លោកអូបាម៉ាមិនចង់ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៊ី
- ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ៤:១១ នាទី រសៀល

ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាត្រៀមចុះហត្ថលេខាលើច្បាប់ថ្មីដោយដាក់ទណ្ឌកម្មជំហានថ្មីទៀតប្រឆាំងនឹងរុស្ស៊ីដែលមានតួនាទីសកម្មក្នុងវិបត្តិអ៊ុយក្រែន។ច្បាប់ថ្មីដែលរង់ចាំប្រធានាធិបតីចុះហត្ថលេខានេះត្រូវបានអនុម័តរួចរាល់តាំងពីថ្ងៃសៅរ៍ដោយសភាទាំងពីររបស់អាមេរិកហើយច្បាប់ថ្មីនេះក្រៅពីដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីក៏មានការផ្តល់ជំនួយដល់រដ្ឋាភិបាលអ៊ុយក្រែនផងដែរ។

លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាហាក់បីដូចជាស្ទាក់ស្ទើរក្នុងការត្រៀមចុះហត្ថលេខាលើច្បាប់ដែលទើបអនុម័តថ្មីដោយសភាឲ្យដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងនឹងរដ្ឋាភិបាលក្រុងម៉ូស្គូដោយសារជម្លោះនៅអ៊ុយក្រែន។
ច្បាប់ថ្មីដែលរង់ចាំហត្ថលេខារបស់ប្រធានាធិបតីអាមេរិកនេះត្រូវបានអនុម័តហើយដោយសភាអាមេរិកតាំងពីចុងសប្តាហ៍មុនហើយច្បាប់ថ្មីនេះក្រៅពីកំណត់ដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ីវាក៏មានកំណត់ពីជំនួយយោធាទៅកាន់រដ្ឋាភិបាលក្រុងគៀវផងដែរ។កាលពីម្សិលមិញនេះអ្នកនាំពាក្យសេតវិមានបានអោយដឹងថាប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ានឹងចុះហត្ថលេខាលើច្បាប់ថ្មីដែលអនុម័តដោយសភាដែលច្បាប់ថ្មីនេះនឹងបន្ថែមទណ្ឌកម្មប្រឆាំងក្រុមហ៊ុនរដ្ឋរុស្ស៊ីមិនអោយចូលទីផ្សារហិរញ្ញវត្ថុនិងបច្ចេកវិទ្យាលោកខាងលិចព្រមទាំងបើកផ្លូវអោយរដ្ឋាភិបាលអាមេរិកបញ្ជូនជំនួយប្រមាណ៣៥០លានដុល្លារអាមេរិកទៅដល់រដ្ឋាភិបាលក្រុងគៀវដើម្បីដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យខាងលើបានបញ្ជាក់ថាទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ីនឹងផ្តោតលើវិស័យសំខាន់ៗដែលទ្រទ្រង់សេដ្ឋកិច្ចរបស់រុស្ស៊ីរួមមានវិស័យការពារជាតិវិស័យថាមពលនិងវិស័យធនាគារផងដែរ។យ៉ាងណាក៏ដោយមន្ត្រីខាងលើបានបញ្ជាក់ថាលោកអូបាម៉ាគ្មានចេតនាចង់ចុះហត្ថលេខាលើច្បាប់ថ្មីដែលដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីបន្ថែមឡើយព្រោះវាអាចបង្កអោយមានបញ្ហាប្រឈមមុខដាក់គ្នាខ្លាំងរវាងរុស្ស៊ីនិងអាមេរិក។ហើយណាមួយទណ្ឌកម្មថ្មីនេះបង្ហាញថាអាមេរិកបានចេញមុខចេញមាត់ខ្លាំងជាងបណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដូជាសហភាពអឺរ៉ុបដែលនៅរក្សាជំហរមិនទាន់ដាក់ទណ្ឌកម្មបន្ថែមប្រឆាំងក្រុងម៉ូស្គូនៅឡើយ។
ប៉ុន្តែបញ្ហានៅត្រង់ថាលោកអូបាម៉ាមិនអាចប្រើសិទ្ធិជំទាស់របស់លោកប្រឆាំងច្បាប់ថ្មីដែលអនុម័តដោយសភាទាំងពីរនោះឡើយព្រោះច្បាប់បានអនុម័តឡើងដោយគ្មានសំឡេងជំទាស់ឡើយដូច្នេះមានន័យថាសិទ្ធិជំទាស់របស់លោកអូបាម៉ាគ្មានប្រសិទ្ធិភាពនោះទេ។គេមើលឃើញថាទណ្ឌកម្មថ្មីរបស់ក្រុងវ៉ាស៊ីនតោនដាក់ចេញស្របពេលដែលសេដ្ឋកិច្ចរុស្ស៊ីប្រឈមមុខជាមួយបញ្ហាដោយតម្លៃរូបីយវត្ថុរុស្ស៊ីធ្លាក់ថ្លៃទុនវិនិយោគនៅរុស្ស៊ីបន្តរត់ចេញពីរុស្ស៊ីនិងតម្លៃប្រេងកាន់តែបន្តធ្លាក់ថ្លៃខ្លាំង។យ៉ាងណាក៏ដោយមន្ត្រីក្រុងម៉ូស្គូបានរិះគន់លោកខាងលិចជាពិសេសគឺគម្រោងដាក់ទណ្ឌកម្មថ្មីរបស់ក្រុងវ៉ាស៊ីតោនតែម្តង។
កាលពីម្សិលមិញនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកSergei Lavrovបានចេញមុខជាថ្មីដោយលើកឡើងថាទណ្ឌកម្មលោកខាងលិចមិនត្រឹមតែធ្វើអោយរុស្ស៊ីអាចបន្តរស់បានដោយខ្លួនឯងឡើយប៉ុន្តែវានឹងធ្វើអោយរុស្ស៊ីកាន់តែខ្លាំងឡើងថែមទៀត។
ប្រមុខការទូតរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថាវាមិនមែនជារឿងចម្លែកនិងជាលើកទីមួយឡើយដែលរុស្ស៊ីប្រឈមមុខជាមួយបញ្ហាហើយតាមប្រវត្តិសាស្ត្រកន្លងមករុស្ស៊ីធ្លាប់ប្រឈមមុខជាមួយបញ្ហាធ្ងន់ធ្ងរជាងពេលនេះទៅទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com