ជប៉ុនហាមឈ្មួញលក់អង្ករបន្ត ដើម្បីរក្សាស្ថិរភាពតម្លៃ
- ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:១៩ នាទី យប់

រដ្ឋាភិបាលជប៉ុននៅថ្ងៃទី១៣ ខែមិថុនា បានសម្រេចហាមឃាត់ឈ្មួញ មិនឱ្យលក់អង្ករ ដើម្បីធានាថាអ្នកប្រើប្រាស់អាចទិញអង្ករស្តុកថ្មី ដែលចេញលក់ទៅកាន់ទីផ្សារក្នុងតម្លៃទាប។

ច្បាប់ហាមឃាត់អ្នកលក់អង្ករក្នុងតម្លៃខ្ពស់ជាងតម្លៃនៅផ្សារទំនើប និងហាងអនឡាញ នឹងចូលជាធរមាននៅថ្ងៃទី២៣ ខែមិថុនា។ ច្បាប់នេះ ចែងអំពីការដាក់ពិន័យលើឈ្មួញប្រព្រឹត្តល្មើសការណែនាំទៀតផង ដោយពួកគេនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ១លានយ៉េន (៦៩៦០ដុល្លារ) ឬប្រឈមទាំងពីរ។ ការហាមឃាត់នេះ ត្រូវបានចែងនៅក្រឹត្យមួយរបស់គណៈរដ្ឋមន្ត្រី ដែលត្រូវបានកែសម្រួលក្រោមច្បាប់ ដើម្បីដោះស្រាយបញ្ហាកើនឡើងតម្លៃ។
ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានលក់ទុនបម្រុងអង្កររបស់ខ្លួន តាមរយៈកិច្ចព្រមព្រៀងផ្ទាល់ជាមួយអ្នកលក់រាយនៅចុងខែនេះ។ ចំណាត់ការនេះ ធ្វើឡើងនៅពេលតម្លៃអង្ករនៅក្នុងប្រទេសជប៉ុន បានកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន។ មកទល់ពេលនេះ ជប៉ុនបានសម្រេចបញ្ចេញអង្ករចំនួន ៨១ម៉ឺនតោន ពីទុនបម្រុងរបស់ខ្លួន ដោយបន្សល់ទុកតែប្រមាណ ១០ម៉ឺនតោនប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី លោក Shinjiro Koizumi បានសន្យាថា នឹងធ្វើឱ្យតម្លៃអង្ករធ្លាក់ចុះ ២០០០យ៉េន (ប្រហែល ១៤ដុល្លារ) ក្នុងបរិមាណ ៥គីឡូក្រាម នៅដើមខែមិថុនា ឆ្នាំ២០២៥។
តម្លៃអង្ករជាមធ្យមនៅក្នុងផ្សារទំនើបជប៉ុន បានឡើងដល់កំណត់ត្រា ៤២៦៨យ៉េនក្នុង ៥គីឡូក្រាម នៅដើមខែឧសភា ឆ្នាំ២០២៥ ដែលកើនឡើងជិត ២ដង បើធៀបនឹងតម្លៃ នៅឆ្នាំ ២០២៤៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: