អាកាសធាតុក្តៅនៅអាម៉េរិក បង្កក្តីបារម្ភដល់សុខុមាលភាពកីឡាករប្រកួតក្នុង​ Club World Cup
  • ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៥៦ នាទី រសៀល
អាកាសធាតុក្តៅនៅអាម៉េរិក បង្កក្តីបារម្ភដល់សុខុមាលភាពកីឡាករប្រកួតក្នុង​ Club World Cup

អាកាសធាតុក្តៅហើយសើមក្នុងប្រទេសអាម៉េរិក អំឡុងព្រឹត្តិការណ៍បាល់ទាត់ FIFA Club World Cup ឆ្នាំ ២០២៥ បង្កក្តីបារម្ភចំពោះបញ្ហាសុខភាព កីឡាករបាល់ទាត់ គ្រូបង្វឹក និងអ្នកគាំទ្រ។ ដោយសារបញ្ហាអាកាសធាតុនេះ មានការទាមទារឱ្យមានពេលសម្រាកខ្លីតាមវគ្គនីមួយៗ និងការរៀបចំកាលវិភាគប្រកួតមួយចំនួនឡើងវិញ។

TTN-Free-Banner-In-Article-PC

ក្នុងជំនួបរវាង Paris Saint Germain យកឈ្នះ Atletico Madrid លទ្ធផល ៤-០ ធ្វើឡើងនៅពេលរសៀលក្រោមកម្តៅថ្ងៃសីតុណ្ហភាពប្រមាណ ៣២អង្សាសេ ក្នុងទីក្រុង Pasadena កាលពីថ្ងៃទី១៦ មិថុនា។ ក្រៅពីកីឡាករកំពុងប្រកួតក្នុងទីលាន នៅទីតាំងអង្គុយរបស់អ្នកគាំទ្រក្នុងកីឡដ្ឋាន Rose Bowl ក៏ត្រូវអង្គុយទស្សនាការប្រកួតក្រោមកម្តៅថ្ងៃដូចគ្នា។

កីឡាករ Marcos Llorente របស់ក្រុម AT Madrid រៀបរាប់ពីស្ថានភាពក្នុងការប្រកួតនោះ ថាមានភាពក្តៅខ្លាំងពីកត្តាអាកាសធាតុ ហើយអះអាងថាផ្ទៃមុខ ច្រមុះ ម្រាមដៃ ក្រចកដៃជើងរបស់គេគឺមានបញ្ហាឈឺចាប់ ព្រោះមេឃក្តៅពេក។ អ្នកគាំទ្រភាគច្រើនរអ៊ូរទាំចំពោះអាកាសធាតុក្តៅ នៅកីឡដ្ឋានគ្មានដំបូល រហូតអ្នកគាំទ្រផ្សេងទៀតបានរិះគន់ និងខ្លះបានចេញពីកន្លែងអង្គុយទស្សនាមុនបញ្ចប់វគ្គនៃការប្រកួត ដើម្បីស្វែងរកទឹកផឹក និងបារម្ភពីការដួលសន្លប់ជាដើម។

បញ្ហាបានកើតឡើងរួច បង្កឱ្យមានក្តីបារម្ភចំពោះក្លិប កីឡាករ និងអ្នកគាំទ្រ ដែលមានកាលវិភាគប្រកួតបន្ទាប់នៅចំពេលរសៀល។

មិនមែនមានតែហេតុការកើតមានក្នុងការប្រកួតក្នុងទីក្រុង​ Pasadena តែមួយនោះទេ ការប្រកួតនៅទីក្រុងម៉ៃអាមី និងទីក្រុង Los Angeles ក៏រងផលប៉ះពាល់ពីអាកាសធាតុក្តៅ កម្រិតប្រមាណ ៣០អង្សាសេដូចគ្នាដែរ។  ករណីនេះឈានធ្វើឱ្យស្ថាប័នកីឡាករបាល់ទាត់អាជីពពិភពលោក (FIFPRO) ប្រមានអំពីផលប៉ះពាល់ដល់សុខភាពកីឡាករ។ ស្ថាប័ន FIFPRO បានទទូចឱ្យ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) សម្លឹងមើលឱកាសកែប្រែកាលវិភាគសម្រាប់ការប្រកួតមួយចំនួនឡើងវិញ។

ជំនួបរវាង Real Madrid ទល់នឹងក្រុម Al Hilal ថ្ងៃទី១៨ មិថុនា ធ្វើឡើងក្នុងកីឡដ្ឋាន Hard Rock ក្នុងប្រទេសអាម៉េរិកត្រូវបានគេរំពឹងថានឹងធ្វើឡើងចំពេលរសៀល ដែលទំនងមានស្ថានភាពកម្តៅប្រមាណ ៣២អង្សាសេ ស្ទើរពេញការប្រកួតនោះ។

កន្លងមក បញ្ហាអាកាសធាតុក្តៅក្នុងប្រទេសអាម៉េរិកនេះ បានបង្កឱ្យមានការរិះគន់ខ្លាំងពីសំណាក់មតិអ្នកជំនាញ និងគ្រូបង្វឹកក្រុមបាល់ទាត់មួយចំនួន ដែលអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខភាពកីឡាករ បន្ទាប់ពី FIFA បានបង្កើនចំនួនការប្រកួតច្រើនទៅក្នុងពានរង្វាន់ FIFA Club World Cup ដែលនៅគៀកនឹងព្រឹត្តិការណ៍ World Cup។ កីឡាករដែលឆ្លងកាត់ការប្រកួតញឹកញាប់ពេក ក៏ប្រឈមនឹងបញ្ហារបួស ដែលនេះជាក្តីបារម្ភធំពីសំណាក់ក្រុមធំៗ និងជម្រើសជាតិធំៗកម្រិតពិភពលោក៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង