- ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ២:២៩ នាទី រសៀល

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានរៀបចំកម្មវិធីវិបស្សនា ស្តីពី ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នីតិកាលទី៧នៃរដ្ឋសភា និងធ្វើជំរឿនមន្រ្តីរាជការ នៅថ្ងៃទី១៩ ខែមិថុនា នៅសណ្ឋាគារ Garden City។ កម្មវិធីនេះ មានការចូលរួមពីមន្រ្តីរាជការប្រមាណ៦០០នាក់។
បើតាមលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ វិធានការគន្លឹះទាំង៣នេះ មានដូចជា ការដាក់អនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីរាជការចូលបម្រើការងារដោយតម្លាភាព បរិយាបន និងប្រសិទ្ធភាព។ វិធានការទី២ គឺការពង្រឹងសមត្ថភាពសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ និងទី៣ គឺដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយប្រសិទ្ធភាព។
កន្លងមកក្រសួងមុខងារបានអនុវត្តវិធានគន្លឹះទាំង៣នោះហើយ ដោយដឹកនាំការប្រឡងជ្រើសរើសមន្រ្តីរាជការសម្រាប់ក្រសួង-ស្ថាប័នចំនួន៤៤លើក និងជ្រើសរើសបានមន្រ្តីជាង៤ម៉ឺននាក់។ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័នចំនួន២៩ ក្នុងចំណោមក្រសួងចំនួន៣១ ជាការឆ្លើយតបនឹងវិធានការគន្លឹះទី២។
ចំណែកឯទី៣ ក្រសួងបានរៀបចំអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ដែលជាយន្តការថ្មី សម្រាប់លើកទឹកចិត្តដល់មន្ត្រីកំពុងអនុវត្តការងារកំណែទម្រង់ ឱ្យកាន់តែសកម្ម និងមានថវិកាគាំទ្រគ្រប់គ្រាន់ ដើម្បីសម្រេចសមិទ្ធផលជាក់ស្តែងនានាបានឆាប់រហ័ស។
សូមបញ្ជាក់ថា វិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងធ្វើជំរឿនមន្រ្តីរាជការ» រៀបចំឡើង ដើម្បីផ្សព្វផ្សាយពីទស្សនវិស័យ និងសមិទ្ធផលការងារ ដែលសម្រេចបាន ក្នុងការអនុវត្តការងារកំណែទម្រង់។ កម្មវិធីនេះ ក៏ជាវេទិកាពិភាក្សាស្វែងរកធាតុចូលបន្ថែម បញ្ហាប្រឈម និងដំណោះស្រាយ ក៏ដូចជាតម្រង់ទិសការងារសម្រាប់មន្ត្រីរាជការគ្រប់ថ្នាក់៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
