- ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១២:០១ នាទី រសៀល

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មឥណ្ឌា(ICC) កាលពីថ្ងៃទី១៦ មិថុនា លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានស្នើឱ្យភាគីឥណ្ឌាពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) និងចូលរួមរៀបចំប្រព័ន្ធផលិតកម្មផ្តោតលើការកសាង សហគមន៍កសិកម្មទំនើប និងផ្តល់បច្ចេកទេសចិញ្ចឹមគោទឹកដោះកាន់តែច្បាស់ទូលំទូលាយ។
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មឥណ្ឌា(ICC) ដើម្បីស្វែងរកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មលើវិស័យកសិកម្ម និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ តាមរយៈជំនួបនេះ លោក Rajjev Singh Tyagi អគ្គនាយកសភាពាណិជ្ជកម្មឥណ្ឌា(ICC) បានបង្ហាញគោលជំហរផ្លាស់ប្តូរបទពិសោធក្នុងវិស័យកសិកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងជំនួបខាងលើ រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកពីសក្ដានុពលកសិកម្មរបស់កម្ពុជា ដូចជា ស្រូវអង្ករ ស្វាយចន្ទី ដំឡូងមី ម្រេច គ្រឿងទេស ដែលមានគុណភាពខ្ពស់ ជាឱកាសល្អសម្រាប់អ្នកវិនិយោគឥណ្ឌាក្នុងការកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមលោក ប្រាក់ ដាវីដ កម្ពុជាចង់ប្រែក្លាយពីការនាំចេញវត្ថុធាតុដើម មកជាការនាំចេញផលិតផលសម្រេច ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។
លោក ប្រាក់ ដាវីដ ប្រាប់ទៅភាគីឥណ្ឌាថា ប្រទេសកម្ពុជា មានច្បាប់ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់រាល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រើន និងក្របខណ្ឌច្បាប់ដែលអំណោយផលដល់ការវិនិយោគផងដែរ។ ជាមួយគ្នានេះ រដ្ឋលេខាធិការរូបនេះ ក៏បានស្នើឱ្យភាគីឥណ្ឌាពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) ចូលរួមរៀបចំប្រព័ន្ធផលិតកម្មផ្តោតលើការកសាង សហគមន៍កសិកម្មទំនើប។
លើសពីនេះ ការនាំចូលជី-ថ្នាំកសិកម្ម ដែលមានគុណភាពល្អ និងតម្លៃសមរម្យ ផ្តល់បច្ចេកទេសចិញ្ចឹមគោទឹកដោះកាន់តែច្បាស់ទូលំទូលាយ និងការអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ដែលជាអាហារូបត្ថម្ភសម្រាប់ប្រជាជន សំដៅបង្កើននូវភោគផលសេដ្ឋកិច្ច និងជួយកាត់បន្ថយសម្ពាធធនធានធម្មជាតិចេញពីការនេសាទ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ