កម្ពុជា ផ្អាកនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់នេះ
- ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៧:៤១ នាទី ល្ងាច

«ចាប់ពីម៉ោង១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។»។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បញ្ជាក់នៅទំព័រហ្វេសប៊ុក នៅថ្ងៃទី២២ ខែមិថុនានេះ។ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់បន្ថែមថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រភពផ្សេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ដោយមិនមានបញ្ហានោះទេ ទោះជាត្រូវផ្អាកជារៀងរហូតក៏ដោយ។

ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រីនាពេលនេះ គឺបន្ទាប់ពីបក្សប្រឆាំងថៃមួយបានគំរាមមិនលក់ប្រេងឥន្ទនៈឱ្យកម្ពុជា។ បន្ទាប់ពីការគំរាមនោះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាល ឱ្យពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឱ្យគេមានហេតុផលគំរាមកម្ពុជាតទៅទៀត។ ក្នុងចំណោមទាំងនោះ មានទាំងប្រេងឥន្ធនៈ រួមទាំងគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេសថៃ គឺរាប់តាំងពីគ្រឿងស្រវឹង ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ។
ដោយស្មារតីការពារការគំរាម និងបញ្ជាក់ពីភាពម្ចាស់ការដោយខ្លួនឯង កន្លងមករាជរដ្ឋាភិបាល ក៏បានប្រកាសបញ្ឈប់ការទិញអគ្គិសនី និងអ៊ីនធឺណិតពីប្រទេសថៃផងដែរ។ ជាមួយគ្នានេះ កម្ពុជា ក៏ឈប់ចាក់បញ្ចាំងភាពយន្តថៃនៅតាមប៉ុស្តិ៍ទូរទស្សន៍ដែរ។ វិធានការទាំងនេះ គឺឆ្លើយតបនឹងការកម្លាញុះញង់ ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតពីថៃមកកម្ពុជា ពីសំណាក់អ្នកគាំទ្រជ្រុលនិយមថៃ។
ក្រៅពីបញ្ឈប់ការទិញទំនិញមួយចំនួនហើយ ចាប់ពីថ្ងៃទី២២ ខែមិថុនានេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាឲ្យបិទច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងច្រកជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ចំណាត់ការនេះ ក៏ជាតបតទៅនឹងការសម្រេចជាឯកតោភាគីរបស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ មុន។
ក្រៅតែច្រកទាំងពីរនេះ ច្រកអានសេះ ក្នុងព្រះវិហារ ក៏ត្រូវបានបិទការចេញចូលជាអចិន្ត្រៃយ៍ដែរ គឺចាប់តាំងពីថ្ងៃទី១៩ខែមិថុនា ក៏ដូចជា ការបិទការនាំចូល បន្លែ និងផ្លែឈើពីប្រទេសថៃ តាមច្រកព្រំដែនទាំងអស់ជាមួយថៃ។
ជុំវិញការបើកច្រកព្រំដែនវិញ សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជា នៅតែប្រកាន់ជំហរដដែល គឺមិនមានការចាំបាច់ក្នុងការចរចាទ្វេភាគីនោះទេ។ កម្ពុជា នឹងបើកឡើងវិញដែរយ៉ាងយូរប្រាំម៉ោង ក្រោយពីថៃបើកច្រកព្រំដែន ឱ្យវិលទៅរកសភាពធម្មតា មុនថ្ងៃទី៧ ខែមិថុនា៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com