- ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៤:៣០ នាទី រសៀល

ភ្នំពេញ៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានជួយផ្សព្វផ្សាយពី អាហារខ្មែរ ពិសេសផ្លែឈើ ដែលមានរសជាតិឈ្ងុយឆ្ងាញ់។ លោកថា ពេលនេះ ជារដូវកាលផ្លែឈើរបស់ខ្មែរ ដោយលោកបានដើរភ្លក់ផ្លែឈើតាមផ្សារ មានដូចជា ទុរេន ស្វាយ និងផ្ញៀវជាដើម។
ក្នុងវីដេអូជាង២នាទី ដែលស្ថានទូតជប៉ុន ចេញផ្សាយលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២០មិថុនា លោក ឯកអគ្គរាជទូតអ៊ូអិណុ អាត់ស៊ូស៊ី បានធ្វើដំណើរទៅផ្សារធំថ្មី ដើម្បីភ្លក់រសជាតិផ្លែឈើខ្មែរ។ លោក បង្ហាញរឿងដ៏អស្ចារ្យមួយ ដែលលោកដឹងពីកម្ពុជា គឺ «អាហារខ្មែរឆ្ងាញ់»។ លើសពីនេះ លោក បានសរសើរ ពីផ្លែឈើខ្មែរផងដែរ។
«ផ្លែឈើខ្មែរ ក៏មានឱជារសពិសេស និងសម្បូរបែប។ ខ្ញុំយល់ថា ផ្លែស្វាយ និងទុរេនខ្មែរ គឺឈ្ងុយឆ្ងាញ់បំផុត។ ខ្ញុំគិតថា ពេលនេះ ជាពេលវេលា ដ៏ល្អនៃរដូវកាលផ្លែឈើខ្មែរ»។ លោក អ៊ូអិណុ អាត់ស៊ូស៊ី លើកឡើងបែបនេះ ហើយអះអាង បានហូបស្វាយខ្មែរ ឆ្ងាញ់ៗជាច្រើន ក្នុងរដូវនេះ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានដើរចូល ផ្សារថ្មី ហើយលោកបានភ្លក់ទុរេន ដោយសរសើរបែបនេះ៖ «ហ៊ឺ វាមានរសជាតិខ្ទិះ និងឆ្ងាញ់ណាស់»។
រដូវកាលនេះ កម្ពុជាសម្បូរដោយផ្លែឈើ មានដូចជា ទុរេន ផ្ញៀវ ស្វាយ ព្រីង សាវម៉ាវជាដើម។ សព្វថ្ងៃ កម្ពុជា ក៏ផ្អាកការនាំចូល បន្លែ ផ្លែឈើ ពីថៃផងដែរ ដោយជម្លោះព្រំដែន។ ការបិទនេះ អាចជាឱកាសមួយសម្រាប់កសិករ ចែកចាយផលិតផលកសិកម្មក្នុងស្រុក និងទទួលបានការគាំទ្រកាន់តែច្រើន៕
អ្នកសរសេរអត្ថបទ
