- ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

នៅថ្ងៃពុធ ទី១៨ មិថុនា អាជ្ញាធរតៃវ៉ាន់បានប្រកាសអំពីការសាកល្បងនាវាមុជទឹក ១ គ្រឿងដែលជាសមិទ្ធផលស្នាដៃផលិតក្នុងស្រុករបស់ខ្លួន និងដែលត្រូវសាកល្បងបណ្តែតខ្លួនលើសមុទ្រតៃវ៉ាន់ជាលើកដំបូង។ ការបង្ហាញនាវាមុជទឹក «Made in Taiwan» ដែលមានគោលដៅបម្រើឲ្យវិស័យកងទ័ពពេលនេះ គឺជាការបង្ហាញសាច់ដុំយោធាដាក់ចិនដីគោក និងដើម្បីបង្ការទប់នឹងការវាយប្រហារពីក្រុងប៉េកាំង ជាយថាហេតុ។
រដ្ឋអំណាចក្រុងតៃប៉ិ បានប្រកាសជោគជ័យក្នុងការសាកល្បងនាវាមុជទឹក ជាលើកដំបូង ដែលផលិតដោយក្រុមហ៊ុនតៃវ៉ាន់ CSBC Corporation។ នាវាមុជទឹក « Made in Taiwan » បានត្រូវគេប្រសិទ្ធនាម ថា ហៃឃុន (海鯤) ជាភាសាចិនដែលសំដៅដល់សត្វសមុទ្រម្យ៉ាង ក្នុងរឿងទេវកថា។
តាមពិត គម្រោងផលិតនាវាមុជទឹកមួយនេះ ជាគំនិតផ្តួចផ្តើមរបស់លោកស្រីអតីតប្រធានា ធិបតី សៃ អ៊ីងវេនកាលពីឆ្នាំ ២០១៦ ហើយ ៤ឆ្នាំក្រោយមក ក្រុមហ៊ុនតៃវ៉ាន់បានចាប់ផ្តើម សាងសង់ និងបានដាក់បង្ហាញគំរូជាសាធារណៈលើកទី១ ក្នុងឆ្នាំ២០២៣។ នាវាមុជទឹក ហៃឃុន ១ គ្រឿងអាចមានតម្លៃ ១,៥ ពាន់លានដុល្លារ មានប្រវែងប្រមាណ ៨០ ម៉ែត្រ និងមានទម្ងន់ចន្លោះពី ២ ៥០០ តោន ទៅ ៣ ០០០ តោន។
នាវាហៃឃុននឹងត្រូវបំពាក់ប្រព័ន្ធធ្វើសឹកដែលផ្តល់ដោយក្រុមហ៊ុនសន្តិសុខរបស់អាមេរិក Lockheed Martin។ បើតាមក្រុមហ៊ុនតៃវ៉ាន់ CSBC Corporation កម្មវត្ថុនៃការដាក់សាកល្បងឲ្យនាវាមុជទឹកបណ្តែតខ្លួន លើទឹកសមុទ្រជាលើកដំបូង នៅថ្ងៃពុធ ទី១៨ មិថុនា គឺដើម្បីធ្វើតេស្ត ហើយតាមរយៈលទ្ធផលធ្វើតេស្តសាកល្បងនេះ ក្រុមហ៊ុននឹងបន្តកែច្នៃ អភិវឌ្ឍន៍ចំណុចខ្វះខាតបន្ថែម និងត្រូវដាក់សាកល្បងបណ្តែតទឹក និងជ្រមុជក្នុងទឹកជា ច្រើនដងទៀត។
តាមអាជ្ញាធរទ័ពជើងទឹកតៃវ៉ាន់ ការសាកល្បងអាចនឹងធ្វើជាច្រើនដង ចាប់ពីពេលនេះដល់ដំណាច់ខែកញ្ញាដើម្បីធានាថា ក្រុមហ៊ុនតៃវ៉ាន់ CSBC Corporation អាចប្រគល់នាវាមុជទឹកនេះទៅឲ្យអាជ្ញាធរក្រុងតៃប៉ិនៅក្នុងខែវិច្ឆិកាខាងមុខ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតនាវាមុជទឹកតៃវ៉ាន់ CSBC Corporation ត្រូវប្រគល់នាវាមុជ ទឹកគំរូដូចដែលបានសាកល្បងលើកនេះចំនួន ៨ គ្រឿង ទៅឲ្យអាជ្ញាធរតៃវ៉ាន់។ សព្វថ្ងៃនេះ តៃវ៉ាន់ មាននាវាមុជទឹក ២ គ្រឿងតែប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការបាន។ ក្រុងតៃប៉ិទិញនាវា មុជទឹក ២គ្រឿងនេះ ពីប្រទេសហូឡង់កាលពីឆ្នាំ ១៩៨០។ អំឡុងពេលនោះ ប្រទេសចិន មាននាវាមុជទឹកលំដាប់ពិភពលោករួចហើយទៅហើយ និងដែលបំពាក់ដោយគ្រាប់មីស៊ីល បំពាក់គ្រាប់ក្បាលនុយក្លេអ៊ែរទៀតផង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ការសាកល្បងនាវាមុជទឹក « Made in Taiwan » ឲ្យបណ្តែតលើ ទឹកសមុទ្រពេលនេះក៏ជាវត្ថុបំណងរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំងដែរ។ ពួកអ្នក នយោបាយប្រឆាំង ដែលគ្រប់គ្រងសភាតៃវ៉ាន់ បានបង្កកគម្រោងថវិកាមួយចំណែក របស់រដ្ឋាភិបាល និងបានជំរុញឲ្យរដ្ឋអំណាចក្រុងតៃប៉ិ បង្ហាញសមិទ្ធផលនាវាមុជទឹក ដែលជាការសន្យារបស់ខ្លួន៕
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
