ចិនសរសើរប៉ូលីសហុងកុងដែលទប់ស្កាត់ក្រុមបាតុករប្រជាធិបតេយ្យ
- ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១:៤៧ នាទី រសៀល

រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញការគាំទ្រ និងកោតសរសើរអាជ្ញាធរទឹកដីពាក់កណ្តាលស្វយ័តក្រុងហុងកុង ដែលបន្តការពារសណ្តាប់ធ្នាប់បានល្អ និងទប់ទល់ក្រុមបាតុករគាំទ្រប្រជាធិបតេយ្យដែលបន្តបាតុកម្មប្រឆាំងអាជ្ញាធរបច្ចុប្បន្ន។ ការថ្លែងសរសើរក្រុមបាតុករកើតឡើងស្របពេលដែលមេដឹកនាំចិនបានជួបពិភាក្សាជាមួយមេដឹកនាំក្រុងហុងកុង។

លោក ជាវ សំណាង លម្អិតព័ត៌មាននេះ
រដ្ឋាភិបាលចិនបានប្រកាសគាំទ្រអាជ្ញាធរក្រុងហុងកុង ហើយបានកោតសរសើរអាជ្ញាធរក្រុងហុងកុងដែលបានរក្សាការពារសណ្តាប់ធ្នាប់និងស្ថេរភាពបានល្អ ចៀសផុតពីបញ្ហាដែលបង្កដោយចលនាបាតុម្មរបស់សិស្សនិស្សិតគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបន្តទាមទារសិទ្ធិបោះឆ្នោតពេញលេញនៅហុងកុងឆ្នាំ២០១៧។
ការថ្លែងកោតសរសើរអាជ្ញាធរនៃអតីតដែនដីអាណានិគមអង់គ្លេសនេះកើតឡើង នៅពេលដែលនាយករដ្ឋមន្ត្រីចិនលោក Li Keqiangបានជួបពិភាក្សាជាមួយមេដឹកនាំក្រុងហុងកុងកាលពីម្សិលមិញនេះ។ បច្ចុប្បន្នេះ បើទោះជាក្រុមបាតុករបន្តបាតុកម្មដោយទាមទារអោយអាជ្ញាធរក្រុងប៉េកាំងផ្តល់សិទ្ធិបោះឆ្នោតដល់ពួកគេពេញលេញក៏ដោយ ក៏ចិននៅតែទាត់ចោលសំណើរនោះ ដោយបន្តអនុវត្តគោលនយោបាយខ្លួនក្នុងការជ្រើសរើសប្រមុខស្ថាប័នប្រតិបត្តិនៅហុងកុងដដែរ។
ក្នុងជំនួបជាមួយមេដឹកនាំហុងកុងលោក Leung Chun-yingដែលបានទស្សនកិច្ចនៅចិនតាំងពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីចិនខាងលើបានប្រកាសជំហរយ៉ាងមុតមាំថាចិននឹងមិនប្តូរគោលនយោបាយចំពោះទឹកដីហុងកុងឡើយ ហើយលោកកោតសរសើរការខិតខំប្រឹងប្រែងរបស់ក្រុងហុងកុង មិនភ័យខ្លាចការលំបាកក្នុងការជំរុញអោយមាននូវសន្តិសុខ ទប់ស្កាត់ភាពចលាចល និងអស្ថិរភាពនៅក្នុងតំបន់បានដោយជោគជ័យ។ចិនកោតសរសើរអាជ្ញាធរហុងកុងដែលអាចរក្សាសណ្តាប់ធ្នាប់នៅក្នុងទីក្រុងហុងកុងបាន ដោយអាជ្ញាធរហុងកុងបានបំបែកក្រុមបាតុករ និងបោសសម្អាតរាល់ទីតាំងបាតុកម្ម។
ម្យ៉ាងវិញទៀតកាលពីម្សិលមិញនេះ កងកម្លាំងប៉ូលីសហុងកុងបានចាប់ខ្លួនក្រុមបាតុករជាច្រើននាក់ដែលបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនិងបិទផ្លូវជាថ្មី។ប៉ូលីសអះអាងថាក្រុមបាតុករបានធ្វើអោយបាត់បង់សណ្តាប់ធ្នាប់និងបង្កភាពអនាធិបតេយ្យខ្លាំងដោយការបិទផ្លូវបង្កភាពកកស្ទះដល់ការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់។ប៉ូលីសបានសង្កត់ធ្ងន់ថាក្រុមបាតុករទាំងនោះកំពុងស្ថិតក្រោមការឃុំខ្លួនដោយពួកគេរងការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយវាយប្រហារលើមន្ត្រីប៉ូលីសបង្កភាពចលាចលបាត់បង់សណ្តាប់ធ្នាប់ក្នុងតំបន់ជាដើម។
គួរបញ្ជាក់ថាចលនាបាតុកម្មអហិង្សារបស់សិស្សនិស្សិតនៅតំបន់ពាក់កណ្តាលស្វយ័តហុងកុងកើតមានឡើងដើម្បីទាមទារសិទ្ធិបោះឆ្នោតពេញលេញសម្រាប់ឆ្នាំ២០១៧ខាងមុខ។ក្រុមបាតុករមិនចង់អោយបេក្ខជនយោបាយឈរឈ្មោះបោះឆ្នោតនៅហុងកុងត្រូវជ្រើសរើសជាមុនដោយគណកម្មាធិការដែលស្និទ្ធនឹងក្រុងប៉េកាំងឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com