អតីតនាយករដ្ឋមន្រ្តីជាង៣៧ឆ្នាំ អំពាវនាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនពេលថៃបណ្ដេញចេញ និងប្រមាថ
  • ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:០២ នាទី រសៀល
អតីតនាយករដ្ឋមន្រ្តីជាង៣៧ឆ្នាំ អំពាវនាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនពេលថៃបណ្ដេញចេញ និងប្រមាថ

ភ្នំពេញ៖ ដោយមើលឃើញពីស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កាន់តែវិវឌ្ឍន៍ទៅមុខនោះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋខ្មែរ វិលត្រឡប់មកកម្ពុជាវិញ មុនពេលអាជ្ញាធរថៃ បណ្ដេញចេញដោយការប្រមាថ។ អតីតនាយករដ្ឋមន្រ្តីជាង៣៧ឆ្នាំរូបនេះ ពិតជាយល់ច្បាស់ពីស្ថានការណ៍នៃជម្លោះនេះ។
TTN-Free-Banner-In-Article-PC

«សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ ខ្ញុំនិយាយបែបនេះ ព្រោះខ្ញុំយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា-ថៃនឹងអូសបន្លាយពេលយូរពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៍អន្តរជាតិICJ ពេលនោះពួកជ្រុលនិយមថៃនិងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននិងកំពុងកើតឡើងនិងត្រូវតែកើតឡើងដោយមិនរួច»។ នេះជាសាររបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីជាង៣៧ឆ្នាំ ដោយធ្លាប់ឆ្លងកាត់សង្គ្រាម និងដោះស្រាយជម្លោះជាមួយប្រទេសថៃ ជាច្រើនដងមកនេះ ។

ជាមួយគ្នានេះប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ក៏បានស្នើឱ្យរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ជួយសម្រួលដល់ពលរដ្ឋខ្មែរ ដែលទៅរស់នៅប្រទេសថៃយូរឆ្នាំ ហើយចង់ត្រឡប់មកកម្ពុជាវិញ ប៉ុន្តែគ្មានឯកសារត្រឹមត្រូវទៀតផង។ 

សម្ដេច បានសរសេរលើហ្វេសប៊ុក នៅរសៀលថ្ងៃទី១៤ មិថុនា ដូច្នេះថា៖ «បងប្អូនខ្លះបានចោទសួរថាមានបងប្អូននៅថៃ៣០ឆ្នាំហើយចង់មករស់នៅមើលម្តាយដែលមានអាយុ៨០ឆ្នាំតែគាត់ពុំមានឯកសារ។ខ្ញុំអាចឆ្លើយបានថាអ្នកណាក៏ដោយឱ្យតែជាខ្មែរ ទោះមាន ឬគ្មានឯកសារ រាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង»។

ទន្ទឹមនេះ ប្រធានព្រឹទ្ធសភា ក៏បានបង្ហាញជំហរគាំទ្រដល់រដ្ឋាភិបាល ដែលបានចេញវិធានការជាបន្តបន្ទាប់ ក្នុងការត្រៀមអន្តរាគមន៍ជួយសង្គ្រោះដល់ពលរដ្ឋខ្មែរ ក្នុងករណីមានការបណ្ដេញចេញ ឬវិលត្រឡប់មកកម្ពុជារបស់ពលរដ្ឋខ្មែរ ក្នុងលក្ខណៈទ្រង់ទ្រាយធំដោយមូលហេតុណាមួយ ។

ដើម្បីដោះស្រាយ និងសម្របសម្រួលដល់ជីវភាពពលរដ្ឋខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញនោះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្នើឱ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុ អនុគ្រោះដល់ពលករខ្មែរ។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល ក៏សម្រេចដាក់ចេញវិធានការ និងអន្តរាគមន៍ស្ដារលទ្ធភាពពលរដ្ឋខ្មែរ កុំឱ្យជួបទុក្ខលំបាក អំឡុងពេលរដ្ឋាភិបាលកម្ពុជា-ថៃ កំពុងមើលមុខគ្នាមិនសូវចំ ដោយសារជម្លោះព្រំដែននេះ។

សម្ដេច បានបញ្ជាឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនពលរដ្ឋនៅតំបន់ព្រំដែន។

ជាមួយគ្នានេះក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ បានត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនពលរដ្ឋពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញ។ ដោយឡែកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនពលរដ្ឋដែលត្រលប់មកវិញ ។ បើតាមសម្ដេច ហ៊ុន ម៉ាណែត បច្ចុប្បន្នកម្ពុជា នៅខ្វះកម្លាំងពលកម្មរាប់ម៉ឺននាក់។

ចំណែកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់ពលករខ្មែរដែលត្រូវត្រឡប់មកវិញ ក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន។ នេះជាវិធានការរបស់សម្ដេចនាយករដ្ឋមន្រ្តី ក្នុងការជួយសម្រួល និងដោះស្រាយបញ្ហាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ