Mane បំបែកកំណត់ត្រា Fowler ក្នុងការស៊ុតបាល់បញ្ចូលទីបីគ្រាប់លឿនបំផុតនៅ Premier League
- ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ៩:៣១ នាទី ព្រឹក

Guinness World Records បានដាក់ឈ្មោះSadio Mane ចូលក្នុងកំណត់ត្រា បន្ទាប់ពីខ្សែប្រយុទ្ធសេណេហ្គាល់រូបនេះ បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងរយៈពេល៣នាទី នាជ័យជម្នះ៦-១ របស់ក្រុម Southampton លើ Aston Villa នាការប្រកួតក្របខណ្ឌ English Premier League កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ ។

ការរកបានបីគ្រាន់ក្នុងរយៈពេល ២នាទី និង៥៦វិនាទី បាននាំឲ្យ Sadio Mane វ័យ២១ឆ្នាំ ជំនួសតំណែងរបស់ Robbie Fowler ដែលរកបានបីគ្រាប់ឲ្យ Liverpool នាជំនួបជាមួយ Arsenal ក្នុងក្របខណ្ឌ Premier League កាលពីឆ្នាំ១៩៩៤ ។ នាពេលនោះ Fowler ប្រើរយៈពេល៥នាទី។
កីឡាករដែលនៅលេខរៀងបន្តបន្ទាប់សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League រួមមាន Gabriel Agbonlahorរកឲ្យ Aston Villa លើ Manchester City កាលពីឆ្នាំ២០០៨ និង Jermaine Dofoeសម្រេចបានសម្រាប់ Tottenham Hotspur លើ Wiganកាលពីឆ្នាំ២០០៩ ដោយប្រើរយៈពេល៧នាទី ខណៈ Ian Wright ប្រើរយៈពេល៩នាទី សម្រាប់ Arsenal ក្នុងជំនួបជាមួយ Ipswich កាលពីឆ្នាំ១៩៩៥ ។
សម្រាប់កីឡាករដែលរកបានបីគ្រាប់លឿនជាងគេក្នុងក្របខណ្ឌបាល់ទាត់អាជីពកំពូល គឺកីឡាករ Tommy Ross ដែលប្រើរយៈពេល៩០វិនាទី ក្នុងជ័យជម្នះ ៨-១ របស់ Ross County លើ Nairn County ក្នុងក្របខណ្ឌស្កុតឡេន Dingwall Ross-shire កាលពីឆ្នាំ១៩៦៤ ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com