ជំនួបកំពូលក្រុមប្រទេស​ហ្សេ៧ គ្របដណ្តប់ដោយ​ជម្លោះបង្ហូរឈាមគ្នា​រវាង​អ៊ីស្រាអែល និងអ៊ីរ៉ង់
  • ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៩ នាទី រសៀល
ជំនួបកំពូលក្រុមប្រទេស​ហ្សេ៧ គ្របដណ្តប់ដោយ​ជម្លោះបង្ហូរឈាមគ្នា​រវាង​អ៊ីស្រាអែល និងអ៊ីរ៉ង់
ជំនួបកំពូលក្រុមប្រទេស​ហ្សេ៧ គ្របដណ្តប់ដោយ​ជម្លោះបង្ហូរឈាមគ្នា​រវាង​អ៊ីស្រាអែល និងអ៊ីរ៉ង់ REUTERS - Chris Helgren

មេដឹកនាំរបស់ប្រទេសមហាអំណាចឧស្សាហកម្ម G7 បើកជំនួបកំពូលនៅថ្ងៃចន្ទ ទី១៦ មិថុនានេះនៅរមណីយដ្ឋានទេសចរណ៍ Kananakis ស្ថិតភាគខាងលិចប្រទេសកាណាដា។ ជាគោលការណ៍ ជំនួបកំពូលក្រុមប្រទេស G7 ត្រូវផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ច ប៉ុន្តែ​កាន់តែដាបខ្លាំងនៅអ៊ុយក្រែន និងការផ្ទុះសង្រ្គាមថ្មីៗនៅដើមបូព៌ា ដោយសារអ៊ីស្រាអែល​បើកការវាយប្រហារទៅលើអ៊ីរ៉ង់បានធ្វើឲ្យថ្នាក់ដឹកនាំក្រុមប្រទេសមហាឧស្សាហកម្មចៀសមិនផុតពីការពិភាក្សាដោះស្រាយជាចំបងលើវិបត្តិភូមិសាស្រ្តនយោបាយដ៏ស្មុគស្មាញ។

មេដឹកនាំរបស់ប្រទេសមហាអំណាចឧស្សាហកម្ម G7 បានធ្វើដំណើរទៅដល់ប្រទេស​កាណាដា ជាបន្តបន្ទាប់គ្នាដើម្បីចូលរួមនៅក្នុងជំនួបកំពូលដែលត្រូវចាប់ផ្តើមនៅថ្ងៃចន្ទទី ១៦មិថុនានេះ នៅឧទ្យានជាតិ Kananaskis រមណីយដ្ឋានទេសចរណ៍ដ៏ល្បីឈ្មោះរបស់ កាណាដា។ នៅក្នុងជំនួបកំពូល ក្រុមប្រទេស G7 (អង់គ្លេស អាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា បារាំង អ៊ីតាលី និងជប៉ុន) នឹងមានចូលរួមពីថ្នាក់ដឹកនាំរបស់ប្រទេសភ្ញៀវ​មួយ​ចំនួនមានឥណ្ឌា ម៉ិកស៊ិក អ៊ុយក្រែន អាហ្វ្រិកខាងត្បូង សហភាពអឺរ៉ុប និងអូស្ត្រាលី។ 

នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃ (នៅថ្ងៃចន្ទ និងថ្ងៃអង្គារទី ១៧មិថុនា) ថ្នាក់ដឹកនាំរបស់មហាអំណាចឧស្សាហកម្មនឹងត្រូវជជែកដោយស្មោះត្រង់គ្នាទៅវិញ ទៅមក។

ក្រុមប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដែលជាដៃគូពាណិជ្ជកម្ម និងមានចំណងយោធាជាមួយអាមេរិកទន្ទឹងចង់ឲ្យលោកដូណាល់ ត្រាំ បញ្ជាក់ជំហរច្បាស់ៗរបស់អាមេរិក ទាំងនៅក្នុងផ្នែកសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ។ 

សង្រ្គាមនៅអ៊ុយក្រែនជាប្រធានបទធំដែលសមាជិករបស់ G7 នៅអឺរ៉ុបចង់ជជែកជាមួយលោកដូណាល់ ត្រាំនៅក្នុងកិច្ចប្រជុំលើកនេះ ព្រោះគេចង់ឲ្យមេដឹកនាំអាមេរិកប្រកាន់ជំហរតឹងរ៉ឹង ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដូចជាការទម្លាក់តម្លៃប្រេងជាដើម។ ប៉ុន្តែនៅក្នុងបរិបទផ្ទុះឡើងនៃសង្រ្គាមអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់នៅទីផ្សារអន្តរជាតិ ក្រុមប្រទេសសមាជិក G7 ពិបាកនឹងបញ្ចុះបញ្ចូលលោកដូណាល់ ត្រាំ ដែលហាក់ងាកទៅរកលោកពូទីន និងលែងចង់រវល់ពីវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។

សង្រ្គាមនៅអ៊ុយក្រែន និងសំណុំរឿងផ្សេងទៀតត្រូវគ្របដណ្តប់បាំងបាត់ដោយស្ថានការណ៍ក្តៅគគុកនៅដើមបូព៌ា បន្ទាប់ពីអ៊ីស្រាអែលបើកសង្រ្គាមវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រទី ១៣ មិថុនា។ ការវាយប្រហារមីស៊ីល សងសឹកគ្នាទៅមកទៅមក រហូតមកដល់ថ្ងៃចន្ទទី ១៧ មិថុនា បានបណ្តាលឲ្យមានមនុស្សស្លាប់២២៤នាក់ និងរបួស ជាង១ពាន់នាក់នៅភាគីអ៊ីរ៉ង់។ 

នៅអ៊ីស្រាអែល មានមនុស្ស២៤នាក់បានស្លាប់ និងរបួសប្រមាណ៣៨០នាក់ នៅពេលគ្រាប់មីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់វាយទម្លុះប្រព័ន្ធខែលមីស៊ីលរបស់រដ្ឋអ៊ីស្រាអែល។ យោងតាមប្រភពមន្រ្តីរដ្ឋាភិបាលដែលស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង AFP ថ្នាក់ដឹកនាំរបស់ក្រុមប្រទេសមហាអំណាចឧស្សាហកម្មនឹងព្យាយាមកាត់បន្ថយការខ្វែងគំនិតគ្នាដើម្បីចេញសេចក្តីប្រកាសរួមមួយស្តីពីការផ្ទុះអាវុធរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

តើក្រុមប្រទេស G7 នឹងអំពាវនាវឲ្យភាគីជម្លោះបញ្ឈប់ការប្រយុទ្ធគ្នា ឬបញ្ជាក់ជំហរគាំទ្រអ៊ីស្រាអែលដែលវាយប្រហារអ៊ីរ៉ង់ក្រោមហេតុផលប្រើសិទ្ធិការពារខ្លួន? ប្រធានាធិបតីអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលបានប្រាប់ឲ្យអ៊ីរ៉ង់យល់ព្រមចរចាជាមួយអ៊ីស្រាអែល មុននឹងព្រមានពីការលូកដៃចូលរបស់អាមេរិកទៅក្នុងសង្រ្គាម។

រងការវាយប្រហារពីអ៊ីស្រាអែល អ៊ីរ៉ង់ដែលរងការចោទប្រកាន់ពីអ៊ីស្រាអែលថាកំពុងលួចអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរយោធាកំពុងចាញ់ប្រៀប និងរងការដាក់សម្ពាធខ្លាំងពីបណ្តាប្រទេសលោកខាងលិច។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែនជាដើមបាននិយាយជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលឲ្យស្វែងរកដំណោះស្រាយរយៈពេលវែងជាមួយអ៊ីរ៉ង់ តែមិនបានអំពាវនាវឲ្យមានបទឈប់បាញ់ទេ។ 

ចំណែកប្រធានាធិបតីបារាំងលោកម៉ាក្រុងវិញបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ តែជាមួយគ្នានោះ អ៊ីរ៉ង់ត្រូវតែយល់ព្រមចរចាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមួយអាមេរិក។ 

ដោយចៀសវាងមិនបង្កើនភាពតានតឹង ជាមួយលោកដូណាល់ ត្រាំដែលបានប្រកាសដំឡើងពន្ធលើទំនិញនាំចូលអាមេរិក ដោយមិនលើកលែងសូម្បីសម្ព័ន្ធមិត្ត ក្រុមប្រទេសមហាអំណាចឧស្សាហកម្ម ដូចជាបារាំង អង់គ្លេស ជប៉ុន អាល្លឺម៉ង់ និងអឺរ៉ុបជាដើមក៏នឹងឆ្លៀតយកកិច្ចប្រជុំ G7 ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិកឲ្យយល់ពីផលប្រយោជន៍ និងផលវិបាកចំពោះគ្រប់គ្នាដោយសារវិធានការដំឡើងពន្ធរបស់អាមេរិក៕

ដោយ៖ ឈាង បុប្ផា/ RFI ខេមរភាសា 


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other