កូឡុំប៊ីឡើងមុនគេនៅក្នុងពូល C ខណៈពូល D អង់គ្លេសដុនដាបជាងគេ
- ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ៨:៥២ នាទី ព្រឹក

Suarez និង Gerrard ដែលជាមិត្តរូមក្រុម Liverpool ក្រោយអ៊ុយរូហ្គាយឈ្នអង់គ្លេស ២-១។ រូបថត Getty Images
កូឡុំប៊ី បានក្លាយជាក្រុមទីបីដែលឈានទៅកាន់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ បន្ទាប់ពីហូឡង់ និងឈីលី។ ក្រុមមកពីតំបន់អាមេរិកខាងត្បូងមួយនេះ បានយកឈ្នះកូតឌីវ័រ ២-១ នៅក្នុងពូល C មុនពេលដែលជប៉ុន និងក្រិកបញ្ចប់លទ្ធផលដោយគ្មានការស៊ុតបាល់បញ្ចូលទី។ ដោយឡែកនៅក្នុងពូល D អង់គ្លេសបានរងបរាជ័យពីរលើកផ្ទួនៗ ដែលនាំឲ្យឱកាសឡើងទៅវគ្គបន្តរបស់ពួកគេមានភាគរយតិចតួចបំផុត។

លទ្ធផលស្មើរវាងជប៉ុន និងក្រិក បាននាំឲ្យកូឡុំប៊ីឈានទៅវគ្គបន្ត
ជប៉ុន និងក្រិក បានបញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទី ដែលនាំឲ្យពួកគេរក្សាឱកាសរៀងៗខ្លួនសម្រាប់ការដណ្តើមកៅអីកាន់វគ្គបន្ត។ ក្រិកបានបាត់បង់សមាជិកម្នាក់នៅក្នុងតង់ទីមួយ ដោយប្រធានក្រុម Konstantinos Katsouranis ទទួលបានកាតលឿងចំនួន២ ។
លទ្ធផលរវាងជប៉ុន និងក្រិក បាននាំឲ្យកូឡុំប៊ីឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយស្វ័យប្រវត្តិ បន្ទាប់ពីពួកគេបានយកឈ្នះកូតឌីវ័រ ២-១ ។ ការស៊ុតបាល់បញ្ចូលទីបានកើតឡើងនៅក្នុងតង់ទីពីរ ដោយ James Rodiguez និង Juan Quintero នាំឲ្យកូឡុំប៊ីនាំមុខ ២-០ ខណៈ Gervinho តាមពីក្រោយមួយគ្រាប់ឲ្យកូតឌីវ័រ។
កូឡុំប៊ី ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយជាលើកដំបូងបើគិតចាប់តាំងពីឆ្នាំ១៩៩០ មក ហើយពួកគេត្រូវប៉ះជាមួយជប៉ុននាការប្រកួតចុងក្រោយក្នុងពូល ខណៈក្រិកប៉ះកូតឌីវ័រ។ ជប៉ុន ក្រិក និងកូតឌីវ័រ សុទ្ធតែមានឱកាសរៀងៗខ្លួន។
គ្រាប់បញ្ចូលទី២គ្រាប់របស់ Suarez នាំឲ្យអង់គ្លេសមានសភាពយ៉ាប់យ៉ឺនជាងគេក្នុងពូល D
ខ្សែប្រយុទ្ធ Luis Suarez ដែលជាពីរបួស បានក្លាយជាកម្លាំងដ៏សំខាន់របស់អ៊ុយរូហ្គាយ ដោយរូបគេស៊ុតបាល់បញ្ចូលទីចំនួនពីរគ្រាប់នាជំនួបជាមួយអង់គ្លេស។ Suarez រកបានគ្រាប់បើកឆាកនៅចុងតង់ទីមួយ ខណៈ Wayne Rooney វាយបកវិញបានមួយគ្រាប់នៅក្នុងនាទី ទី៧៥ ប៉ុន្តែ១៥នាទីមុនបញ្ចប់ការប្រកួត Suarez បន្ថែមបានមួយគ្រាប់ទៀតដើម្បីនាំឲ្យអ៊ុយរូហ្គាយទទួលបាន៣ពិន្ទុនៅក្នុងពូល D។
ថ្វីត្បិតតែពេលនេះ ក្រុមទាំង៤នៅក្នុងពូល D មិនទាន់មានអ្នកជាប់ក៏ដោយ ប៉ុន្តែក្តីសង្ឃឹមរបស់អង់គ្លេសមានតិចតួចជាងគេបំផុត បន្ទាប់ពីពួកគេចាញ់ពីរលើកផ្ទួនៗ ។ ក្តីរំពឹងរបស់អង់គ្លេសគឺត្រូវដាក់ទៅលើអ៊ីតាលី ដែលត្រូវប៉ះជាមួយកូស្តារីកានៅយប់នេះ។ ប្រសិនបើកូស្តារីកាស្មើ ឬឈ្នះអ៊ីតាលី ក្តីសង្ឃឹមរបស់អង់គ្លេសនឹងត្រូវបញ្ចប់ភ្លាមៗ តែម្តង៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ