តំណាងយូណេស្កូប្រចាំកម្ពុជា សរសើរអាជ្ញាធរជាតិអប្សរាលើការងារ​ដើម្បីអង្គរ នារយៈពេល៣០ឆ្នាំមកនេះ
  • ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:០០ នាទី រសៀល
តំណាងយូណេស្កូប្រចាំកម្ពុជា សរសើរអាជ្ញាធរជាតិអប្សរាលើការងារ​ដើម្បីអង្គរ នារយៈពេល៣០ឆ្នាំមកនេះ
លោក Sadar Umar Alam (កណ្ដាល) អំឡុងពេលធ្វើសន្និសីទកាសែតក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុកលើកទី៤០

សៀមរាប៖ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានកោតសរសើរចំពោះស្នាដៃការងារ​របស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្ស និងការពាររមណីយដ្ឋានអង្គរនារយៈពេល៣០ឆ្នាំ បន្ទាប់ពីរមណីយដ្ឋានអង្គរត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការ យូណេស្កូ នាឆ្នាំ១៩៩២។

TTN-Free-Banner-In-Article-PC

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក សាដា អូម៉ា អាឡាម (Sardar Umar Alam) បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងតួនាទីជាអ្នកគ្រប់គ្រង ការពារ និងអភិរក្សតំបន់ប្រវត្តិសាស្រ្តអង្គរ ចាប់ពីតំបន់នេះក្លាយជាបេតិកភណ្ឌពិភពលោក ពិសេសជួយរៀបចំតំបន់ឱ្យរួចផុតពីហានិភ័យ ក្លាយជាគោលដៅដ៏លេចធ្លោ និងល្បីល្បាញ​ពេញពិភពលោក។ 

ការលើកឡើងរបស់លោក សាដា អូម៉ា អាឡាម ធ្វើឡើងនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់ប្រវត្តិសាស្រ្តអង្គរ សំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរសំបូរព្រៃគុក នៅថ្ងៃទី១៩ មិថុនា នាសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា។ 

តាមការគូសបញ្ជាក់ពីតំណាងយូណេស្កូ ក្នុងរយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរាបានធ្វើការងារ​ដ៏អស្ចារ្យជុំវិញកិច្ចការងារសង្គ្រោះ ការពារនិងអភិរក្សប្រាសាទ​បុរាណជាច្រើនក្នុងតំបន់អង្គរ។ 

ក្រៅពីការងារអភិរក្ស និងជួសជុល តំណាងយូណេស្កូ ក៏បានលើកពីការងារដ៏អស្ចារ្យមួយទៀត​របស់អាជ្ញាធរ គឺការបណ្ដុះបណ្ដាលធនធានអ្នកអភិរក្សខ្មែរ ដើម្បីជួយអភិរក្ស និងលើកស្ទួយវប្បធម៌ខ្លួនឯងនាពេលអនាគត។ លោក សាដា អូម៉ា អាឡាម លើកឡើងដូច្នេះថា៖« អាជ្ញាធរជាតិអប្សរាមិនត្រឹមតែធ្វើការងារដើម្បីការពារអង្គរប៉ុណ្ណោះទេ គឺថែមទាំងបានជួយបង្ហាត់បង្ហាញ និងលើកស្ទួយវប្បធម៌ដែលជាសម្បត្តិបេតិកភណ្ឌឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងការជួសជុល​ប្រព័ន្ធធារាសាស្ត្រ​សម័យបុរាណឡើងវិញ ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលរស់នៅតាម​​សហគមន៍នៃតំបន់អង្គរផងដែរ»។

បន្ថែមពីនេះ លោក Sardar Umar Alam បានបង្ហាញជំហរយ៉ាតមុតមាំថា អង្គការយូណេស្កូ បានប្ដេជ្ញាចិត្ត​គាំទ្រ​លើការងារអភិរក្សនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព​នៅក្នុងតំបន់អង្គររបស់​កម្ពុជានេះកាន់តែខ្លាំងក្លាបន្ថែម។  ក្នុងនោះដែរ នឹងបន្តធ្វើការងារជាមួយអាជ្ញាធរជាតិអប្សរា ក្នុងស្មារតីដើម្បីអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាព៕

 


អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី