Pacquiaoថាខ្លួនមានបញ្ហារបួសស្មាស្តាំដែលធ្វើឲ្យខ្លួនវាយមិនដល់កម្រិតកំពូល
- ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ១០:៤០ នាទី ព្រឹក

Manny Pacquiaoបាននិយាយឲ្យដឹងថា រូបគេមានបញ្ហារបួសស្មាខាងស្តាំនាអំឡុងពេលហ្វឹកហាត់កាលពីបីសប្តាហ៍កន្លងមក។ កីឡាករប្រដាល់ហ្វីលីពីនរូបនេះ បន្ថែមថា ស្នងការរៀបចំការប្រកួត បានបដិសេធសំណេររបស់គេចំពោះការប្រើប្រាស់ថ្នាំកាត់បន្ថយការឈឺចាប់នៅមុនប្រកួត។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Today Sports។

ថ្វីត្បិតតែ Pacquiaoយល់ថា ខ្លួនជាអ្នកឈ្នះក្នុងជំនួប The Fight of the Century នៅសង្វៀន MGM Grand Garden Arena ក្នុងទីក្រុងឡាសវេហ្កាស សហរដ្ឋអាមេរិកនាព្រឹកថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០១៥ ក្តី ប៉ុន្តែកីឡាករប្រដាល់ហ្វីលីពីនរូបនេះ លើកឡើងថា បញ្ហារបួសស្មាស្តាំ ជាហេតុដែលនាំឲ្យរូបគេ វាយមិនល្អដល់កម្រិតកំពូល។
Pacquiaoបានលើកឡើងថា បញ្ហារបួសស្មាគេមានលក្ខណៈធ្ងន់ធ្ងរខ្លាំង ដែលអាចឲ្យមានការពន្យានៃជំនួប «Fight of the Century» ប៉ុន្តែមួយសប្តាហ៍មុនការប្រកួតស្ថានភាពរបួសមានសភាពធូរស្រាល។
កីឡាករ Floyd Mayweatherបានក្លាយជាម្ចាស់ខ្សែក្រវាត់នាជំនួបនៃព្រឹត្តិការណ៍ «The Fight of the Century» ក្រោយទទួលបានពិន្ទុជាឯកច្ឆ័ន្ទពីចៅក្រម លើស Manny Pacquiao១១៨-១១០, ១១៦-១១២, ១១៦-១១២។
អ្នកទស្សនាមួយចំនួនយល់ឃើញថា Pacquiaoសក្តិសមជាម្ចាស់ខ្សែក្រវាត់ជាង Floyd ខណៈFloyd ត្រូវបានគេមើលឃើញថា គិតតែពីរត់ពេញសង្វៀន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគប្រដាល់ បានលើកឡើងថា Floyd បានឈ្នះដោយបច្ចេកទេសសុទ្ធសាធ៕
© រក្សាសិទ្ធិដោយ thmeythmey.com