- ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

លោកប្រធានាធិបតីចិន លោកស៊ី ជីនពីង បានទៅដល់ទីក្រុងអាស្តាណា រដ្ឋធានីនៃប្រ ទេសកាហ្សាក់ស្ថាន នៅថ្ងៃចន្ទ ទី១៦ មិថុនា ដើម្បីចូលរួមកិច្ចប្រជុំកំពូល ចិន-អាស៊ី កណ្តាល លើកទីពីរ។ តាមរយៈ ជំនួបកំពូលជាមួយថ្នាក់ដឹកនាំ ប្រទេសអតីតសហភាព សូវៀតទាំង៥ ប្រទេសនៅតំបន់នេះ លោកប្រធានាធិបតីចិន កំពុងតែបង្ហាញអំពីភាពជាមេដឹកនាំដ៏ធំ ខណៈរុស្ស៊ីកំពុងអស់ឥទ្ធិពល ដោយសារតែរវល់ជាប់ដៃធ្វើសង្គ្រាមនៅអ៊ុយក្រែន។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ទីក្រុងអាស្តាណា រដ្ឋធានីរបស់កាហ្សាក់ស្ថាន កាលពីល្ងាចថ្ងៃចន្ទ ទី១៦មិថុនា ដើម្បីចូលរួមជំនួបកំពូល ចិន-អាស៊ីកណ្តាល។ មុននឹងជំនួបកំពូលបានចាប់ផ្តើមជាផ្លូវការ លោកប្រធានាធិបតីចិន បានជួបដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំនៃប្រទេសអាស៊ីកណ្តាលទាំង៥ ដែលមានកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន និងតួកម៉េនីស្ថាន។
ផ្អែកតាមបណ្តាញព័ត៌មានផ្លូវការរដ្ឋចិន ក្នុងពេលជួបគ្នា លោកស៊ី ជីនពីង បានថ្លែងលើកឡើងអំពីសារសំខាន់ ដែលត្រូវតែពន្លឿនការសាងសង់ផ្លូវដែក ដែលតភ្ជាប់ពីចិន កៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន។ គម្រោងដ៏ធំមហាសាលនេះ គឺជាផ្នែកមួយនៃគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន ដើម្បីតភ្ជាប់បណ្តាញដឹកជញ្ជូន ពីចិនឆ្ពោះទៅកាន់អឺរ៉ុប។
គួរកត់សម្គាល់ថា តាំងតែពីដើមរៀងមក តំបន់អាស៊ីកណ្តាលគឺជាដែនឥទ្ធិពលរបស់រុស្ស៊ីសឹងតែផ្តាច់។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនការខិតខំប្រឹងប្រែងការទូតរបស់ខ្លួនជាខ្លាំង នៅអាស៊ីកណ្តាល ដែលជាតំបន់សម្បូរទៅដោយប្រេង និងឧស្ម័នធម្មជាតិ។
តំបន់អាស៊ីកណ្តាលដ៏ធំល្វឹងល្វើយនេះ ក៏ជាផ្លូវឆ្លងកាត់ដ៏សំខាន់ណាស់ដែរ សម្រាប់ការដឹកជញ្ជូនទំនិញរវាងអឺរ៉ុប និងអាស៊ី។ យ៉ាងណាក៏ដោយ ពេលអ្នកកាសែតជជីកសួរកាលពីថ្ងៃចន្ទ ទី១៦ មិថុនា លោក ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រេមឡាំង បានអះអាងថា រុស្ស៊ីមិនមានអ្វីបារម្ភ ឬខ្លាចទេ ចំពោះការដែលចិនមានទំនាក់ទំនងសហប្រតិបត្តិការល្អ ជាមួយប្រទេសតំបន់អាស៊ីកណ្តាល។
គួរបញ្ជាក់ដែរថា ទោះបីជាក្រុមប្រទេសអាស៊ីកណ្តាល បានរក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ី ដែលធ្លាប់ជាមេកើយកាលពីជំនាន់សហភាពសូវៀតក៏ដោយក៏គេសង្កេតឃើញថា ឥទ្ធិពលរុស្ស៊ីកាន់តែចុះថយ បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង។ ក្រុមប្រទេសអាស៊ីកណ្តាល បានព្យាយាមរលាស់ដៃចេញពីរុស្ស៊ី យ៉ាងប្រុងប្រយ័ត្នបំផុត ដោយមិនចង់ឃើញវាសនាខ្លួន ធ្លាក់ក្លាយជាជនរងគ្រោះត្រូវរុស្ស៊ីឈ្លានពានដូចអ៊ុយក្រែន។
នៅក្នុងបរិបទនេះ ចិនបានក្លាយជាបង្អែកសេដ្ឋកិច្ចមួយដ៏មិនអាចខ្វះបាន។ ចិនបាន ក្លាយ ជាដៃគូពាណិជ្ជកម្មធំបំផុត សម្រាប់តំបន់អាស៊ីកណ្តាល ជាមួយនឹងការដោះដូរពាណិជ្ជកម្ម គិតជាទឹកប្រាក់ ប្រមាណ ៩៥ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ នេះបើផ្អែកតាមតួលេខ របស់អាជ្ញាធរគយចិន។
ដោយឡែក ការដោះដូរពាណិជ្ជកម្ម រវាងតំបន់អាស៊ីកណ្តាល និងរុស្ស៊ីវិញ មានទំហំប្រមាណ ៤៤ពាន់លានដុល្លារ នៅឆ្នាំ២០០៣ ខណៈជាមួយសហភាពអឺរ៉ុបមានប្រមាណ ៥៤ពាន់លានដុល្លារ។ លោកស្រី Narguiza Mouratalieva អ្នកជំនាញភូមិសាស្ត្រនយោ បាយកៀហ្ស៊ីស៊ីស្ថានបានលើកឡើងថា ទាំងរុស្ស៊ី និងទាំងអឺរ៉ុប គ្មាននរណាអាចមាន លទ្ធភាព ចាក់បញ្ចូលប្រាក់វិនិយោគបានច្រើន និងលឿនរហ័សដូចចិនទេ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនចិនបានចុះកិច្ចសន្យាយ៉ាងព្រោងព្រាត ជាមួយបណ្តា ប្រទេសអាស៊ីកណ្តាល ឧទាហរណ៍ដូចជានៅក្នុងវិស័យថាមពល ការស្រាវជ្រាវរកឧស្ម័ន នៅតួកម៉េនីស្ថាន វិស័យរ៉ែអ៊ុយរ៉ានីញ៉ូមនៅកាហ្សាក់ស្ថាន និងរ៉ែដីកម្រនៅតាស៊ីគីស្ថាន ជាដើម។
តំបន់អាស៊ីកណ្តាល សំបូរទៅដោយធនធានរ៉ែដ៏មានតម្លៃ។ ទាំងនេះហើយដែលចិនត្រូវ ការបំផុត ដើម្បីបំពេញដំណើរការសេដ្ឋកិច្ច និងសង្វាក់ផលិតកម្ម។ មានផ្ទៃដីប្រហាក់ ប្រហែលសហភាពអឺរ៉ុប តំបន់អាស៊ីកណ្តាល មានប្រជាជនប្រមាណតែ ៨០លាននាក់ ប៉ុណ្ណោះ។
ចំណែកចិនវិញ មានប្រជាជនដល់ទៅ ១ ៤០០លាននាក់។ នៅក្នុងក្របខណ្ឌ សហប្រតិបត្តិការសេដ្ឋកិច្ច ប្រទេសអាស៊ីកណ្តាលខ្លះបានចាប់ផ្តើម អនុញ្ញាតឲ្យជនជាតិចិនអាចចូលទៅធ្វើការរកស៊ី ដោយមិនចាំបាច់មានទិដ្ឋាការ៕
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
