិត្រ រំពឹងថា ផលិតករភាពយន្តខ្មែរទាំងអស់ នឹងពង្រឹងសមត្ថភាព ផលិតភាពយន្តឱ្យកាន់តែមានគុណភាព និងប្រកួតទីផ្សារភាពយន្តក្នុងតំបន់ និងអន្តរជាតិ។

ផលិតករភាពរូបនេះ លើកឡើងថា៖«ខ្ញុំគិតថាល្អសម្រាប់ផលិតករក្នុងស្រុក។ វិស័យភាពយន្តខ្មែរមានភាពរីកចម្រើន និងវិវត្តទៅមុខហើយ ប៉ុន្តែយើងក៏ត្រូវការពេលវេលាមួយចំនួន ដើម្បីពង្រឹងខ្លួនឯង ព្រោះជំហររបស់យើងមិនទាន់រឹងមាំមែនទែននោះទេ។ អ៊ីចឹងពេលរដ្ឋាភិបាលបិទការបញ្ចាំងរឿងថៃ ជាការផ្ដល់ឱកាស និងផ្ដល់ពេលវេលាបន្ថែមដល់ផលិតករខ្មែរ ដើម្បីពង្រឹងសមត្ថភាពផលិតខ្សែភាពយន្តដែលមានគុណភាពស្តង់ដាអន្តរជាតិ»។ 

លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្តខ្មែរមួយរូបទៀត យល់ថា ការបញ្ឈប់ការបញ្ចាំងភាពយន្តថៃនៅកម្ពុជា ផ្ដល់សញ្ញាវិជ្ជមានមួយសម្រាប់វិស័យភាពយន្តខ្មែរ និងផ្ដល់ឱកាសឱ្យផលិតករភាពយន្តខ្មែរពង្រឹងសមត្ថភាពផលិតភាពយន្តគុណភាពបានកាន់តែច្រើនផងដែរ។

ក្នុងនាមជាផលិតករខ្មែរ លោក យ៉ាឡេង ប្ដេជ្ញាពង្រឹងសមត្ថភាព ដើម្បីជំរុញការផលិតភាពយន្តខ្មែរឱ្យមានគុណភាពកាន់តែល្អ។ «បើសិនយើងបិទរឿងថៃមួយរយៈ ឬយ៉ាងណាក្ដី វាល្អសម្រាប់ភាពយន្តខ្មែរ ដែលអាចវិវត្តទៅមុខមួយកម្រិត។ យើងមានទីផ្សារច្រើនផ្នែករឿងភាគ អ៊ីចឹងទូរទស្សន៍តម្រូវឱ្យផលិតករ ផលិតរឿងភាគ ដើម្បីបញ្ចាំងទូរទស្សន៍ ដោយសារអត់មានរឿងភាគថៃ។ រោងកុនក៏មានតម្រូវការភាពយន្តខ្មែរច្រើនដើម្បីដាក់នៅរោងកុន ដោយសារអត់មានភាពយន្តថៃ»។ នេះជាការលើកឡើងរបស់លោក ហ៊ុយ យ៉ាឡេង។ 

ផលិតករជើងចាស់រូបនេះ មើលឃើញថា កម្ពុជាមានផលិតករមានសមត្ថភាពច្រើន ដែលអាចផលិតភាពយន្តមានគុណភាព ប៉ុន្តែបញ្ហាប្រឈមចម្បងបំផុតគឺដើមទុនផលិត។ សម្រាប់លោក យ៉ាឡេង រំពឹងថា នៅថ្ងៃអនាគតវិស័យភាពយន្តខ្មែរនឹងលូតលាស់កាន់តែល្អប្រសើរ និងទទួលបានគាំទ្រ និងជ្រោមជ្រែងណាមួយ៕


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ផាត ដាណេ