សាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេ​នៅកម្ពុជា តម្លៃជាង២៦លានដុល្លារ ​នឹង​​​បើកសាកល្បង ​នៅ​​ថ្ងៃទី​២៧ខែ​​មិថុនា
  • ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៩ នាទី ព្រឹក
សាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេ​នៅកម្ពុជា តម្លៃជាង២៦លានដុល្លារ ​នឹង​​​បើកសាកល្បង ​នៅ​​ថ្ងៃទី​២៧ខែ​​មិថុនា
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ (កណ្តាល) និងប្រតិភូ ទស្សនកិច្ចនៅសាលាវិជ្ជាជីវៈទេសចរណ៍ សាខាខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ រូបភាព៖ ហ្វេសប៊ុក្រសួងទេសចរណ៍

កម្ពុជា នឹងដាក់ឱ្យដំណើរការសាកល្បង សាលាវិជ្ជាជីវៈទេស​ចរណ៍ ដំបូងគេ​​បង្អស់​នៅក្នុងប្រ​ទេស ​​​នៅ​ថ្ងៃទី​២៧ ខែ​​មិថុនាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់​ក្រសួង​ទេសចរណ៍ នៅ​​ទំព័រ​ហ្វេស​ប៊ុក កាលពីថ្ងៃទី១៧មិថុនា។

TTN-Free-Banner-In-Article-PC

សាលាវិជ្ជាជីវៈទេសចរណ៍ មាន២ទីតាំង នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ត្រូវ​បាន​សាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ២៦,៥លានដុល្លារ ក្នុងនោះថវិកាចំនួន​ ១១លានអឺរ៉ូជាកម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)។ 

ក្រសួងទេសចរណ៍ បញ្ជាក់ថា សាលាវិជ្ជាជីវៈទេសចរណ៍នេះ នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​លើ ផ្នែកសេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍, ផ្នែក​សេ​វាកម្មម្ហូបអាហារ និង​ភេស​ជ្ជៈ​, ផ្នែកសេវាកម្មធ្វើដំណើរ និង​ផ្នែកសេវាកម្មទេសចរណ៍​ដែល​​ស្របទៅតាមស្តង់ដា​ជាតិ និងអាស៊ាន។ 

សិស្ស និងនិសិ្សត នឹង​ទទួល​បាននូវជំនាញវិជ្ជាជីវៈទេសចរណ៍​ស្រប​តាម​ស្ដង់​​ដា និងប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស​ក្នុងវិស័យ​ទេស​ចរណ៍ សម្រាប់ឆ្លើយតបទៅនឹងការរីកចម្រើន នៃវិស័យទេសចរណ៍កម្ពុជា។ នេះបើតាមកា​រ​ផ្សាយ​ដដែល​។ 

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍(ស្តាំ) និង លោក Jacques Pellet ឯក​អគ្គរដ្ឋទូត​បារាំងប្រចាំនៅកម្ពុជា ក្នុងជំនួបពិភាក្សា​លើវឌ្ឍនភាព និងការត្រៀមលក្ខណៈសម្រាប់ការបើកដំណើរការសាលាវិជ្ជាជីវៈទេសចរណ៍ កាលពីថ្ងៃទី១៧ ខែមិថុនា។ រូបភាព៖ ហ្វេសប៊ុកក្រសួងទេសចរណ៍។

សាលាវិជ្ជាជីវៈទេសចរណ៍ មាន២ទីតាំង ដែលនៅរាជធានីភ្នំពេញ គឺ​ស្ថិតនៅផ្លូវលេខ​១០​០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងនៅផ្លូវ​សុភមង្គល ភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ (ជាទី​តាំង​មន្ទីរទេសចរ​ណ៍ខេត្ត)។ ក្រសួងទេស​ចរណ៍ កាលពីដើមខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់​ សាលា​វិជ្ជាជីវៈទេសចរណ៍​ នៅខេត្តព្រះសីហនុ​ អាចទទួលបណ្ដុះបណ្ដាលសិស្ស និងនិស្សិតបានចាប់ពីចំនួន ២០០នាក់ ដល់៤០០នាក់ក្នុងមួយឆ្នាំ​។

​សូមជម្រាបថា សាលា​វិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំងនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយគ្រោង​ចំណាយថវិកាសាងសង់សរុបប្រមាណ២៦,៥លានដុល្លាអាម៉េរិក ដែលក្នុង​នោះកម្ចីហិរញ្ញប្បទានឥណទានពី AFD មានចំនួន ១១លានអឺរ៉ូ។ ក្រៅពីនោះ គឺជាថវិកា​របស់រាជរដ្ឋាភិបាលកម្ពុជា៕


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ខន ចំប៉ា