ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះឥណ្ឌា កើនឡើងដល់ ២៧៩នាក់
- ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៣:៣៩ នាទី រសៀល

រូបភាព ៖ AFP
ចំនួនអ្នកស្លាប់នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ Air India នៅទីក្រុង Ahmedabad បានកើនឡើងដល់ ២៧៩នាក់ ក្នុងនោះមានមនុស្សនៅលើយន្តហោះចំនួន ២៤១នាក់ និងមនុស្ស ៣៨នាក់នៅលើដី។

ប្រភពពីប៉ូលិសឥណ្ឌាបាននិយាយនៅថ្ងៃទី១៤ ខែមិថុនា ថា អាជ្ញាធរបានរកឃើញសាកសពបន្ថែមទៀតនៅកន្លែងកើតហេតុនៃឧប្បត្តិហេតុធ្លាក់យន្តហោះនៅក្នុងទីក្រុង Ahmedabad ភាគខាងជើងប្រទេសឥណ្ឌា ដោយបានបង្កើនចំនួនអ្នកស្លាប់ពី ២៦៥នាក់ ដល់ ២៧៩នាក់។
អ្នកស្លាប់ទាំង ៣៨នាក់នៅលើដីនោះ រួមមានវេជ្ជបណ្ឌិត ១០នាក់ និងសាច់ញាតិរបស់ពួកគេ កំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ BJ ។ មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតក្នុងចំណោមមនុស្ស ២៤២នាក់នៅលើយន្តហោះ។ ក្រៅពីនេះ សិស្សដែលរងរបួសចំនួន ២៤នាក់ កំពុងត្រូវបានគេព្យាបាល។
សាច់ញាតិជនរងគ្រោះបានផ្តល់គំរូ DNA ដើម្បីជួយអាជ្ញាធរកំណត់អត្តសញ្ញាណពួកគេ។ ចំនួនអ្នកស្លាប់ជាផ្លូវការនឹងត្រូវបានចេញផ្សាយនៅពេលដែលដំណើរការកំណត់អត្តសញ្ញាណត្រូវបានបញ្ចប់។
លោក Vishwash Kumar Ramesh ជនជាតិអង់គ្លេសអាយុ ៤០ ឆ្នាំជាអ្នកនៅរស់រានមានជីវិតតែមួយគត់បាននិយាយថា លោកមិនអាចពន្យល់ពីរបៀបដែលលោកបានរត់គេចខ្លួន។ នាយករដ្ឋមន្រ្តីឥណ្ឌា ណារិន្ទ្រា ម៉ូឌី បានទៅទស្សនាកន្លែងធ្លាក់យន្តហោះកាលពីថ្ងៃទី ១៣ ខែមិថុនា ដើម្បីវាយតម្លៃស្ថានភាព។ លោកក៏បានទៅសួរសុខទុក្ខ Ramesh និងអ្នករបួសនៅក្នុងមន្ទីរពេទ្យផងដែរ។
យន្តហោះ Air India ជើងហោះហើរ AI171 បានធ្លាក់ត្រឹមតែប៉ុន្មានវិនាទី បន្ទាប់ពីហោះឡើងនៅរសៀលថ្ងៃទី១២ ខែមិថុនា ក្នុងទីក្រុង Ahmedabad ដោយបានធ្លាក់ចូលទៅក្នុងអន្តេវាសិកដ្ឋានសាលាពេទ្យ។ នេះជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងមួយទសវត្ស៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: