បុរសវ័យ៥២ឆ្នាំ រស់នៅខេត្តស្វាយរៀង ​បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី(H5N1)
  • ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៥ នាទី រសៀល
បុរសវ័យ៥២ឆ្នាំ រស់នៅខេត្តស្វាយរៀង ​បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី(H5N1)

ក្រសួងសុខាភិបាល បានប្រកាសពីករណីស្លាប់របស់បុរសអាយុ ៥២ឆ្នាំ ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី​ប្រភេទហាស់៥ អ៊ុន១ (H5N1) ដែលលទ្ធផលតេស្តត្រូវបាន​បញ្ជាក់ពីវិទ្យា​ស្ថាន​ជាតិ​សុខភាពសាធារណៈ នៅថ្ងៃទី២០ ខែមិថុនា។ បើយោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួងសុខាភិបាល បុរសរូបនេះ​មានទីលំនៅក្នុងភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

TTN-Free-Banner-In-Article-PC

ក្រសួងសុខាភិបាល បញ្ជាក់ដូច្នេះថា៖ ទោះជាមានការយកចិត្តទុកដាក់ ថែទាំនិងជួយ​សង្គ្រោះ​ពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានទទួលមរណភាព នៅ១១​និង​៣០​នាទីព្រឹ​កថ្ងៃទី១៩ ខែមិថុនា ដោយសារមានស្ថានភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដក​ដង្ហើម។»។

ដើម្បីបង្ការការឆ្លងរាលដាល​ជំងឺផ្តាសាយ​បក្សី​ប្រភេទ H5N1 នៅក្នុងភូមិដែលកើតហេតុ 

​​ក្រុមឆ្លើយតបបន្ទាន់របស់​ក្រសួងសុខាភិបាល កំពុង​សហ​ការជាមួយក្រុមការងារ នៃ​មន្ទីរ​កសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ​អង្កេត​ស្រាវ​ជ្រាវយ៉ាងសកម្ម លើ​ការ​កើតឡើងនូវជំងឺផ្តាសាយបក្សី និងឆ្លើយតបទៅតាម​វិធីសា​ស្ត្រ និងពិធីសារ​បច្ចេកទេស ស្វែង​រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរក​ករណី​​សង្ស័យ និងអ្នកប៉ះពាល់ ដើម្បី​ទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូន​ឱសថតាមីហ្គូ (Tamiflu) ដល់អ្នក​ប៉ះពាល់ជិតស្និទ្ធ។

​ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ ក្រសួង​សុខា​ភិ​បាល គូសបញ្ជាក់ដូច្នេះ មុននឹង រំឭកដល់​ពលរដ្ឋឱ្យបង្កើនការប្រុង​ប្រ​យ័ត្ន ឆ្លងជំងឺនេះ ដោយកុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស ​ មុន​​ពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុ​ននឹងបោច​សម្អាត​រោម

ត្រូវ ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណី​អាហារ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ ត្រូវចម្អិនម្ហូបអាហារឱ្យ​បានឆ្អិន​ល្អ​មុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត។ 

«កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយ​ឡែកពី​គ្នា សម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។»។ ក្រសួង​សុខាភិបាល បន្តទៀតថា បើមានមាន់ទាឈឺ​ ​ឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមាន​អា​ការៈ​ក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀស​វាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការ ស្លាប់ជាយថាហេតុ។

ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅ​បក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធ​ជា​មួយ​​បក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យ​ទទួល​ការ​​ព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លង​ពីមនុស្ស​ទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលដែរ៕

 


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា