AFC ប្រឈមការរិះគន់ជុំវិញការជ្រើសរើសម្ចាស់ផ្ទះវគ្គជម្រុះ World Cup ជុំទី៤
  • ថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
AFC ប្រឈមការរិះគន់ជុំវិញការជ្រើសរើសម្ចាស់ផ្ទះវគ្គជម្រុះ World Cup ជុំទី៤

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ប្រឈម​នឹងការរិះគន់ពីអ្នកគាំទ្រ បន្ទាប់ពីសម្រេចឱ្យ អារ៉ាប៊ីសាអូឌីត និងកាតា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតជុំទី៤ នៃវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២៦ តំបន់អាស៊ី។

TTN-Free-Banner-In-Article-PC

វគ្គជម្រុះជុំទី ៤ ដែលនឹងធ្វើឡើងក្នុងខែតុលា មាន ៦ក្រុម ក្នុងនោះ ម្ចាស់ផ្ទះ អារ៉ាប៊ីសាអូឌីត និងកាតា រួមជាមួយ ឥណ្ឌូណេស៊ី អ៊ីរ៉ាក់ អូម៉ង់ និង អេមីរ៉ាតអារ៉ាប់រួម បន្ទាប់ពីក្រុមទាំងនេះបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ និងលេខ ៤ ក្នុងវគ្គជម្រុះជុំទី៣។

ទាំង ៦ក្រុមត្រូវបែងចែកជាពីរពូល ដោយក្រុមកំពូលតារាងនឹងទទួលបានកៅអីទៅ World Cup ឆ្នាំ ២០២៦ និងពីរក្រុមដែលបញ្ចប់ចំណាត់ថ្នាក់លេខ២ បន្តទៅវគ្គជម្រុះជុំទី៥។ ២ក្រុមទៅវគ្គជម្រុះជុំទី៥ នឹងជួបគ្នាក្នុងវគ្គ Playoff ដោយប្រកួតពីរជើងក្នុងដី និងក្រៅដី ក្នុងខែវិច្ឆិកា ដើម្បីដណ្តើមកៅអីទៅប្រកួតអន្តរទ្វីបទល់នឹងក្រុមមកពីអាមេរិកខាងជើង កណ្តាល និងខាងត្បូង ទ្វីបអាហ្វ្រិក និងអូសេអានី។

នៅមុនពេល FIFA និង AFC មិន​ទាន់​ប្រកាស​ថាប្រទេសណាជា​ម្ចាស់​ផ្ទះនៅឡើយ​នោះ មាន​ពាក្យ​ចចាមអារ៉ាម​ផ្សព្វផ្សាយរួចហើយថា អារ៉ាប៊ីសាអូឌីត និង​កាតា​​ទំនងត្រូវបានជ្រើសរើសដឹកនាំប្រកួតជុំទី៤។ ទីបំផុតពាក្យចចាមអារ៉ាមនេះ ក្លាយជាការពិត នៅពេលប្រកាសជាផ្លូវការនៅថ្ងៃទី១៣ ខែមិថុនា។

មុនពេល AFC ប្រកាសសមាសភាពម្ចាស់ផ្ទះជាផ្លូវការ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានផ្ញើលិខិតផ្លូវការមួយទៅកាន់ FIFA និង AFC ដោយស្នើសុំឱ្យបង្ហាញពីភាពត្រឹមត្រូវទាក់ទងនឹងដំណើរការជ្រើសរើស និងលក្ខណៈវិនិច្ឆ័យ ក្នុងការជ្រើសរើសប្រទេសម្ចាស់ផ្ទះ។ កាសែត CNN Indonesia ផ្សាយថា PSSI ក៏បានដាក់សំណើដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះជុំទី៤នេះផងដែរ។ ដោយឡែកសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ាក់ (IFA) ក៏បានដាក់សំណើធ្វើជាម្ចាស់ផ្ទះស្របនឹងឥណ្ឌូណេស៊ីដែរ ដោយសង្កត់ធ្ងន់លើការត្រៀមខ្លួន និងសមត្ថភាពដែលពួកបានបង្ហាញឱ្យឃើញរួចមកហើយក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិ។ អេមីរ៉ាតអារ៉ាប់រួម ក៏បានធ្វើតាមញត្តិស្រដៀងនឹងឥណ្ឌូណេស៊ី និងអ៊ីរ៉ាក់ផងដែរ ប៉ុន្តែការសម្រេចចិត្តនៅតែមិនផ្លាស់ប្តូរ។

រយៈពេលប៉ុន្មានម៉ោង ក្រោយ AFC ប្រកាសលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន មានអ្នកគាំទ្រភាគច្រើនមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អាស៊ីនេះឡើយ។ មតិ​នានា​បាន​ចោទ និងចំអក AFC លម្អៀងទៅកាតា និងអារ៉ាប៊ីសាអូឌីតដែលជាប្រទេសអ្នកមាន ចំពោះ​ដំណើរការ​ជ្រើសរើសប្រទេសម្ចាស់ផ្ទះវគ្គជម្រុះជុំទី៤។

ការប្រកួតបាល់ទាត់សំខាន់ៗនាពេលថ្មីៗនេះ ភាគច្រើនត្រូវបានប្រារព្ធឡើងនៅអាស៊ីខាងលិច។ ក្នុងនោះកាតាបានធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២២, Asian Cup ឆ្នាំ ២០២៣ និង U23 Asian Cup ឆ្នាំ ២០២៤។ អារ៉ាប៊ីសាអូឌីត គ្រោងធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣០, U23 Asian Cup ឆ្នាំ ២០២៦ និង Asian Cup ឆ្នាំ ២០២៧ ។ អេមីរ៉ាតអារ៉ាប់រួម ជាម្ចាស់ផ្ទះ Asian Cup ឆ្នាំ ២០១៩។

ទោះយ៉ាងណាក៏ដោយ លោក Erick Thohir ប្រធាន PSSI នៅតែបង្ហាញការគោរពចំពោះការសម្រេចចិត្តរបស់ FIFA និង AFC។ មហាសេដ្ឋីឥណ្ឌូណេស៊ី រូបនេះ ជំរុញស្មារតីកីឡាកររបស់ខ្លួន ឱ្យប្រឹងប្រែងបន្ថែម ជាជាងវែកញែកអំពីតម្លាភាពក្នុងការជ្រើសរើសប្រទេសម្ចាស់ផ្ទះ។

«យើងត្រូវប្រឹងប្រែងបន្ថែមឱ្យខ្លាំងជាងមុន។ អាទិភាពរបស់យើងគឺប្រឹង មិនមែនវែកញែកចំពោះការសម្រចរបស់ AFC នោះទេ។ យើងសង្ឃឹមថាការប្រកួតទាំងអស់នឹងដំណើរការដោយយុត្តិធម៌»។ លោក Thohir បន្ថែម។

ការប្រកួតជម្រុះជុំទី៤ នឹងធ្វើឡើងនៅក្នុងខែតុលា ចាប់ផ្តើមនៅថ្ងៃទី៨ ថ្ងៃទី១១ និងទី១៤។ ការចាប់ឆ្នោតរើសពូល នឹងធ្វើនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងក្រុងអូសាកា ប្រទេសជប៉ុន៕

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

មុំ ពិទូរ្យ