អតីតអង្គរក្ស Bukhari សរសើរ Ronaldo ជាមេល្អ ដែលផ្តល់ថ្លៃពលកម្មខ្ពស់ ១ថ្ងៃ ១ពាន់ដុល្លារ
  • ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
អតីតអង្គរក្ស Bukhari សរសើរ Ronaldo ជាមេល្អ ដែលផ្តល់ថ្លៃពលកម្មខ្ពស់ ១ថ្ងៃ ១ពាន់ដុល្លារ

លោក Hichman Bukhari អតីតអង្គរក្សការពារ Cristiano Ronaldo ផ្ទាល់ បង្ហើបថាខ្លួនធ្លាប់ទទួលបានថ្លៃឈ្នួលខ្ពស់ អំឡុងពេលការពារតារាបាល់ទាតព័រទុយហ្កាល់។ Bukhari ដែលទទួលបានប្រាក់ឈ្នួលមួយថ្ងៃជាង ១ពាន់ដុល្លារ សរសើរកីឡាករវ័យ ៤០ឆ្នាំ ជាមេល្អ។

TTN-Free-Banner-In-Article-PC

នៅក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ Telecinco អតីតអង្គរក្ស Ronaldo ដែលជាអតីតយោធា និងអ្នកជំនាញផ្នែកការងារ បានចែករំលែកអំពីជីវិតរស់នៅ និងការងារកីឡាករសញ្ជាតិព័រទុយហ្កាល់ រយៈពេល ៤ឆ្នាំ ពេលកីឡាករវ័យ ៤០ឆ្នាំ ប្រកបអាជីពនៅក្លិប Real Madrid។ 

ជាផ្នែកនៃក្រុមការងារសន្តិសុខដល់ Ronaldo និងជាអ្នកការពារផ្ទាល់ លោក Bukhari បាននិយាយថាខ្លួនរកបានចំណូលយ៉ាងច្រើនពីកំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោក។

អតីតអង្គរក្សសញ្ជាតិម៉ារ៉ុករូបនេះ អះអាងថាគេអាចរកបានប្រាក់ជាង ១ ១៥៤ដុល្លារ ក្នុងមួយថ្ងៃ ឬមួយខែគេរកបាន ២,៨ម៉ឺនដុល្លារ និងក្នុងមួយឆ្នាំជាង ៣០ម៉ឺនដុល្លារ។

ទោះបីជាជួបស្ថានភាពប្រកួតប្រជែងខ្លាំង ពេលកំពូលកីឡាករបាល់ទាត់ល្បីលំដាប់ពិភពលោក ត្រូវប្រឈមមុខជាមួយអ្នកគាំទ្រ ក្រុមអ្នកលួចថតរូប បញ្ហាសន្តិសុខកើតមានឡើងមិនដឹងមុន ប៉ុន្តែលោក Bakhuri ថាការងារជាមួយ Ronaldo មិនសូវមានហានិភ័យនោះទេ។ Bukhari ថែមទាំងសរសើរដល់ទំនាក់ទំនងរបស់គេជាមួយនឹងកីឡាករវ័យ ៤០ឆ្នាំ ហើយថាកីឡាករព័រទុយហ្កាល់ជាមេដ៏ល្អមួយរូប។

បច្ចុប្បន្ន Ronaldo កំពុងប្រកបអាជីពនៅទឹកដីអារ៉ាប៊ីសាអូឌីត បន្ទាប់ពីរូបគេបានចាកចេញពីក្លិប Real Madrid ក្នុងឆ្នាំ ២០១៨ ផ្លាស់ក្លិប Juventus លេងរយៈពេល​ ៤ឆ្នាំ មុនពេលបន្តផ្លាស់ទៅក្លិប Manchester United ក្នុងឆ្នាំ ២០២១។ ឆ្នាំ ២០២៣ Cristiano Ronaldo បានផ្តាច់កិច្ចសន្យាជាមួយនឹងក្លិប Man Utd ផ្លាស់ទៅកាន់ក្លិប Al Nassr ហើយក្លាយជាកីឡាកររកបានប្រាក់ចំណូលប្រមាណជាង​ ២៣១លានដុល្លារ ក្នុងមួយឆ្នាំ៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង