លីកកំពូលៗនៅអឺរ៉ុបរកឃើញម្ចាស់ជើងឯកអស់ហើយ
- ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ១២:៣៦ នាទី រសៀល

ក្លិប Barcelona បានចូលរួមជាមួយ Chelsea, Bayern Munich, Juventus និង Paris Saint-Germain ក្នុងនាមជាម្ចាស់ជើងឯកប្រចាំក្របខណ្ឌកំពូលនៃប្រទេសរៀងៗខ្លួន នារដូវកាលនេះ។

នាជំនួបកាលពីរាត្រីថ្ងៃអាទិត្យ Lionel Messi បានស៊ុតបាល់បញ្ចូលទីតែមួយគ្រាប់លើ Atletico Madrid ដើម្បីនាំឲ្យ Barcelona លើកពាន La Liga របស់អេស្ប៉ាញ ជាលើកទី២៣ ។ ជាមួយនឹងការប្រកួតមួយលើកដែលនៅសេសសល់ Real Madrid បានបញ្ចប់នៅត្រឹមចំណាត់ថ្នាក់លេខ២ បើទោះបីជា Ronaldo បានស៊ុតបាល់បញ្ចូលទី៣គ្រាប់នាជ័យជម្នះ ៤-១ លើ Espanyol ក៏ដោយ។
នៅក្នុងក្របខណ្ឌ La Liga ក្លិប Barcelona និង Real Madrid បានទទួលកៅអីសម្រាប់ព្រឹត្តិការណ៍ Champions League ។ Atletico Madrid រំពឹងបញ្ចប់ចំណាត់ថ្នាក់លេខបី ដោយឈរពីលើ Valencia និង Sevilla ខណៈ Villarreal ចូលទៅវគ្គជម្រុះជុំទីបីនៃក្របខណ្ឌ Europa League។ ក្លិប Cordoba ធ្លាក់ទៅកាន់ក្របខណ្ឌ Segunda Division ខណៈ Granada, Deportivo La Caruna, Eibar និង Almeria ត្រូវប្រជែងគ្នាចេញឲ្យផុតពីការកាត់ចោល។
នៅអង់គ្លេស ជ័យជម្នះ ១-០ លើ Crystal Palace កាលពីសប្តាហ៍មុន បាននាំឲ្យ Chelsea ឈ្នះជើងឯកជាលើកទី៥ និងជាលើកទី៣ក្រោមការដឹកនាំរបស់លោក Jose Mourinho។ Manchester City បានកក់កៅអីផងដែរក្នុងក្របខណ្ឌ Champions League ខណៈ Arsenal មានអាទិភាពខ្ពស់ជាង Manchester United ដោយចូលលេងក្នុងតំបន់អឺរ៉ុបដោយមិនចាំបាច់ប្រកួតជម្រុះ។ សម្រាប់កៅអីនៅក្របខណ្ឌ Europa ក្លិប Southampton មានភាគរយតិចជាង Liverpool និង Tottenham Hotspur។ Burnley និង Queen Park Rangers ត្រូវធ្លាក់ទៅលេងក្របខណ្ឌ Championship ខណៈ Hull City ត្រូវការឈ្នះដាច់ខាតនាការប្រកួតចុងក្រោយ ហើយរំពឹងថា Sunderland និង Newcastle ចាញ់ការប្រកួតរបស់ខ្លួន។
នៅអាល្លឺម៉ង់ Bayern Munich ឈ្នះពាន Bundesliga ជាលើកទី២៥ ដែលជាកំណត់ត្រា។ Wolfsburg និង Borrussia Monchengladbach មានឈ្មោះក្នុងក្របខណ្ឌ Champions League ខណៈ Bayer Leverkusen ចូលក្នុងវគ្គប្រកួតជម្រុះ។ Schalke 04 មានកៅអីរួចហើយនៅក្របខណ្ឌ Europa League ខណៈ FC Augsburg មានប្រៀបជាង Borussia Dormund និង Werder Bremen ក្នុងការបង្ហាញវត្តមាននៅក្របខណ្ឌលំដាប់ទី២នៅអឺរ៉ុប។ ក្រុម VfB Stuttgart, Hamburger SV, SC Paderborn 07 ប្រឈមនឹងការកាត់ចេញទៅក្របខណ្ឌ 2.Bundesliga ខណៈ Hertha BSC, SC Freiburg និង Hannover 96 ក៏មិនទាន់មានសុវត្ថិភាព១០០ភាគរយនោះដែរ។
ងាកទៅអ៊ីតាលីវិញ Juventus បានក្លាយជាជើងឯក Seria A ជាលើកទី៣៣ ខណៈ Roma និង Lazio ត្រូវប្រឹងប្រែងរៀងៗខ្លួនដណ្តើមយកចំណាត់ថ្នាក់លេខ២ ។ Napoli, Genoa និង Fiorentina រំពឹងមានឈ្មោះក្នុងក្របខណ្ឌ Europa League ប៉ុន្តែឱកាសក៏អាចមានផងដែរសម្រាប់ Sampdoria និង Inter Milan។ ក្លិបដែលធ្លាក់ទៅលេងក្របខណ្ឌ Serie B មាន Cagliari, Cesena និង Parma។
ដោយឡែកនៅបារាំង ក្លិប Paris Saint-Germain ការពារតំណែងជើងឯក Ligue 1 រយៈពេលបីរដូវកាលជាប់គ្នា និងជាជើងឯកទី៥ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ Lyon ទទួលបានចំណាត់ថ្នាក់លេខ២ ខណៈ Monaco រំពឹងធ្វើបានលទ្ធផលល្អដើម្បីចូលវគ្គជម្រុះ Champions League ដោយទុកឲ្យ Marseille និង Sainte-Etienne លេងនៅក្របខណ្ឌ Europa។ Evian, Metz និង Lens ធ្លាក់ទៅក្របខណ្ឌ Ligue 2 ។
ក្រៅពីលីកកំពូលនៅអេស្ប៉ាញ អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងបារាំង ក្លិបនៅអឺរ៉ុបផ្សេងទៀត ក៏បានរកឃើញជើងឯកផងដែរ ក្នុងនោះ មាន Benfica (ព័រទុយហ្គាល់) PSV Eindhoven (ហូឡង់) Okympiacos (ក្រិក) Zenit Saint Petersbug (រុស្ស៊ី) Dynamo Kyiv (អ៊ុយក្រែន) ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com