ប្រទេសមាននុយក្លេអ៊ែរ​ចាយលុយជាង១០០ពាន់លានដុល្លារ​អភិវឌ្ឍ​បរមាណូ ក្នុងឆ្នាំ២០២៤
  • ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
ប្រទេសមាននុយក្លេអ៊ែរ​ចាយលុយជាង១០០ពាន់លានដុល្លារ​អភិវឌ្ឍ​បរមាណូ ក្នុងឆ្នាំ២០២៤
តំណាង​អង្គការ​ ICAN ធ្វើ​សន្និសីទកាសែត។ AFP - FABRICE COFFRINI

បណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរក្នុងលោកបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលរហូតដល់ជាង ១០០ពាន់លានដុល្លារដើម្បីអភិវឌ្ឍ ថែរក្សា និងស្តុកអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមរបាយការណ៍ថ្មីចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ មិថុនារបស់អង្គការប្រយុទ្ធប្រឆាំងអាវុធបរមាណូ ហៅកាត់ជាភាសាអង់គ្លេស ICAN ដែលធ្លាប់ទទួលបានរង្វាន់ណូបែលសន្តិភាព។ របាយការណ៍ដដែលបានបញ្ជាក់ថា ទឹកលុយដែលបណ្តាប្រទេសទាំងនោះបានចាយ គឺមានចំនួនច្រើនជាងការចំណាយនៅក្នុងដំណើរការទូទៅរបស់អង្គការសហប្រជាជាតិ ជិត៣០ដងឯណោះ។
TTN-Free-Banner-In-Article-PC

២០២៤ជាឆ្នាំដែលប្រទេសមហាអំណាចនុយក្លេអ៊ែរ បានប្រឹងប្រែងចំណាយលុយទៅលើអាវុធបរមាណូច្រើនជាងពេលណាៗទាំងអស់។ មហាអំណាចនុយក្លេអ៊ែរទាំង ៩ប្រទេស មានដូចជា សហរដ្ឋអាមេរិក អង់គ្លេស ចិន រុស្ស៊ី បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និង កូរ៉េខាងជើង បានប្រើប្រាស់ថវិកាច្រើនសន្ធឹកសន្ធាប់សរុបចំនួន ១០០ ពាន់លានដុល្លារដើម្បីអភិវឌ្ឍ ថែរក្សា ផ្លាស់ទី និងស្តុកអាវុធបរមាណូរបស់ពួកគេ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរហៅកាត់ជាភាសាអង់គ្លេស ICAN (The International Campaign to Abolish Nuclear Weapons) ដែលធ្លាប់ទទួលបានរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំ២០១៧។

របាយការណ៍ប្រចាំឆ្នាំរបស់អង្គការ ICAN ចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ មិថុនាបានចុចឈ្មោះប្រទេស ៣ ដែលបានចាយលុយច្រើនខ្លាំងជាងគេ គឺសហរដ្ឋអាមេរិក ៥៦,៨ ពាន់លានដុល្លារ ចិន ១២,៥ពាន់លានដុល្លារ និងអង់គ្លេស ១០,៤ ពាន់លានដុល្លារ។ អង្គការ ICAN បញ្ជាក់លម្អិតទៀត​ថា ថវិកាដែលចំណាយក្នុងឆ្នាំ២០២៤ មានចំនួនច្រើនជាងឆ្នាំ២០២៣ ចំនួន១០ពាន់លានដុល្លារ។ ទឹកលុយដែលបណ្តាប្រទេសទាំងនោះបានចាយទៅលើអាវុធនុយក្លេអ៊ែរ ក្នុងឆ្នាំ ២០២៤ គឺមានចំនួនច្រើនជាងថវិកាដែលចំណាយនៅក្នុងដំណើរការទូទៅរបស់អង្គការសហប្រជាជាតិដល់ទៅ ២៨ ដងឯណោះ។

ក្នុងរបាយការណ៍ដដែល អង្គការ ICAN បានតាមដានអំពីការចំណាយទៅលើការថែរក្សា និងស្តុកទុកអាវុធនុយក្លេអ៊ែរនៅតាមបណ្តាប្រទេសនានា។ អ្នកជំនាញជាច្រើនអះអាងថា បែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគីបានទទួលផ្តល់ទីតាំងរក្សាស្តុកទុកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ ចំណែករុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានរក្សាស្តុកទុកអាវុធបរមាណូមួយចំនួននៅក្នុងប្រទេសបេឡារុស។ នេះបើតាមអង្គការ ICAN ដោយបានឲ្យដឹងទៀតថា ប្រទេសអឺរ៉ុប និងសមាជិកអង្គការអូតង់ដែលទទួលស្តុកទុកអាវុធនុយក្លេអ៊ែរ មានការប្រុងប្រយ័ត្នខ្លាំងណាស់ និងមិនទម្លាយព័ត៌មានលម្អិតស្តីពីបញ្ហាសន្តិសុខ កន្លែងស្តុកទុក និងការផ្លាស់ទីអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ។

លោកស្រី Alicia Sanders-Zakre សហអ្នកនិពន្ធរបាយការណ៍ ICAN បានលើកឡើង ថា ការសម្របសម្រួលកិច្ចព្រមព្រៀងទទួលយកស្តុកទុកអាវុធបរមាណូ ត្រូវ​ធ្វើឡើងជាសម្ងាត់បំផុត។ ប្រជាពលរដ្ឋអឺរ៉ុប និងសូម្បីតែអ្នកតំណាងរាស្ត្រអឺរ៉ុប ក៏គ្មានសិទ្ធិដឹងឮថា តើអាវុធបរមាណូកំពុងតែឋិតនៅទឹកដីរបស់ខ្លួន ឬអត់ទេ។ ការលាក់បាំងព័ត៌មានសម្ងាត់នេះ អាចនឹងនាំឲ្យ​គ្មានតម្លាភាពចំពោះដំណើរការប្រជាធិបតេយ្យ និងមិនឆ្លើយតបនឹងប្រាក់បង់ពន្ធរបស់ពលរដ្ឋទេ។ នេះបើតាមលោកស្រី Alicia Sanders-Zakre។

គួរជ្រាបថា អង្គការ ICAN មានមូលដ្ឋាននៅក្នុងប្រទេសស្វីល និងជាអ្នកផ្តួចផ្តើមតាក់តែងសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរដែលបានចូលជាធរមានក្នុងឆ្នាំ២០២១។ រហូតមកទល់ពេលបច្ចុប្បន្ន មានប្រទេសតែ៦៩ ដែលបានចុះហត្ថលេខា និងផ្តល់សច្ចាប័នលើសន្ធិសញ្ញាមួយនេះ។ តែបណ្តាប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរ មិនទាន់បានផ្តល់សច្ចាប័ននៅឡើយទេ៕

ដោយ៖ហេង ឧត្តម/ ខេមរភាសា RFI

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other