រដ្ឋ នឹងផ្តល់ការព្យាបាលជំងឺឥតគិតថ្លៃដល់ពលរដ្ឋខ្មែរ ករណីថៃមិនទទួលព្យាបាល
- ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៦:៤៥ នាទី ល្ងាច

អ្នកជំងឺដែលកំពុងព្យាបាលក្នុងផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដែលត្រូវផ្សាយនៅទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
រដ្ឋ នឹងផ្តល់ការព្យាបាលជំងឺដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋខ្មែរ ដែលទៅស្វែងរកការព្យាបាលជំងឺនៅប្រទេសថៃ ប៉ុន្តែត្រូវបានពេទ្យថៃបដិសេធមិនផ្តល់ការព្យបាល។ សម្តេច ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា។

ប្រមុខរាជរដ្ឋាភិបាល គូសបញ្ជាក់ដូច្នេះ៖ «ខ្ញុំឱ្យឯកឧត្តម ឈាង រ៉ា(រដ្ឋមន្ត្រី)ក្រសួងសុខាភិបាល បើទៅនោះ(ថៃ) មិនអាចទទួលការព្យាបាល ត្រឡប់មកវិញ ជួយដឹកជញ្ជូនយកមក ដើម្បីពេទ្យយើងព្យាបាលតែម្តង។ រាជរដ្ឋាភិបាលត្រៀមលក្ខណៈ ព្យាបាលជូន ដោយមិនគិតថ្លៃ។»។
ប្រមុខរាជរដ្ឋាភិបាល ក៏មិនភ្លេចរំឭក និងទទូចឱ្យពលរដ្ឋខ្មែរ ទាំងអ្នករស់នៅកម្ពុជា និងអ្នកកំពុងរស់នៅប្រទេសថៃ បន្ត រក្សាជំហអត់ធ្មត់ និងក្រមសីលធម៌ ដោយកុំរើសអើង និងបង្កហិង្សាលើពលរដ្ឋថៃ។ សម្តេច ហ៊ុន ម៉ាណែត ទទូចបែបនេះ៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ នៅកម្ពុជា សូមប្រកាន់ជំហរច្បាស់លាស់ ប្រកាន់ប្រកសីលធម៌ កុំធ្វើបាប ឬមួយរើសអើងបងប្អូនថៃ នៅកម្ពុជា។ កុំលេងល្បែងបែបនេះ។ គេធ្វើរឿងរបស់គេ មិនចាំបាច់យើងត្រូវទៅដុត ឬមួយចាប់ ឬមួយជេរ ឬចាប់ប្រជាជនថៃដែលរស់នៅកម្ពុជានោះទេ។ មានអ្នកល្អ អ្នកអាក្រក់។ នៅថៃ ទន្ទឹមនឹងមានការស្មារតីជាតិនិយម អ្នកខ្លះមើលងាយ ជនជាតិខ្មែរយើង ក៏មានអ្នកស្រឡាញ់យើងនៅទីនោះដែរ។»។
ក្រៅពីបញ្ជាក់ពីការធានាព្យាបាលពលរដ្ឋខ្មែរ សម្តេចនាយករដ្ឋមន្ត្រី ក៏គូសបញ្ជាក់ជាថ្មី ដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យជួយសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសថៃ ដែលចង់វិលត្រឡប់មកកម្ពុជាវិញ ឱ្យធានាបាននូវភាពរលូន ទោះមានឬគ្មានឯកសារក៏ដោយ។ មកដល់កម្ពុជា សម្តេច ហ៊ុន ម៉ាណែត អះអាងថា អាជ្ញាធរបានត្រៀមកន្លែងស្នាក់នៅបណ្តោះអាសន្ន និងត្រៀមរថយន្តសម្រាប់ដឹកពលរដ្ឋទាំងនោះទៅកាន់ស្រុកកំណើត។ ជាពិសេសគឺអាជ្ញាធរកម្ពុជា បានដាក់ភ្នាក់ងារជាតិ និងមុខរបរ ដើម្បីសម្ភាសការងារភា្លមៗ នៅព្រំដែន ដល់ពលរដ្ឋខ្មែរ។
ក្នុងករណីរងការប្រមាថ រើងអើង ទ្រាំមិនបាន សម្តេច ហ៊ុន ម៉ាណែត អំពាវនាវ ឱ្យពលរដ្ឋខ្មែរ វិលត្រឡប់មកកម្ពុជាវិញ ដើម្បីរួបរួមគ្នាបង្ហាញពីស្មារតីសាមគ្គីភាព និងឯកភាពជាតិ ដែលនេះជាជំហាននៃការកសាងប្រទេសជាតិឱ្យបន្តរីកចម្រើន រឹងមាំបន្ថែមទៀត។
ចំណែកឯនិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសថៃ ក៏អាចវិលត្រឡប់មកបន្តការសិក្សានៅកម្ពុជាវិញដែរ ប្រសិនបើរងការរើសអើង និងប្រមាថ។ រដ្ឋ ក៏នឹងរ៉ាប់រងការចំណាយថ្លៃសិក្សាឱ្យនិស្សិតទាំងនោះផងដែរ។ បើតាមក្រសួងអប់រំ បច្ចុប្បន្ន មាននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសថៃ ចំនួន ១ ៨៧១នាក់ កំពុងសិក្សានៅប្រទេសថៃ ក្នុងនោះមានថ្នាក់បរិញ្ញាបត្ររង ១១នាក់, បរិញ្ញាបត្រ ១ ៣៧២ នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ៣៦១នាក់, ថ្នាក់បណ្ឌិត ១២៦នាក់ និងថ្នាក់ជំនាញក្រោយបរិញ្ញាបត្រ១នាក់៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com