ជាប់ឆ្នោតជាថ្មីភ្លាមលោក អាបេ ប្តេជ្ញាជំរុញការរៀបចំរដ្ឋធម្មនុញ្ញជប៉ុនឡើងវិញ
- ថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ៤:១៧ នាទី រសៀល

ការទទួលបានសម្លេងគាំទ្រនិងជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុនក្នុងអាណត្តិថ្មីនេះ បញ្ជាក់ថា ប្រជាជនជប៉ុនផ្តល់ឱកាសដល់មេដឹកម្នាក់នេះម្តងទៀត ជាពិសេសប្រជាជនជប៉ុនចង់អោយនាយករដ្ឋមន្ត្រី Shinzo Abe(ស៊ីនហ្សូ អាបេ) ចាប់កំណែទម្រង់សេដ្ឋកិច្ច និងធ្វើយ៉ាងណាអោយសេដ្ឋកិច្ចជប៉ុនគេចផុតពីវិបត្តិ។មួយថ្ងៃប៉ុណ្ណោះក្រោយជាប់ឆ្នោតជាថ្មី នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abeបានចាប់ផ្តើមលើកឡើងពីការសើរើរដ្ឋធម្មនុញ្ញសន្តិភាពដែលបង្កើតឡើងក្រោយបញ្ចប់សង្គ្រាមលោកលើកទី។ ការទាមទារសរសេររដ្ឋធម្មនុញ្ញសារជាថ្មីនេះកំពុងធ្វើអោយសាធារណជនជប៉ុន និងពិភពលោកចាប់អារម្មណ៍ ព្រោះគោលដៅនៃការសើរើរដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាលលោកអាបេ គឺបង្កើនតួនាទីយោធាជប៉ុនក្នុងតំបន់តបនឹងមហាយក្សចិន ព្រមទាំងជួយសម្រួលដល់ដំណើរការកំណែទម្រង់សេដ្ឋកិច្ចស៊ីជម្រៅរបស់រដ្ឋាភិបាលបច្ចុប្បន្នផងដែរ។ ប៉ុន្តែមិនមែនគ្រប់គ្នាគាំទ្រលោក អាបេ ឡើយដែលនេះបញ្ជាក់ថាការសម្រេចជោគជ័យក្នុងការសរសេររដ្ឋធម្មនុញ្ញជប៉ុនគឺជាថ្មីជារឿងលំបាកបំផុតមួយ។

សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ ទាក់ទិននឹងបញ្ហានេះ
ក្រោយការបោះឆ្នោតជាសាកលនៅជប៉ុន លទ្ធផលបង្ហាញថាគណបក្សប្រជាធិបតេយ្យសេរី បានទទួលសម្លេងគាំទ្ររហូតដល់ ២ភាគ៣ នៃអាសនៈសភាទាំងមូល ហើយប្រមុខរដ្ឋាភិបាលលោក ស៊ិនហ្សូ អាបេ ដែលបានប្រកាសរំលាយសភា មុនកាលកំណត់នោះបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអាណត្តិថ្មីទៀត។ មានមតិខ្លះយល់ថា ការទទួលបានសម្លេងគាំទ្រ២ភាគ៣ នៃអាសនៈសរុបរបស់សភាគឺមកពីគោលនយោបាយរបស់បក្សនេះផ្តោតសំខាន់លើកំណែទម្រង់សេដ្ឋកិច្ច និងបង្កើនឥទ្ធិពលនៃវិស័យយោធាជប៉ុន។ ប៉ុន្តែបើនិយាយអោយពិតទៅ វាបណ្តាលមកពីក្នុងវិស័យនយោបាយជប៉ុនបច្ចុប្បន្ន មិនមានអ្នកនយោបាយណាផ្សេងទៀតអាចប្រជែងជាមួយលោក អាបេ បើបែរទៅបក្សប្រឆាំងជប៉ុនវិញ គ្មានការរៀបចំរចនាសម្ព័ន្ធត្រឹមត្រូវនិងគ្មានគោលនយោបាយគួរអោយទុកចិត្តឡើយ ។
យ៉ាងណាក៏ដោយ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ មិនខុសពីការធ្វើប្រជាមតិក្នុងចំណោមប្រជាជនជប៉ុនទូទៅ ចំពោះគោលនយោបាយរបស់រដ្ឋាភិបាលលោក អាបេ ជាពិសេសនយោបាយសេដ្ឋកិច្ច “Abenomic”។ តាមពិតទៅគោលនយោបាយសេដ្ឋកិច្ច Abenomicត្រូវបានដាក់អនុវត្តកាលពីឆ្នាំ២០១៣ មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចជប៉ុនដោយការបង្កើនការចំណាយសាធារណៈ បោះពុម្ភលុយបន្ថែម បន្ទាបតម្លៃលុយយ៉េនដើម្បីបង្កើនការនាំចេញ កំណែទម្រង់វិស័យសំខាន់ៗ និងតម្លើងពន្ធលក់ពី ៥ដល់ ១០ភាគរយត្រឹមឆ្នាំ ២០១។ប៉ុន្តែគោលនយោបាយនេះមិនសូវមានប្រសិទ្ធភាពឡើយ។ ក្រៅពីផ្តោតការបង្កើនកំណើនសេដ្ឋកិច្ច លោក អាបេ ក៏ផ្តោតការចាប់អារម្មណ៍ខ្លាំងលើការសរសេរចងក្រងរដ្ឋធម្មនុញ្ញថ្មីដើម្បីបង្កើនឥទ្ធិពលយោធាជប៉ុនផងដែរ។
ក្រោយជាប់ឆ្នោតជាថ្មីជានាយករដ្ឋមន្ត្រីជប៉ុនភ្លាម លោក ស៊ិនហ្សូ អាបេ បានប្រកាសសើរើរដ្ឋធម្មនុញ្ញសន្តិភាពដែលបន្សល់ទុក និងសរសេរឡើងដោយក្រុងវ៉ាស៊ីនតោនតាំងពីចប់សង្គ្រាមលោកទី២មកនោះ។ លោក អាបេ បានប្រកាសថា ការសរសេររដ្ឋធម្មនុញ្ញឡើងវិញជាគោលដៅអាទិភាពរបស់គណបក្សលោក ហើយលោកអាបេ ក៏ប្រកាសបន្តគោលនយោបាយកែទម្រង់សេដ្ឋកិច្ចអោយបានស៊ីជម្រៅដើម្បីជំរុញកំណើនសេដ្ឋកិច្ចជប៉ុនដែលកំពុងជួបវិបត្តិ។ ការឈានទៅប្រកាសបន្តគោលនយោបាយជាតិនិយមដោយសើរើរដ្ឋធម្មនុញ្ញ នឹងអាចជួយអោយជប៉ុនកែប្រែមុខមាត់ថ្មី ជាពិសេសបង្កើនតួនាទីយោធារបស់ជប៉ុនជាមហាអំណាចមួយនៅក្នុងតំបន់ផងដែរ។ តើមូលហេតុអ្វីច្បាស់លាស់ដែលជំរុញអោយរដ្ឋាភិបាលលោក អាបេ ប្រឹងប្រែងជំរុញអោយមានការចងក្រងរដ្ឋធម្មនុញ្ញថ្មី?
គេសម្លឹងឃើញមូលហេតុបួនយ៉ាងធំៗ ដែលជំរុញអោយលោក អាបេ ជ្រើសរើសការសើរើរដ្ឋធម្មនុញ្ញសន្តិភាព។
ទី១ ជប៉ុនត្រូវការកម្លាំងយោធា ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនឡើយវិញនៅក្នុងតំបន់
ជប៉ុនហាក់ដូចជាមិនសូវមានឥទ្ធិពលខ្លាំងទៀតហើយនៅក្នុងតំបន់ចាប់តាំងពីចាញ់សង្គ្រាមលោកលើកទី។ តំបន់អាស៊ីបែរជាត្រូវក្លាយជាតំបន់ស្ថិតក្រោមការប្រកួតប្រជែងឥទ្ធិពលនៃប្រទេសមហាអំណាចធំៗផ្សេងទៀតដូចជា អាមេរិក និងចិនទៅវិញ។ ដែលនេះមានន័យថា ជប៉ុនត្រូវចាំបាច់ប្រឹងប្រែងបង្កើនឥទ្ធិពលយោធារបស់ខ្លួនឡើងវិញ ឆ្លើយតបទៅនឹងការប្រែប្រួលនៃបរិបទនយោបាយសាកលលោក។
ទី២ ជប៉ុន ត្រូវការយោធាខ្លាំងដើម្បីការពារសន្តិសុខ និងទប់ទល់ការរីកធំធាត់នៃឥទ្ធិពលរបស់ក្រុងប៉េកាំង
និយាយដល់បញ្ហាសន្តិសុខ វាជារឿងចាំបាច់មួយសម្រាប់បណ្តាប្រទេសនីយមួយ គ្មានការអភិវឌ្ឍន៍ណាដែលមិនគិតគូរពីបញ្ហាសន្តិសុខឡើយ។នេះមានន័យថាជប៉ុនក៏ដូចគ្នាដែរ។ ជប៉ុនមិនអាចទ្រាំឈរមើលមហាយក្សជិតខាងខ្លួនកើនឡើងឥទ្ធិពល និងអំណាចយោធាឥតឈប់ឈរបែបនេះឡើយ ព្រោះវាជាគ្រោះថ្នាក់មួយ។ ហើយអ្វីដែលសំខាន់ប្រទេសទាំងពីរជប៉ុន និងចិន ក៏មានជម្លោះកោះសេនកាគូ(ចិនហៅថាឌៀវយូរ) ក្នុងសមុទ្រចិនខាងកើតថែមទៀតផង។ តិចឬច្រើន ជប៉ុនត្រូវតែខំប្រឹងដើម្បីបង្កើនឥទ្ធិពលយោធារបស់ខ្លួនឡើងវិញ។
ទី៣ ជប៉ុន ចង់អន្តរាគមន៍ក្នុងសកម្មភាពយោធាតំបន់ និងការពារសម្ព័ន្ធមិត្ត
មិនត្រឹមតែចង់បង្កើនការការពារសន្តិសុខផ្ទាល់ខ្លួន ជប៉ុនក៏ប្រាថ្នាចង់បាននូវការអន្តរាគមន៍ការពារសម្ព័ន្ធមិត្តខ្លួនក្នុងតំបន់ផងដែរនៅពេលមានជម្លោះកើតឡើង។ ដូចដែលបានឃើញស្រាប់ ភាពតានតឹង នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងរវាងសម្ព័ន្ធមិត្តខ្លួន ហ្វីលីពីន វៀតណាម ជាមួយក្រុងប៉េកាំង ជាមូលហេតុមួយដែលជម្រុញអោយជប៉ុន ព្យាយាមកសាងឥទ្ធិពលយោធារបស់ខ្លួនយ៉ាងដូច្នេះ។
និងចំណុចទីបួនជប៉ុនចង់បានស្វ័យភាពផ្នែកយោធាដើម្បីរួចផុតពីការគ្រប់គ្រងរបស់អាមេរិក មកទល់បច្ចុប្បន្ននេះកងទ័ពអាមេរិកនៅតាំងមូលដ្ឋាននៅក្នុងប្រទេសជប៉ុននៅឡើយហើយប្រទេសទាំងពីរក៏នៅជាប់កិច្ចព្រមព្រៀងសន្តិសុខរួមគ្នាផងដែរ។អាមេរិកនៅមានកាតព្វកិច្ចការពារជប៉ុនបើប្រទេសនេះត្រូវរង់ការវាយប្រហារណាមួយ។ តែយ៉ាងណារឿងអាស្រូវច្រើនណាស់ដែលបង្កឡើងដោយកងទ័ពអាមេរិកនៅក្នុងប្រទេសជប៉ុន។ជាឧទាហរណ៍បញ្ហានៅលើកោះអូគីណាវ៉ា ករណីរំលោភស្ត្រីជនជាតិជប៉ុនដោយកងទ័ពអាមេរិកជាដើម។ ដូច្នេះហើយទើបរដ្ឋាភិបាលលោក អាបេ សម្លឹងឃើញថាការកែប្រែរដ្ឋធម្មនុញ្ញបន្សល់ទុកតាំងសង្គ្រាមលោកលើកទី២ អាចអោយជប៉ុនក្លាយខ្លួនប្រជាជាតិមួយដែលមានលទ្ធភាព និងស្វ័យភាពគ្រប់គ្រាន់លើវិស័យយោធា មិនចាំបាច់ស្ថិតនៅក្រោមការពារពីប្រទេសដទៃ។
ប៉ុន្តែបើទោះជាហេតុផលទាំងនេះសំខាន់ក៏ដោយ ក៏មិនមែនប្រជាជនជប៉ុនគាំទ្រគោលនយោបាយបង្កើនឥទ្ធិពលយោធាជប៉ុនក្នុងតំបន់ដែរ។ ប្រជាជនជប៉ុនភាគច្រើនប្រឆាំងនឹងគោលនយោបាយសន្តិសុខនិងការពារជាតិរបស់លោកអាបេ។ ដូចដែលឃើញស្រាប់កាលពីអាណត្តិមុនលោក អាបេ ប៉ុនប៉ងបកស្រាយឡើងវិញនូវមាត្រា ៩នៃ រដ្ឋធម្មនុញ្ញ ដើម្បីធ្វើយ៉ាងណាត្រួសត្រាយផ្លូវដល់ជប៉ុនដើម្បីបង្កើតតួនាទីយោធាក្នុងតំបន់ ប៉ុន្តែលោក អាបេ បរាជ័យ ព្រោះតាមរដ្ឋធម្មនុញ្ញជប៉ុនដើម្បីកែប្រែមាត្រាណាមួយ វាត្រូវការសម្លេងគាំទ្រ ២ភាគ៣នៅក្នុងសភា និងការធ្វើប្រជាមតិក្នុងចំណោមប្រជាជនជប៉ុនថែមទៀត។ ផ្ទុយទៅវិញ លោកអាបេ សន្យាហើយថាលោកមិនបោះបង់គោលនយោបាយលោកឡើយ ហើយលោកនឹងព្យាយាមជំរុញអោយប្រជាជនជប៉ុនយល់កាន់តែស៊ីជម្រៅពីគោលបំណងរបស់លោក ហើយចាប់ផ្តើមគាំទ្រគំនិតលោកនាពេលខាងមុខ។ ប៉ុន្តែបួនឆ្នាំសម្រាប់អាណត្តិថ្មីរបស់លោក ហាក់បីជាខ្លីពេកសម្រាប់ការសម្រេចបំណងសើរើរដ្ឋធម្មនុញ្ញសន្តិភាពនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com