សមាគមកាហ្វេកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការ
  • ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥៩ នាទី យប់
សមាគមកាហ្វេកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់សមាគមកាហ្វេកម្ពុជា (Cambodian Coffee Association) ក្នុងបញ្ជីសមាគមសម្រាប់នីតិបុគ្គលរបស់ក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមិថុនា។

TTN-Free-Banner-In-Article-PC

សមាគមកាហ្វេកម្ពុជា ដែលមានទីស្នាក់ការកណ្ដាលនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ក្នុងបញ្ជីសមាគមសម្រាប់នីតិបុគ្គលរបស់ក្រសួងមហាផ្ទៃ។ បើតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ ក្រោយចុះបញ្ជី សមាគមកាហ្វេកម្ពុជា ត្រូវអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាបំពេញតួនាទីតាមលក្ខន្តិកៈនានា ដែលមិនទាញយកប្រាក់ចំណេញពីសកម្មភាពសមាគម និងបង្កើតការរើសអើងណាមួយឡើយ។ ទន្ទឹមនឹងនេះ សមាគមកាហ្វេកម្ពុជា ក៏ត្រូវសហការជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីឱ្យអនុវត្តការងារតាមវិស័យនីមួយៗប្រកបដោយប្រសិទ្ធិភាព។ 

ជាមួយគ្នានេះ សមាគមកាហ្វេកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្ត ជំរុញនិងអភិវឌ្ឍឧស្សាហកម្មកាហ្វេក្នុងស្រុក ទាំងការដាំដុះ កែច្នៃ និងទីផ្សារកាហ្វេឱ្យកាន់តែប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋ។ សមាគមកាហ្វេកម្ពុជា រំពឹងថាតាមសមាគមនេះ នឹងក្លាយជាវេទិកាជជែកពិភាក្សារវាងកសិករ អាជីវករ អ្នកជំនាញ រួមទាំងភាគីពាក់ព័ន្ធនានារួមគ្នា និងផ្លាស់ប្ដូរបទពិសោធន៍ ហើយជួយជំរុញឱ្យឧស្សាហកម្មកាហ្វេកម្ពុជាកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា ដំណើរការនៃការបង្កើតអង្គការឬសមាគមនៅកម្ពុជា តម្រូវឱ្យស្ថាបនិកសមាគម ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយបំពេញសំណុំលិខិតរួមមាន ពាក្យសុំចុះបញ្ជីចំនួន២ច្បាប់, លិខិតបញ្ជាក់អាសដ្ឋាននៃទីស្នាក់ការកណ្តាលក្នុងស្រុកឃុំ ឬចៅសង្កាត់១ច្បាប់៣, ជីវប្រវត្តិរបស់ស្ថាបនិកដោយភ្ជាប់រូបថតទំហំ ៤ X ៦ ចំនួន២ច្បាប់, និងលក្ខនិ្តកៈចុះហត្ថលេខា ដោយប្រធានសមាគមឬអង្គការមិនមែនរដ្ឋាភិបាល២ច្បាប់។ នេះបើមាត្រា៦នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ 

ចំណែក ក្រសួងមហាផ្ទៃ នឹងពិនិត្យ ហើយសម្រេចលើពាក្យស្នើសុំនៃការចុះបញ្ជី ក្នុងរយៈពេល៤៥ថ្ងៃ បន្ទាប់ពីទទួលបានលិខិតស្នើសុំ។ យ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃអាចបដិសេដការស្នើសុំក្នុងករណីដែលរកឃើញថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាពនិងសណ្តាប់ធ្នាប់សាធារណៈឬបង្កអន្តរាយដល់សង្គមកម្ពុជា៕ 


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ