សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងដោះស្រាយបញ្ហាឥណទានពលករខ្មែរត្រឡប់ពីថៃ
- ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១០:០០ នាទី យប់

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួម បង្ហាញពីជំហរចូលរួមដោះស្រាយបញ្ហាឥណទានរបស់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកកម្ពុជាវិញ ស្របតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បើតាមសេចក្តីថ្លែងការណ៍រួមនេះ សមាគមទាំងពីរ នឹងពិនិត្យលទ្ធភាពដាក់ចេញវិធានការសមស្រប ក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ។

ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានសមាជិកនៃសមាគមទាំងពីរ នឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់ពលករខ្មែរត្រឡប់ពីថៃ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សហគមបាននិងបន្តអនុវត្ត។
ជុំវិញវិធានការសម្របសម្រួលនេះ សមាគមស្នើឱ្យពលករទាក់ទងផ្ទាល់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរាល់ពេលធ្វើការ ដោយភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា អត្តសញ្ញាណបណ្ណ ឯកសារឥណទាន បណ្ណការងារ និងលិខិតពាក់ព័ន្ធនានា ដើម្បីពិភាក្សារកដំណោះស្រាយដ៏ប្រសើរ។
ទន្ទឹមនឹងនេះ សមាគមទាំង២ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា រួមទាំងភាគីពាក់ព័ន្ធនានា ដើម្បីធានាសម្របសម្រួលស្វែងរកដំណោះស្រាយឥណទានដ៏សមស្របសម្រាប់ពលករខ្មែរ៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com