ក្រសួងមុខងារ ជ្រើសរើសមន្រ្តីការទូតជាន់ខ្ពស់ ចំនួន៥០នាក់
  • ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:០០ នាទី ព្រឹក
ក្រសួងមុខងារ ជ្រើសរើសមន្រ្តីការទូតជាន់ខ្ពស់ ចំនួន៥០នាក់

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីការទូតជាន់ខ្ពស់ ក្របខណ្ឌ «ក» ចំនួន៥០នាក់ ចូលបម្រើការងារតាមនាយកដ្ឋាននានា ក្នុងក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ការប្រឡងនេះ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី១៩​ ខែកក្កដា។

TTN-Free-Banner-In-Article-PC

តាមសេចក្ដីជូនដំណឹងរបស់ក្រសួង មន្រ្តីការទូតជាន់ខ្ពស់ចំនួន៥០នាក់នេះ នឹងត្រូវជ្រើសរើសសម្រាប់មុខតំណែងចំនួន៤ មានមន្រ្តីការទូតជាន់ខ្ពស់ផ្នែកច្បាប់ចំនួន៥នាក់,មន្រ្តីការទូតជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិចំនួន២៩នាក់,មន្រ្តីការទូតជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចចំនួន៩នាក់ និងមន្រ្តីការទូតជាន់ខ្ពស់ផ្នែកភាសាបរទេសចំនួន៧នាក់។

ចំពោះការប្រឡង នឹងត្រូវចែកចេញជា២ដំណាក់កាល គឺដំណាក់កាលទី១ បេក្ខជនត្រូវប្រឡងវិញ្ញាសាសរសេរចំនួន៣ មានជំនាញឯកទេស,ភាសាអង់គ្លេស និងពហុចម្លើយចំណេះដឹងទូទៅ ដែលពាក់ព័ន្ធមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ ប្រវត្តិសាស្រ្ត ភូមិសាស្រ្តកម្ពុជា-អាស៊ាន សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ។ ក្រោយប្រឡងជាប់វិញ្ញាសាសរសេរ បេក្ខជននឹងបន្តប្រឡងដំណាក់ទី២ គឺសួរសំណួរផ្ទាល់មាត់ដោយគណៈកម្មការ។

ដូចគ្នានឹងការប្រឡងកន្លងៗទៅដែរ លក្ខខណ្ឌក្នុងការជ្រើសរើសបេក្ខជនជាជនជាតិខ្មែរ ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសមមូលឡើងទៅ និងមានអាយុចាប់១៨ឆ្នាំឡើង។ ក្នុងពេលដាក់ពាក្យប្រឡង បេក្ខជនត្រូវជ្រើសរើសមុខតំណែងបម្រើការងារនៅតាមអង្គភាព-នាយកដ្ឋានចំណុះក្រសួងការបរទេស។ ចំពោះបេក្ខជនមានពិការភាព ស្រ្តី ជនជាតិដើមភាគតិច និងមន្រ្តីជាប់កិច្ចសន្យា ត្រូវបានទឹកលើកទឹកចិត្ត និងផ្ដល់អាទិភាព។ ចំពោះកាលបរិច្ឆេទ និងទីតាំងប្រឡងក្រសួង នឹងជូនដំណឹងនៅពេលក្រោយ បន្ទាប់ពីបញ្ចប់ការដាក់ពាក្យរបស់បេក្ខជន។

ការ​ប្រឡង​ប្រជែង​ជ្រើសរើស​មន្រ្តី​ក្នុង​សម័យ​កំណែ​ទម្រង់​ការ​ជ្រើសរើសមន្រ្តីនេះ ក្រសួង​មុខងារសាធារណៈ បន្ត​អនុវត្ត​ដោយ​ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ជាមួយ​គ្នានេះ ក្រសួង​មុខងារសាធារណៈ មិន​អនុញ្ញាត​ឱ្យ​បេក្ខជនយកឯកសារផ្សេងៗ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡងឡើយ៕ 


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ