ហេតុអ្វីប្រជាពលរដ្ឋត្រូវមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ?
- ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ៤:៣៩ នាទី រសៀល

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការកែសម្រួលក្នុងការយកពន្ធលើប្រាក់បៀវត្សរ៍ សម្រាប់ឆ្នាំ២០១៥ ដែលនេះគឺជាការធ្វើវិសោធនកម្មលើច្បាប់សារពើពន្ធដែល ត្រូវបានប្រកាសឲ្យប្រើកាលពីឆ្នាំ ១៩៩៧ មកនោះ។ ក្រោយពេលដែលបទប្បញ្ញត្តិថ្មីនេះ ត្រូវបានចេញផ្សាយជាសាធារណៈមកនោះ ពលរដ្ឋជាច្រើនបានសម្ដែងនូវការចាប់អារម្មណ៍ និងបានចោទជាសំណួរឡើងថា តើពួកគេនឹងទទួលបានផលអ្វីមកវិញ ប្រសិនបើពួកគេបង់ពន្ធជូនរដ្ឋនោះ?

ដូច្នេះ ដើម្បីស្វែងយល់ថា តើហេតុអ្វីប្រជាពលរដ្ឋចាំបាច់ត្រូវមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋនោះ? លោក បាន សំរេច អ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ បានជួបសម្ភាសន៍ជាមួយ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ដែលមានជំនាញផ្នែក គណនេយ្យ សវនកម្ម និងពន្ធដារ ព្រមទាំងជាអតីតមន្ត្រីពន្ធដារផងដែរនោះ បានពន្យល់ពាក់ព័ន្ធនឹងកាតព្វកិច្ចបង់ពន្ធដូចតទៅ៖
លោក បាន សំរេច ៖ តើហេតុអ្វីបានជាប្រជាពលរដ្ឋក្នុងប្រទេសមួយ ចាំបាច់ត្រូវបង់ពន្ធជូនរដ្ឋ?
លោក ហេង វ៉ាន់ដា៖ សេដ្ឋកិច្ចទីផ្សារសេរី គឺជាសេដ្ឋកិច្ចឯកជនភាវនីយកម្ម ដែលរដ្ឋមិនអាចរកស៊ីដោយខ្លួនឯងបាន ដូចសេដ្ឋកិច្ចសង្គមនិយមបែបកាល់ម៉ាក្ស-លេនីន នោះឡើយ។ ហេតុនេះ រាល់ការរកស៊ីប្រកបអាជីវកម្មទាំងអស់ គឺរដ្ឋត្រូវប្រគល់សិទ្ធិទៅឲ្យប្រជាពលរដ្ឋ ហើយរដ្ឋជាអ្នកដកហូតពន្ធពីសកម្មភាពអាជីវកម្មទាំងនោះវិញ។ នេះគឺជាកាតព្វកិច្ចដែលប្រជាពលរដ្ឋទាំងអស់ ត្រូវបង់ជូនរដ្ឋដែលមិនអាចជៀសសផុតឡើយ។
លោក បាន សំរេច ៖ កន្លងមកមានការជជែកគ្នាច្រើនពីបញ្ហាដែលថា តើរដ្ឋយកប្រាក់ពន្ធទៅធ្វើអ្វីខ្លះ? តើប្រជាពលរដ្ឋអាចទទួលបានអ្វីមកវិញដែរឬទេ នៅពេលដែលពួកគាត់បង់ពន្ធជូនរដ្ឋនោះ?
លោក ហេង វ៉ាន់ដា៖ រដ្ឋជាអ្នកធ្វើសេវាកម្មបម្រើជូនប្រជាពលរដ្ឋដូចជា ប៉ូលីសការពារសន្តិសុខ ទាហ៊ានសន្តិសុខជាតិ និងការពារព្រំដែន គ្រូបង្រៀនបម្រើសេវាអប់រំ មន្ទីរពេទ្យបម្រើសេវាសុខភាព ផ្លូវ-ស្ពានបម្រើផ្នែកគមនាគមន៍ …. ជាដើម។ ដូច្នេះប្រាក់ពន្ធដែលប្រជាពលរដ្ឋបង់ជូនរដ្ឋ គឺប្រាក់ពន្ធទាំងនោះ នឹងត្រូវយកទៅបម្រើសេវាជូនប្រជាពលរដ្ឋដោយប្រយោលដូចអ្វីដែលខ្ញុំបានរៀបរាប់ត្រួសៗខាងលើនេះ។ ខ្ញុំចង់បញ្ជាក់ថា គ្មានប្រាក់ពន្ធក្នុងប្រទេសណាមួយនៅលើពិភពលោកនេះ សងត្រឡប់ជូនប្រជាពលរដ្ឋដោយផ្ទាល់នោះឡើយ។
ប្រជាពលរដ្ឋមួយចំនួនធំនៅតែមានចម្ងល់ថា ហេតុអ្វីនៅប្រទេសគេ ប្រជាពលរដ្ឋបង់ពន្ធជូនរដ្ឋរួចហើយដល់ពេលពួកគេ ចាស់ ឈឺ ឬ គ្មានការងារធ្វើ រដ្ឋតែងតែជួយត្រឡប់មកវិញ។ តាមពិត នេះគឺជាការយល់ច្រឡំគ្នា រវាង ប្រាក់ពន្ធ និង ប្រាក់ធានារ៉ាប់រង ឬ ប្រាក់បេឡាសង្គមហើយ។ ប្រាក់ធានារ៉ាប់រង ឬ ប្រាក់បេឡាសង្គម គឺត្រូវបានបេឡាសង្គម ឬ ខាងក្រុមហ៊ុនធានារ៉ាប់រងដកហូតប្រាក់ពីពលរដ្ឋដូចគ្នា តែវាមិនមែនជាប្រាក់ពន្ធនោះឡើយ។ ប្រាក់ធានារ៉ាប់រង ឬ ប្រាក់បេឡាសង្គម ប្រាកដណាស់ ពិតជាសងត្រឡប់មកវិញដោយផ្ទាល់។ ប៉ុន្តែប្រាក់ពន្ធមិនសងត្រឡប់មកវិញដោយផ្ទាល់នោះទេ។
លោក បាន សំរេច ៖ ក្នុងបរិបទប្រទេសកម្ពុជាបច្ចុប្បន្ន តើការយកពន្ធអាចធ្វើឲ្យប៉ះពាល់ដល់ជីវភាព និង សតិអារម្មណ៍របស់ប្រជាពលរដ្ឋដែរឬទេ?
លោក ហេង វ៉ាន់ដា៖ តាមពិតការយកពន្ធ ពិតជាប៉ះពាល់ខ្លះចៀសមិនរួចនោះទេ។ ប៉ះពាល់ដល់ទាំងជីវភាព និង សតិអារម្មណ៍ដល់ប្រជាពលរដ្ឋ។ ហេតុនេះហើយរដ្ឋនានា នៅក្នុងលោក តែងតែព្យាយាមពន្យល់ដល់ប្រជាពលរដ្ឋគេឲ្យយល់ពីកាតព្វកិច្ចបង់ពន្ធនេះ។ ហេតុនេះ មុខវិជ្ជាពន្ធដារ ត្រូវបានគេបញ្ចូលក្នុងកម្មវិធីសិក្សា តាំងពីថ្នាក់កុមារដ្ឋានមកម្ល៉េះ។ នៅទីណាក៏រៀនពីពន្ធ នៅទីណាក៏និយាយពីពន្ធ ម្លោះហើយ ពន្ធ គឺជារឿងធម្មតាទៅហើយ។
លោក បាន សំរេច ៖ កន្លងមកប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនបានយល់ដឹងពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋនោះទេ។ ដូច្នេះតើរដ្ឋគួរមានយុទ្ធសាស្ត្របែបណា ដើម្បីបញ្ជាក់ថា រាល់ការចំណាយប្រាក់ដែលបានមកពីការប្រមូលពន្ធនោះ មានតម្លាភាព?
លោក ហេង វ៉ាន់ដា៖ ដើម្បីបញ្ជាក់ថាការបង់ប្រាក់ពន្ធ ពិតជាបានបង់ចូលថវិកាជាតិមែននោះ ប្រជាពលរដ្ឋត្រូវពិតមើលថា តើការចេញបង្កាន់ដៃទទួលប្រាក់ពិតជាបានពីការសរសេររបស់ ពន្ធដារនៅមុខរបស់យើងមែនឬទេ? បើមន្ត្រីពន្ធពិតជាបានសរសេរមែន ប្រាក់នោះពិតជាចូលថវិកាជាតិហើយ។ នេះគឺសម្រាប់ប្រាក់ពន្ធតាមរបបម៉ៅការ ឬ ពន្ធតាមផ្លូវ។ ចំពោះការប្រមូលពន្ធតាមរបបពិត ឬ ស្វ័យប្រកាសវិញ អគ្គនាយកដ្ឋានពន្ធដារ តម្រូវឲ្យពាណិជ្ជករធំៗដែលជាម្ចាស់ក្រុមហ៊ុនអាជីវកម្ម ត្រូវយកប្រាក់ទៅបង់ចូលធនាគារជាមុនសិនរួចទើបយកលិខិតបង់ប្រាក់នោះទៅជូនរដ្ឋបាលពន្ធដារត្រួតពិនិត្យតាមក្រោយ។ នេះក៏ជាប្រព័ន្ធមួយដែលបញ្ជាក់ពីការបង់សាច់ប្រាក់ចូលថវិកាជាតិមួយផងដែរ។
ជាក់ស្ដែង ខ្ញុំបានឃើញប្រទេសសាំងហ្គាពួរ នៅមន្ទីរពេទ្យឯកជន គេដកហូត GST ( នៅកម្ពុជា VAT) ៧ ភាគរយពីខ្ញុំ គ្រប់ថ្នាំពេទ្យដែលខ្ញុំបានទិញប្រហែលជាម៉ោង ១០ ព្រឹក។ ពេលខ្ញុំត្រឡប់មកវិញ នៅចំណតយន្តហោះប្រហែលម៉ោង ២ រសៀលក្នុងថ្ងៃតែមួយ ខ្ញុំបានបំពេញលិខិតទារត្រឡប់មកវិញ (Claim)ពីអង្គភាពពន្ធដារនៅព្រលានយន្តហោះ។ គេបើកប្រាក់មកឲ្យខ្ញុំវិញ។ នេះជាប្រព័ន្ធដកចុះ-ឡើងមួយដ៏ល្អ។ ប្រព័ន្ធនេះថ្វីត្បិតតែអស់ថ្លៃដើម (Cost) ខ្ពស់បន្តិចនៅពេលគេដំឡើងវា តែវាជាប្រព័ន្ធត្រួតពិនិត្យគ្នាទៅវិញ-មក (Cross-Checking) មួយដ៏ល្អណាស់ ដែលបញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងប្រកបដោយតម្លាភាពនៃការបង់ប្រាក់ពន្ធ។ ប្រព័ន្ធនេះធ្វើឲ្យអ្នកដកហូតពន្ធញញើតនិងធ្វើការកេងបន្លំប្រាក់ពន្ធណាស់។ ប្រព័ន្ធនេះក៏ជួយឲ្យអ្នកបង់ប្រាក់មានជំនឿទុកចិត្តលើការបង់ប្រាក់ពន្ធរបស់គេថា ពិតជាបានបង់ចូលរដ្ឋពិតមែន។ នេះជាតម្លាភាពនៃការបង់ប្រាក់ពន្ធ៕
© រក្សាសិទ្ធិដោយ thmeythmey.com