- ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៣:៥៩ នាទី រសៀល

សង្គ្រាមបានផ្ទុះឡើង៦ថ្ងៃហើយ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។ អ៊ីស្រាអែលបានអះអាងថាចង់កម្ទេចប្រព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ មុននឹងអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ មកកម្ទេចអ៊ីស្រាអែល។ តែជាមួយគ្នានេះ លោកនេតាន់យ៉ាហ៊ូ បានលើកឡើងថា បើសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលីខាម៉េណី បាន នោះជម្លោះនេះនឹងចប់។ លោកដូណាល់ ត្រាំ បានប្រាប់ទៅអ៊ីរ៉ង់ថា ត្រូវតែលុតជង្គង់ព្រមចុះចាញ់ និងបានអះអាងថាអាមេរិក ចង់សម្លាប់អាយ៉ាតូឡាអ៊ីរ៉ង់ ពេលណាក៏បានដែរ ព្រោះងាយស្រួលណាស់។ បន្ទាប់ពីរងសម្តីគំរាមទាំងអស់នេះ អាយ៉ាតូឡា អាលី ខាម៉េណី អគ្គមគ្គុទ្ទេសក៍ដឹកនាំកំពូលនៃរបបអ៊ីរ៉ង់ បានចេញថ្លែងសារកាលពីរសៀលថ្ងៃទី១៨មិថុនា ដោយអះអាងថា “អ៊ីរ៉ង់គ្មានថ្ងៃចុះញ៉មជាដាច់ខាត”។
«ប្រជាជាតិអ៊ីរ៉ង់នឹងឈរយ៉ាងរឹងមាំប្រឆាំងនឹងសង្រ្គាមដែលគេបានដាក់មកលើខ្លួន ដូចអ្វីដែលអ៊ីរ៉ង់តែងតែបានធ្វើមកទល់ពេលនេះ។ អ៊ីរ៉ង់ក៏នឹងឈរយ៉ាងអង់អាចក្លាហាន ប្រឆាំងចំពោះសន្តិភាពដែលគេបានចាប់បង្ខំមកលើខ្លួន។ ប្រជាជាតិអ៊ីរ៉ង់នឹងមិនចុះចាញ់អ្នកណាម្នាក់ឡើយ មិនថាអ្នកនោះមានបំណងដាក់ទណ្ឌកម្ម ឬគំរាមយ៉ាងណានោះទេ។ ការវាយប្រហារពិន័យសងសឹកដែលកម្លាំងយោធាអ៊ីរ៉ង់កំពុងធ្វើ និងមានគម្រោងធ្វើទៅលើសត្រូវដ៏សាហាវព្រៃផ្សៃមួយនោះ គឺជាទណ្ឌកម្មដ៏ធ្ងន់ ដែលនឹង ធ្វើឲ្យសត្រូវចុះទន់ខ្សោយ។ ការដែលបក្សពួករបស់គេ គឺសហរដ្ឋអាមេរិកចូលលូកដៃមក ក្នុងរឿងនេះវាបានបញ្ជាក់រួចទៅហើយអំពីភាពចុះទន់ខ្សោយសមត្ថភាពរបស់ពួកសត្រូវ។ សូមទៅគំរាមអ្នកណាផ្សេងទៀតដែលខ្លបខ្លាចការគំរាមរបស់អ្នកឯងចុះ! កុំមកគំរាមប្រជា ជាតិអ៊ីរ៉ង់ ព្រោះអ៊ីរ៉ង់ មិនខ្លាចញញើតអ្នកឯងបន្តិចណាឡើយ! ការដែលអ្នកឯងមកប្រើសម្តី ប្រាប់ឲ្យប្រជាជាតិអ៊ីរ៉ង់លុតជង្គង់សុំចុះចាញ់ គឺជារឿងមួយមិនត្រឹមត្រូវ និងខុសឆ្គងខ្លាំងណាស់។ អ្នកណាក៏ដោយដែលមានគំនិតចេះត្រិះរិះពិចារណា និងស្គាល់តំបន់នេះច្បាស់ ពិតជាដឹងយ៉ាងប្រាកដថា ប្រជាជនអ៊ីរ៉ង់ និងប្រវត្តិសាស្ត្រអ៊ីរ៉ង់ មិនអាចធ្វើរឿងកំសាក បែប នេះជាដាច់ខាត។ តើឲ្យយើងចុះចាញ់អ្នកណា? អ៊ីរ៉ង់មិនមែនជាប្រជាជាតិមួយដែល ចុះ ញ៉មខ្លាចគេនោះទេ។ ការចូលលូកដៃរបស់អាមេរិកនៅក្នុងបញ្ហានេះនឹងជះផលវិបាកដ៏ធ្ងន់ធ្ងរទៅលើអាមេរិកខ្លួនឯង។ អ្នកឯងកម្ទេចអ៊ីរ៉ង់ប៉ុណ្ណេះ អ៊ីរ៉ង់នឹងកម្ទេចអ្នកឯងច្រើនជាងនេះវិញ។
ប្រសិនបើអាមេរិកហ៊ានប្រើកម្លាំងទ័ពចូលរួមនៅក្នុងរឿងនេះ នោះអាមេរិកនឹងរងការខូចខាតដ៏ធំមហិមាដែលគ្មានថ្ងៃអាចប៉ះប៉ូវជួសជុលវិញបានឡើយ។ ប្រសិនបើពួកសត្រូវដឹងថាយើងខ្លាចពួកវា នោះពួកវានឹងមិនបន្ធូរដៃចំពោះយើងឡើយ។ សូមប្រជាជាតិអ៊ីរ៉ង់ទាំងមូលតាំងចិត្ត បន្តការប្តេជ្ញាចិត្តដូចអ្វីដែលយើងបានធ្វើរហូតមកទល់ពេលនេះ។ គ្រប់គ្នា គ្រប់សេវារដ្ឋ សេវាបម្រើប្រជាជន និងអ្នកផ្សព្វផ្សាយព័ត៌មានត្រូវបន្តផ្សព្វផ្សាយពន្យល់មហាជន បន្តធ្វើការងាររៀងៗខ្លួនជាមួយការតាំងចិត្តដ៏រឹងមាំ »៕
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
