- ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១:៥០ នាទី រសៀល

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង លើហេតុការណ៍ថ្ងៃទី២២មិថុនា ម៉ោងប្រមាណ៧:៣០នាទីព្រឹក ដោយទាហានថៃ៣នាក់ ដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ។ ពួកគេ មិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុនឡើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ អះអាង តាមរយៈការចេញផ្សាយលើទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ។
ក្រសួងការពារជាតិ ចាត់ទុក សកម្មភាពនេះ ជាការបំពាន លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់ អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង៩ព្រឹក និងបិទនៅម៉ោង៣រសៀល។ អ្នកនាំពាក្យពន្យល់បន្ថែមយ៉ាងដូច្នេះ៖ «កិច្ចព្រមព្រៀងដដែលនេះ ក៏បានកំណត់ថាប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង»។
បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ កងទ័ពកម្ពុជា បានអន្តរាគមន៍ភ្លាមៗ ដោយប្រកាន់វិជ្ជាជីវៈខ្ពស់ និងរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា។ ជាលទ្ធផលក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ ក៏បានចាកចេញពីតំបន់ប្រាសាទ ដោយមិនមានហេតុការណ៍អ្វីកើតឡើងឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ស្នើឱ្យភាគីថៃប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃ កិច្ចព្រមព្រៀងដែលមានស្រាប់នេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។
ភាគីកម្ពុជា ចាត់ទុកការអនុលោមតាមកិច្ចព្រមព្រៀងនេះ ជាការរក្សាភាពជឿជាក់ និងការគោរពគ្នាទៅវិញទៅមក ជៀសវាងការយល់ច្រឡំដែលមិនចាំបាច់ និងទប់ស្កាត់ឧប្បត្តិហេតុអកុសលទាំងឡាយជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ។ កងយោធពលខេមរភូមិន្ទកម្ពុជា បង្ហាញជំហរសារជាថ្មី ពីការប្តេជ្ញាចិត្តមិនងាករេ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងគ្រប់គ្រងស្ថានការណ៍នៅប្រាសាទតាមាន់ធំ ដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។ នេះជាការបញ្ជាក់បន្ថែមរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ៕
អ្នកសរសេរអត្ថបទ
